(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានថ្លែងប្រាប់ដល់មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) ថា សេដ្ឋកិច្ចកម្ពុជារំពឹងថា មានកំណើនក្នុងរង្វង់៥ភាគរយ ចំណែកអត្រាអតិផរណានឹងថយចុះទាបជាង៥ភាគរយ នៅឆមាសទី២ ឆ្នាំ២០២២នេះ។

ការលើកឡើងរបស់លោក ជា ចាន់តូ ធ្វើឡើងក្នុងឱកាសលោកអនុញ្ញាតឲ្យក្រុមបេសកកម្មមាត្រាទី IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដឹកនាំដោយលោក Alasdair Scott ប្រធានបេសកកម្មរបស់ IMF សម្រាប់កម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ។

លោក ជា ចាន់តូ បានជម្រាបជូនថា «សេដ្ឋកិច្ចកម្ពុជារំពឹងថា មានកំណើនក្នុងរង្វង់៥ភាគរយ ជាមួយនឹងអត្រាអតិផរណាអាចគ្រប់គ្រងបាន ទោះបីជានៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២ បានកើនឡើងក៏ដោយ ចំណែកអតិផរណានៅឆមាសទី២នេះត្រូវបានរំពឹងថា ថយចុះទាបជាង៥ភាគរយ ក្នុងនោះទុនបម្រុងអន្ដរជាតិកម្ពុជា បន្តរក្សាបានក្នុងកម្រិតគ្រប់គ្រាន់ស្មើនឹងប្រមាណ៧ខែនៃការនាំចូលទំនិញ និងសេវា ដែលខ្ពង់ជាងកម្រិតអប្បបរមាដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមានគឺ៣ខែ»

លោកទេសាភិបាលបានបន្ដថា ចំពោះតម្លៃប្រាក់រៀល អត្រាប្ដូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកមានស្ថិរភាពល្អប្រសើរ ដោយមានកម្រិតមធ្យមប្រហាក់ប្រហែលនឹងគ្រាដូចគ្នា ក្នុងរយៈពេល៨ខែដំបូងឆ្នាំ២០២១ ក្រោមបរិការណ៍ដែលសកម្មភាពសេដ្ឋកិច្ច ងើបឡើងជាលំដាប់។ ស្ថិរភាពអត្រាប្ដូរប្រាក់បានរួមចំណែកយ៉ាងសំខាន់ ក្នុងការការពារអំណាចទិញរបស់ចំណូលប្រជាជន ក៏ដូចជាកាត់បន្ថយផលប៉ះពាល់ ពីការកើនឡើងនៃអតិផរណា។

លោកបានបន្ដថា រីឯប្រព័ន្ធធនាគារ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តមានសុខភាពល្អ និងមានភាពធន់នឹងវិបត្តិ ព្រមទាំងបានចូលរួម កាត់បន្ថយផលប៉ះពាល់នៃវិបត្តិកូវីដ១៩ និងគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងដំណាក់កាលងើបឡើងវិញ។ ប្រព័ន្ធធនាគារបានបន្តផ្តល់ឥណទាន ដល់វិស័យឯកជនជាមួយនឹងកំណើន២៣ភាគរយ ហើយក៏បានកៀគរប្រាក់បញ្ញើដោយមានកំណើន១៦ភាគរយផងដែរ។

លោកបានបន្ថែមថា ចំពោះឥណទានរបស់ប្រព័ន្ធធនាគារ បានគាំទ្រការវិនិយោគនៅគ្រប់វិស័យសេដ្ឋកិច្ច ហើយធនាគារជាតិនៃកម្ពុជា បាននិងកំពុងបន្តតាមដានយ៉ាងប្រុងប្រយ័ត្ន លើហានិភ័យនានាជាប្រចាំ។

ក្រោមការអនុវត្តកម្មវិធីរៀបចំឥណទានឡើងវិញ ប្រព័ន្ធធនាគារបានរៀបចំឥណទាន ដល់ក្រុមហ៊ុន សហគ្រាស និងឯកត្តបុគ្គល ដែលរងផលប៉ះពាល់ពីវិបត្តិ ដែលជួយរក្សានិរន្តរភាពនៃអាជីវកម្ម ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជន។ ទន្ទឹមនេះប្រព័ន្ធទូទាត់ក៏ត្រូវបានធ្វើទំនើបកម្ម ផ្អែកលើបច្ចេកវិទ្យាចុងក្រោយដូចជា ប្រព័ន្ធបាគងដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន ដើម្បីបង្កើនប្រសិទ្ធភាពការទូទាត់អេឡិចត្រូនិកនៅកម្ពុជា និងការតភ្ជាប់ជាមួយបណ្តាប្រទេសនៅក្នុងតំបន់។

លោក Alasdair Scott បានឲ្យដឹងថា បេសកកម្មមាត្រាទី IV ជាបេសកកម្មតាមដាន និងវាយតម្លៃសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ IMF ដើម្បីផ្ដល់ជូនអនុសាសន៍គោលនយោបាយ ដល់ប្រទេសជាសមាជិក ក្នុងគោលដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។

លោកក៏បានអបអរសាទររាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារការរាលដាលជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពដែលជាកត្តា ដ៏ចម្បងគាំទ្រដល់ការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា។

លោកទេសាភិបាលក៏បានថ្លែងអំណរគុណចំពោះ IMF ដែលបានជួយផ្តល់ជាអនុសាសន៍គោលនយោបាយ និងជំនួយបច្ចេកទេស ដែលកត្តាទាំងនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធធនាគារ ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស៕