(ភ្នំពេញ)៖ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានអះអាងថា ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស នឹងមានការកើនឡើង នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ បើសិនជាគ្មាននូវបញ្ហាសកលអ្វីៗ ដែលបានកើតឡើងបន្ដទៀត។

លោក ស៉ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានសហការជាមួយក្រុមហ៊ុន BOEING ដែលជាក្រុមហ៊ុនផលិតយន្ដហោះដ៏ធំរបស់អាមេរិក ដើម្បីធ្វើការព្យាករណ៍ទីផ្សារកម្ពុជាថា តើពេលណាចំនួនអ្នកដំណើរតាមផ្លូវអាកាស នឹងអាចត្រឡប់មកដូចដើមវិញ នៅឆ្នាំ២០១៩ មុនកូវីដ១៩។

លោក ស៉ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា បន្ទាប់ពីការសិក្សាស្រាវជ្រាវក្រុមហ៊ុន BOEING បានសហការជាមួយអង្គការអាកាសចរស៊ីវិលអន្ដរជាតិ (ICAO), សមាគមន៏ក្រុមហ៊ុនអាកាសចរអន្តរជាតិ (IATA), ក្រុមប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិ និងជាមួយភាគីពាក់ព័ន្ធផ្សេងៗទៀត គឺក្រុមហ៊ុន BOEING បានធ្វើការទស្សទាយថា នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ នឹងទទួលបានចំនួនអ្នកធ្វើដំណើរតាមយន្ដហោះស្មើនឹងឆ្នាំ២០១៩។

លោក ស៉ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «យើងរំពឹងទុកថា ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសនឹងមានការកើនឡើង នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ បើសិនជាគ្មានអ្វីកើតឡើងអ្វីបន្ដទៀត»។

បន្ថែមពីនោះទៀត លោកបានឲ្យដឹងថា នៅក្នុងឆ្នាំ២០២២ គិតត្រឹមខែសីហា ពិនិត្យឃើញថា មានការតភ្ជាប់ក្រុមហ៊ុនអាកាសចរឡើងវិញ ចំនួន២៥ ក្រុមហ៊ុន ក្នុងនោះឃើញថា មានការកើនឡើង អ្នកដំណើរជាលំដាប់ពីមួយខែទៅមួយខែ។

លោកបានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២២ (៨ខែ) ចំនួនអ្នកដំណើរមានការកើនឡើង រហូតដល់ជិត១លាន២សែននាក់ គឺកើនឡើងជិត៦០០ភាគរយ បើធៀបនឹង២០២១ រយៈពេល៨ខែដូចគ្នា ប៉ុន្ដែបើធៀបនឹងឆ្នាំ២០១៩ ដែលជាឆ្នាំមូលដ្ឋានមុនកើតជំងឺកូវីដ-១៩ គឺនៅដក៧២ភាគរយនៅឡើយ។

ចំពោះចំនួនជើងហោះហើរ មានការកើនឡើងជាង១សែន៥ពាន់ជើង នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២២ បើធៀបនឹងឆ្នាំ២០២១ មានការកើនឡើង១២៣ភាគរយ ប៉ុន្ដែបើធៀបនឹងឆ្នាំ២០១៩ នៅដក៧០ភាគរយនៅឡើយ។

ដោយឡែក ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១ មានការថយចុះប្រមាណជាង ១០
ភាគរយ ដោយសារមូលហេតុផ្សេងៗ ប៉ុន្ដែបើធៀបនឹងឆ្នាំ២០១៩ នៅមានការថយចុះប្រមាណជាង ៦០ភាគរយ៕