(តូក្យូ)៖ ប្រទេសជប៉ុននៅថ្ងៃពុធសប្តាហ៍នេះបានបង្កើនកម្រិតកំណត់ចំនួនភ្ញៀវទេសចរប្រចាំថ្ងៃដែលធ្វើដំណើរចូលក្នុងប្រទេសជប៉ុនពី ២ម៉ឺននាក់ ដល់ ៥ម៉ឺននាក់ ខណៈដែលវិស័យទេសចរណ៍របស់ប្រទេសនេះបាននិងកំពុងធ្លាក់ចុះក្នុងគ្រាដែលមានការគ្រប់គ្រងព្រំដែនតឹងរ៉ឹងដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងរយៈពេលជាង ២ឆ្នាំមកហើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានក្យូដូរបសជប៉ុន។

ដោយចាប់ផ្តើមនៅថ្ងៃដដែលនេះ អ្នកធ្វើដំណើរចូលក្នុងប្រទេសជប៉ុនដែលបានទទួលថ្នាំបង្ការយ៉ាងហោចណាស់បីដង មិនចាំបាច់ធ្វើតេស្តរកជំងឺកូវីដ-១៩ទេក្នុងរយៈពេល ៧២ ម៉ោងបន្ទាប់ពីការចេញដំណើរ និងបង្ហាញភស្តុតាងថា ពួកគេមិនបានឆ្លងមេរោគឡើយ។

ប្រទេសជប៉ុនបានដើរយឺតជាងប្រទេសដែលមានសេដ្ឋកិច្ចធំៗផ្សេងទៀតក្នុងការបើកទ្វារព្រំដែនរបស់ខ្លួនទទួលភ្ញៀវទេសចរ។ ប៉ុន្តែឥឡូវនេះ ភ្ញៀវទេសចរបរទេសក៏ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរដោយមិនមានមគ្គុទ្ទេសទេសចរណ៍ផងដែរ ពោលគឺជាវិធានការមួយដែលអាចលើកទឹកចិត្តអ្នើធ្វើដំណើរឱ្យទៅទស្សនាប្រទេសនេះកាន់តែច្រើន។

ខណៈប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីបីរបស់ពិភពលោកមួយនេះបានបង្ហាញសញ្ញាតិចតួចនៃការស្ទុះងើបឡើងវិញដ៏រឹងមាំ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Fumio Kishida បាននិងកំពុងព្យាយាមជំរុញកំណើនសេដ្ឋកិច្ចដោយការអញ្ជើញភ្ញៀវបរទេសឱ្យទៅទស្សនាកប្រទេសនេះកាន់តែច្រើនដែលនឹងទទួលបានអត្ថប្រយោជន៍ពីការធ្លាក់ថ្លៃខ្លាំងរបស់ប្រាក់យ៉េនជប៉ុន។

ប្រាក់យ៉េនបានធ្លាក់ចុះដល់តម្លៃកម្រិតទាប ១៤៤យ៉េនក្នុងមួយដុល្លារនៅទីក្រុងតូក្យូនៅថ្ងៃពុធ ដែលជាតម្លៃទាបបំផុតក្នុងរយៈពេល ២៤ឆ្នាំ។ ការធ្លាក់ចុះថ្លៃប្រាក់យ៉េន បង្កើតនអំណាចទិញរបស់អ្នកធ្វើដំណើរបរទេសទៅកាន់ប្រទេសជប៉ុនធៀបនឹងរូបិយប័ណ្ណរបស់ពួកគេ ដូចជាប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ ដែលឡើងថ្លៃធៀបនឹងរូបិយប័ណ្ណរបស់ជប៉ុននេះ។

កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ប្រទេសជប៉ុនបានហាមឃាត់អ្នកដំណើរបរទេសនៅទូទាំងពិភពលោកមិនឱ្យចូលក្នុងប្រទេសជប៉ុន ដើម្បីឆ្លើយតបទៅនឹងការលេចចេញវីរុសកូវីដប្រភេទ អូមីក្រុងដែលមានលក្ខណៈឆ្លងខ្លាំង ដែលនាំឱ្យមានការរិះគន់ទាំងក្នុងប្រទេស និងក្រៅប្រទេសចំពោះវិធានការគ្រប់គ្រងព្រំដែនដ៏តឹងរ៉ឹងបែបនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានក្យូដូ៕