(ញូវដែលី)៖ ប្រទេសឥណ្ឌាបានឱ្យដឹងថា ប្រេងរបស់រុស្ស៊ីឥឡូវនេះមានចំណែក ១២% នៃការនាំចូលសរុបរបស់ខ្លួន ដែលកើនឡើង ៦ដងធៀបនឹងបរិមាណក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយសារប្រទេសដែលមានសេដ្ឋកិច្ចធំទីបីរបស់អាស៊ីមួយនេះព្យាយាមកាត់បន្ថយអតិផរណាឱ្យត្រលប់មករកគោលដៅវិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សំដីរបស់លោកស្រី Nirmala Sitharaman រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌា ខណៈថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងញូវដែលីនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា៖ «យើងបានបង្កើនការនាំចូលប្រេងពីរុស្ស៊ីយ៉ាងឆាប់រហ័សពី ២% ទៅ ១២%»។ ការថ្លែងរបស់លោកនេះសំដៅលើចំណែករបស់ប្រេងរុស្ស៊ីនៃការនាំចូលប្រេងសរុបរបស់ឥណ្ឌាដែលនាំចូល ៨៥% នៃតម្រូវការប្រេងឥន្ធនៈរបស់ខ្លួន។

ប្រទេសឥណ្ឌាបានក្លាយជាអ្នកទិញដ៏ធំបំផុតសម្រាប់ប្រេងឆៅរបស់រុស្ស៊ី ដោយទាញយកអត្ថប្រយោជន៍ពីការលក់បញ្ចុះតម្លៃ ដើម្បីផ្តល់ភាពធូរស្បើយដល់ស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួន ក្នុងគ្រារដែលអត្រាអតិផរណាកើនឡើង និងទទួលរងឱនភាពពាណិជ្ជកម្មដ៏ច្រើនបំផុតមិនធ្លាប់មាន។

លោកស្រីរដ្ឋមន្ត្រីបានថ្លែងទៀតថា ប្រទេសស្ថិតនៅក្នុងតំបន់អាស៊ីខាងត្បូងមួយនេះបានរក្សាតុល្យភាពដោយជោគជ័យក្នុងការរក្សាទំនាក់ទំនងការទូតជាមួយប្រទេសនានា ខណៈពេលដែលធានាបាននូវតម្រូវការរបស់ប្រទេសជាតិ។

ក្នុងគ្រាដែលឥណ្ឌាទទួលរងសម្ពាធកាន់តែខ្លាំងឡើងឱ្យចូលរួមកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីកំណត់តម្លៃប្រេងរបស់រុស្ស៊ី លោកស្រី Sitharaman បានមានប្រសាសន៍ថា៖ «ទណ្ឌកម្មមាននៅទីនោះ ប៉ុន្តែគ្រប់ប្រទេសទាំងអស់កំពុងស្វែងរកវិធីផ្ទាល់ខ្លួនរបស់ពួកគេដើម្បីដោះស្រាយបញ្ហា និងទទួលបានការផ្គត់ផ្គង់ថាមពលពីរុស្ស៊ី»៕