(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម បានក្រើនរំលឹកដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ អ្នកចែកចាយ ផលិតផលថ្នាំជក់ សូមអនុវត្តឲ្យបានត្រឹមត្រូវ តាមខ្លឹមសារនៃច្បាប់ និងឯកសារគតិយុត្ត ដែលកំពុងមានជាធរមាន នៅក្នុងប្រទេសកម្ពុជា។

តាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ក្នុងរយៈពេលកន្លងមកនេះ អគ្គនាយកដ្ឋាន ក.ប.ប តែងតែទទួលបានពាក្យបណ្តឹងជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងផលិតផលថ្នាំជក់ (បារី) ក្លែងក្លាយ ក្លែងបន្លំម៉ាកដែលប្រព្រឹត្តដោយបុគ្គលមួយចំនួន ដែលបាននិងកំពុងធ្វើចរាចរ ចែកចាយក្នុងប្រទេសកម្ពុជា។

សកម្មភាពទាំងនេះ ជាការបំពានទៅនឹងច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា ច្បាប់ស្ដីពីកិច្ចការពារ អ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង ព្រមទាំងច្បាប់ និងបទប្បញ្ញត្តិជាតិ និងអន្តរជាតិដែលកំពុងនៅជាធរមានផ្សេងៗទៀត ហើយដែលអាចធ្វើឲ្យខាតបង់ផលប្រយោជន៍ សេដ្ឋកិច្ចជាតិប៉ះពាល់ ដល់ទំនុកចិត្តវិនិយោគិនស្របច្បាប់ ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា។

ដើម្បីចូលរួមទប់ស្កាត់ នូវអំពើល្មើសពាក់ព័ន្ធនឹងផលិតផលថ្នាំជក់ (បារី) ក្លែងក្លាយ ក្លែងបន្លំម៉ាក ដែលអាចនៅតែបន្តកើតមានឡើងជាយថាហេតុ និងលើកទឹកចិត្ត ដល់ការធ្វើធុរកិច្ចប្រកបដោយសុចរិតភាព ការប្រកួតប្រជែងប្រកបដោយសមធម៌ ការការពារផលប្រយោជន៍អ្នកប្រើប្រាស់ អគ្គនាយកដ្ឋាន ក.ប.ប. សូមក្រើនរំលឹកដល់លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ អ្នកចែកចាយ ផលិតផលថ្នាំជក់ សូមអនុវត្តឲ្យបានត្រឹមត្រូវ តាមខ្លឹមសារនៃច្បាប់ និងឯកសារគតិយុត្ត ដែលកំពុងមានជាធរមាននៅក្នុងប្រទេសកម្ពុជា។

ក្នុងករណី រកឃើញថា បុគ្គលណាមួយបានប្រព្រឹត្តល្មើសពាក់ព័ន្ធនឹងអំពើនិងការអនុវត្តមិនសុចរិតណាមួយនោះ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដែលជាស្ថាប័នផ្តល់អណត្តិ ដោយច្បាប់ នឹងចាត់វិធានការដោយអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានផ្សេងៗទៀត ដោយមិនមានការលើកលែង។

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម នឹងបន្តសកម្មភាពរបស់ខ្លួន ដោយឈរលើអណត្តិការងារ តាមតួនាទី និងភារកិច្ច ហើយសង្ឃឹមជឿជាក់យ៉ាងមុតមាំ លើកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការជំរុញការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ឲ្យប្រព្រឹត្តទៅបានល្អប្រសើរ និងដើម្បីផលប្រយោជន៍សង្គមជាតិទាំងមូល៕