(ភ្នំពេញ)៖ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ បានណែនាំប្រជាពលរដ្ឋ ដែលមានលទ្ធភាពទិញផ្ទះ និងដី ត្រូវចេះរៀបចំផែនការហិរញ្ញវត្ថុ ឱ្យបានច្បាស់លាស់ សម្រាប់ទប់ទល់នៅពេលមានវិបត្តិ ជៀសវាងការដាក់ផ្ទះលក់បន្ទាន់ ពេលមានវិបត្តិសកលណាមួយកើតឡើង ជាពិសេសអ្នកដែលមានលទ្ធភាពទិញផ្ទះ និងដី ទុកលក់ចំណេញពេលក្រោយ។

ការលើកឡើងរបស់អ្នកជំនាញហិរញ្ញវត្ថុនេះ ដោយលោកកត់សម្គាល់ឃើញថា ចំនួននៃអ្នកដែលដាក់ផ្ទះលក់កើនឡើងគួរ ឱ្យកត់សម្គាល់ បន្ទាប់ពីមានវិបត្តិសាកលកើតឡើងផ្ទួនៗគ្នា ក្នុងរយៈពេលជាង២ឆ្នាំមកនេះ ដែលធ្វើឱ្យពលរដ្ឋកម្ពុជាជាច្រើន រងផលប៉ះពាល់ និងបាត់បង់ចំណូល និងបង្ខំឱ្យដាក់លក់អចលនទ្រព្យរបស់ខ្លួន ដូចជាផ្ទះ ឬដី ទាំងផ្ទះដែលបានទិញដាច់ និងផ្ទះដែលកំពុងបង់រំលស់ជាមួយបុរី ឬធនាគារ ដើម្បីដោះស្រាយបញ្ហាជីវភាព និងការជំពាក់ធនាគារ ។

បើទោះបីជាអ្នកខ្លះ បានដាក់អចលទ្រព្យទាំងនោះខាត ឬតម្លៃក្រោមទីផ្សារក៏ដោយ ប៉ុន្តែមិនសូវមានអ្នកទទួលទិញវិញនោះឡើយ ដែលនេះ គឺជាមេរៀនមួយសម្រាប់អ្នក ដែលចង់វិនិយោគលើការទិញផ្ទះ និងសម្រាប់ដីសម្រាប់ទុកលក់យកចំណេញ។

លោក ង៉ែត ជូ អ្នកជំនាញផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ និងវិនិយោគ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការដាក់ផ្ទះលក់វិញកើនឡើងនេះ ដោយសារអ្នកដែលទិញភាគច្រើន ហាក់មិនមានផែនការហិរញ្ញវត្ថុច្បាស់លាស់ សម្រាប់ទប់ទល់នឹងវិបត្តិ ស្របពេលបច្ចុប្បន្នការផ្គត់ផ្គង់ផ្ទះមានកំណើន។ ហើយកន្លងមកអ្នកដែលបានទិញផ្ទះ និងដី អាងតែខ្លួនមានលទ្ធភាពចេះតែទិញតៗគ្នា ដោយមិនបានសិក្សា និងមិនបានរៀបចំផែនការហិរញ្ញវត្ថុ សម្រាប់ទប់ទល់ពេលមានវិបត្តិកើតឡើងនោះទេ។

លោកសង្កេតឃើញថា ភាគច្រើនការទិញដី និងផ្ទះ បង់រំសល់របស់ពលរដ្ឋកម្ពុជា គឺមិនមែនបំពេញសេចក្តីត្រូវការ ឬសម្រាប់ភាពចាំបាច់ក្នុងការរស់នៅ និងប្រកបអាជីវកម្មនោះទេ ដែលភាគច្រើន គឺទិញសម្រាប់ទុកលក់ចំណេញ ក្នុងរយៈពេលណាមួយ។ នៅពេលដែលជួបបញ្ហា ឬវិបត្តិសេដ្ឋកិច្ចកើតឡើង ស្របពេលដែលពួកគេមិនបានរៀបចំហិរញវត្ថុឱ្យច្បាស់លាស់ផងនោះ ធ្វើឱ្យពួកគេខ្វះលទ្ធភាពក្នុងការបង់រំលស់ ហេតុនេះត្រូវបង្ខំចិត្តឱ្យដាក់លក់វិញ ហើយលក់តម្លៃក្រោមទីផ្សារ។

លោកពន្យល់ថា ដើម្បីកុំឱ្យជួបបញ្ហានេះ ពលរដ្ឋគួររៀបចំផែនការហិរញ្ញវត្ថុឱ្យបានច្បាស់លាស់ ជាពិសេសសម្រាប់ទប់ទល់ នៅពេលមានវិបត្តិណាមួយកើតឡើង។ ការរទិញលំនៅឋាន ដោយបង់រំលស់ តម្រូវឱ្យអ្នកទិញត្រូវតែមានភាពច្បាស់លាស់ ទៅលើចំណូលប្រចាំខែរបស់ខ្លួន ដែលអាចធានាបានថា មិនអាចប៉ះពាល់ដល់ការចំណាយសម្រាប់ជីវភាពប្រចាំថ្ងៃ ហើយក៏មិនមានបញ្ហាដល់ខ្ទង់ចំណាយ សម្រាប់ការបង់រំលស់ប្រចាំខែផងដែរ ។

