(ប៉េកាំង)៖ អាជ្ញាធរគយចិនបានឱ្យដឹងនៅថ្ងៃពុធថា កំណើននាំចេញរបស់ប្រទេសចិនបានធ្លាក់ចុះខ្លាំងក្នុងខែសីហា ខណៈភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចកើតមានកាន់តែធ្ងន់ធ្ងរឡើងដោយសារការបិទខ្ទប់យ៉ាងតឹងរ៉ឹងដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ការធ្លាក់ចុះពាណិជ្ជកម្មនេះកើតមានឡើងឡើង នៅពេលដែលតម្រូវការសកលនូវផលិតផលរបស់ចិនធ្លាក់ចុះស្របពេលដែលតម្លៃថាមពលកើនឡើង ហើយសហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងការគំរាមកំហែងនៃការដើរថយក្រោយនៃសេដ្ឋកិច្ច។

ក្នុងពេលជាមួយគ្នានេះដែរ វិស័យអចលនទ្រព្យក្នុងប្រទេសចិនដែលមានទំហំប្រហែលមួយភាគបួននៃសេដ្ឋកិច្ចរបស់ប្រទេសចិន បន្តជួបបញ្ហាដោយក្រុមហ៊ុននានាកំពុងជាប់បំណុលដ៏ច្រើនសន្ធឹកសន្ធាប់។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលគយចិនថា ការនាំចេញទៅក្រៅប្រទេសបានកើនឡើង ៧,១% ធៀបនឹងកំណើន ១៨% នៅក្នុងខែកក្កដា ខណៈដែលការនាំចូលកើនឡើងត្រឹមតែ ០,៣% ប៉ុណ្ណោះធៀបនឹងកំណើន ២,៣%។

អ្នកវិភាគដែលត្រូវបានអង្កេតដោយទីភ្នាក់ងារព័ត៌មាន Bloomberg បានព្យាករថា កំណើននៃការនាំចេញនឹងមាន ១៣% ហើយការនាំចូលនឹងកើនឡើង ១,១%។

ការបិទខ្ទប់ទីក្រុងដើម្បីបង្ការជំងឺកូវីដ-១៩ ជាបន្តបន្ទាប់នៅជុំវិញប្រទេសចិនបានធ្វើឱ្យប៉ះពាល់ដល់ភាពរីករាយរបស់អ្នកប្រើប្រាស់និងទំនុកចិត្តអាជីវកម្ម ខណៈពេលដែលការប្រែប្រួលសីតុណ្ហភាពនៅ តំបន់ធំៗនៃប្រទេសចិនក្នុងរដូវក្តៅនេះបានជំរុញឱ្យមានកង្វះថាមពលសម្រាប់រោងចក្រនានា។

សកម្មភាពរោងចក្ររបស់ប្រទេសចិនបានធ្លាក់ចុះក្នុងរយៈពេលពីរខែជាប់គ្នាគិតត្រឹមខែសីហា ប៉ុន្តែមន្ត្រីមានការបង្ហាញសញ្ញាតិចតួចប៉ុណ្ណោះទាក់ទងនឹងការបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺរាតត្បាតដ៏តឹងរ៉ឹង ដោយទីក្រុងឆឹងទូស្ថិតនៅភាគនិរតីប្រទេសបានបិទទ្វារដែលមានប្រជាជនចំនួន ២១ លាននាក់នៅក្នុងទីក្រុងនោះកាលពីសប្តាហ៍មុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