លោកពន្យល់បន្ថែមថា «អ្វីដែលជាមេរៀនសម្រាប់ប្រជាពលរដ្ឋ គឺគាត់ត្រូវមានក្បួនខ្នាត និងផែនការហិរញ្ញវត្ថុច្បាស់លាស់ និងត្រូវមានវិធីសាស្រ្តក្នុងការដោះស្រាយ នៅពេលមានបញ្ហាទាល់ច្រកនៅពេលដែលមានវិបត្តិ ថាតើត្រូវដោះស្រាយយ៉ាងម៉េច ដើម្បីបញ្ជៀសនៅក្នុងការលក់បញ្ចុះតម្លៃខ្លាំង លក់ក្រោមថ្លៃដើមដែលនាំឱ្យខាត។ អីចឹងអ្វីដែលចាល់នៅក្នុងទីផ្សារអត់សូវមានអ្នកទិញ ហើយសំបូរអ្នកលក់នៅក្នុងពេលនេះ ទៅមុខទៀតវាអាចនឹងស្រូបយកវិញទេ»

លោកថា ក្នុងពេលដែលមានការដាក់ផ្ទះលក់វិញច្រើនជាងអ្នកទទួលទិញនេះ ប្រសិនបើត្រឹមតម្លៃក្រោមទីផ្សារប្រមាណ១០% ទៅ២០% អាចមិនមែនជាឱកាសល្អអ្នកមានប្រាក់ច្រើន សម្រាប់ទិញទុកលក់ចំណេញនៅពេលក្រោយនោះទេ គួរតែរង់ចាំបន្តិចសិនដោយសារតែបច្ចុប្បន្ននេះ ស្ថានភាពសេដ្ឋកិច្ចហាក់មិនទាន់ល្អប្រសើរវិញនោះទេ បើទោះបីជាជំងឺកូវីដ១៩ បានធូរស្រាលជាងមុនក៏ដោយ ប៉ុន្តែ បញ្ហានយោបាយពិភពលោកនៅមិនល្អប្រសើរ ដែលអាចធ្វើឱ្យពួកគេមានបញ្ហាសម្ពាធហិរញ្ញវត្ថុ។ ប៉ុន្តែប្រសិនបើការដាក់លក់វិញ នៅក្រោមតម្លៃទីផ្សារប្រមាណ៣០% ទៅ៤០% អ្នកដែលមានប្រាក់គួរតែចាប់យកឱ្យនេះ ។

លោកបានផ្តល់រូបមន្តសំខាន់ក្នុងការទិញផ្ទះដោយរំលស់ហើយ ជៀសវាងជួបសម្ពាធផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ គឺតាមរូបមន្តទិញអចលនទ្រព្យតាមលទ្ធភាព «៣០/៣០/៣»

ទី១. ចំនួនប្រាក់បង់រំលស់ប្រចាំខែ មិនគួរលើសពី៣០% នៃចំណូលសរុបរបស់គ្រួសារនោះទេ។ ឧទាហរណ៍ ប្រសិនបើពីរនាក់ប្តីប្រពន្ធ រកបានចំណូល១៥០០ដុល្លាក្នុង១ខែ ការបង់រំលស់ផ្ទះទាំងប្រាក់ដើម និងការប្រាក់មិនគួរលើសពី ៤៥០ដុល្លានោះទេ។

ទី២. បើទោះជាមានគម្រោងបុរីជាច្រើន មិនតម្រូវឱ្យមានបង់ប្រាក់ដំបូងក៏ដោយ (Down Payment Requirement) តែអ្នកគួរសន្សំប្រាក់ឱ្យបាន ៣០%នៃតម្លៃផ្ទះជាមុនសិន មុននឹងសំរេចចិត្តទិញផ្ទះ។ ឧទាហរណ៍ អ្នកទិញផ្ទះតម្លៃ ៦ម៉ឺនដុល្លា អ្នកគួរសន្សំប្រាក់ឱ្យបានយ៉ាងតិច ១៨០០០ដុល្លាជាមុនសិន ដើម្បីជួយឱ្យអ្នកមានលទ្ធភាពបង់រំលស់ទាំងប្រាក់ដើម និងការប្រាក់ប្រចាំខែ ក្នុងកំរិតទាបតាមគោលការណ៍ទី១ ។ ម្យ៉ាងអ្នកអាចបង់រំលស់ផ្ទាល់ជាមួយធនាគារ ព្រោះជាទូទៅមានអត្រាការប្រាក់ទាបជាងអត្រាការប្រាក់បង់រំលស់ជាមួយម្ចាស់គម្រោង (ធនាគារគិតការប្រាក់ចន្លោះ៧% ទៅ៩%ក្នុង១ឆ្នាំ។ រីឯម្ចាស់គំរោង ឬបុរីគិតការប្រាក់ចន្លោះ១០%ទៅ១២%ក្នុង១ឆ្នាំ)។ ម្យ៉ាងការបង់រំលស់ជាមួយធនាគារ បានផ្តល់សុវត្ថិភាពបណ្ណ័កម្មសិទ្ធិខ្ពស់ជាង ការបង់រំលស់ផ្ទាល់ជាមួយម្ចាស់គំរោង។

ទី៣. តម្លៃផ្ទះដែលអ្នកទិញសម្រាប់នៅ មិនគួរមានតម្លៃលើសពី៣ដងនៃចំណូលសរុបប្រចាំឆ្នាំរបស់គ្រួសារអ្នកនោះទេ។ ឧទាហរណ៍ គ្រួសារអ្នកមានចំណូល១ខែ ១៥០០ដុល្លា ក្នុង១ឆ្នាំគ្រួសារអ្នកមានចំណូល ១៨០០០ដុល្លា។ ដូច្នេះផ្ទះដែលអ្នកទិញសំរាប់រស់នៅ មិនគួរមានតម្លៃលើសពី ៥៤០០០ដុល្លានោះទេ៕