(ភ្នំពេញ)៖ សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) ប្ដេជ្ញាឲ្យអ្នកវិនិយោគិនជប៉ុន បន្តការវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីរួមចំណែកស្តារសេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ-១៩។

ការប្ដេជ្ញានេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី២៤ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ក្រោមការដឹកនាំដោយ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងលោក ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) សមាគមធុរកិច្ចជប៉ុន នៅកម្ពុជា (JBAC) និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជា ដែលមានអ្នកចូលរួមសរុបចំនួនប្រមាណ ១៣០ រូប។

កិច្ចប្រជុំទ្វេភាគីនេះ ជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដែលត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០០៩មក ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចតេជោនាយករដ្ឋមន្រ្តី និងអតីតនាយករដ្ឋមន្រ្តីជប៉ុនឯកឧត្តម ស៊ីនហ្សូ អាបេ (Shinzo Abe) កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧។

ក្នុងស្មារតីរួមគ្នាកែលម្អ និងធ្វើឲ្យប្រសើរឡើង នូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា កិច្ចប្រជុំនេះ បានផ្ដល់នូវឱកាសជូនវិនិយោគិនជប៉ុន លើកឡើងនូវបញ្ហាប្រឈម និងសំណូមពរនានា ជូនភាគីរាជរដ្ឋាភិបាល ដើម្បីធ្វើការបកស្រាយ និងដាក់ចេញនូវដំណោះស្រាយ ឈ្នះ-ឈ្នះ។

ក្នុងកិច្ចប្រជុំលើកទី២៤នេះ ប្រធានបទដែលត្រូវបានលើកមកពិភាក្សារួមមាន៖ (១)- កាតព្វកិច្ចពន្ធរបស់អភិបាលអនិវាសនជន, (២)- ឡូជីស្ទីក (ការពន្លឿនការដាក់ឲ្យដំណើរការមាត់ច្រកព្រំដែនស្ទឹងបត់ នៅក្រុងប៉ោយប៉ែត និងវឌ្ឍនភាពនៃប្រព័ន្ធបញ្ជរជាតិកម្ពុជា ឌីជីថលូបនីយកម្ម និងសាមញ្ញកម្មនៃនីតិវិធីគយ) និង (៣)- ថាមពល (ការកាត់បន្ថយថ្លៃអគ្គិសនី និងការដាច់ចរន្តអគ្គិសនី និងការគាំទ្រលើសកម្មភាព ស្តីពីអព្យាក្រឹតកាបូន)។

លោក សុខ ចិន្តាសោភា បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះមរណភាពរបស់លោក ស៊ីនហ្សូ អាបេ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។

លោករដ្ឋមន្ត្រី បានបន្ថែមថា លោក ស៊ីនហ្សូ អាបេ បានចូលរួមចំណែកយ៉ាងច្រើន ក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ជប៉ុន ជាពិសេសលោកបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងរវាងកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលបានជំរុញឲ្យមានកំណើននៃរំហូរវិនិយោគពីជប៉ុនមកកម្ពុជា។

ដើម្បីបង្ហាញនូវការគោរព និងការអាឡោះអាល័យដល់លោក ស៊ីនហ្សូ អាបេ ដែលជាមិត្តល្អរបស់កម្ពុជា គណៈប្រតិភូជាន់ខ្ពស់កម្ពុជាដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព របស់លោកអតីតនាយករដ្ឋមន្រ្តី នៅទីក្រុងតូក្យូ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។

លោក សុខ ចិន្តាសោភា ក៏បានយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសាជាថ្មី ដល់អ្នកវិនិយោគជប៉ុន ដែលជានិច្ចកាលតែងផ្តល់ទំនុកចិត្ដខ្ពស់ មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដែលជាកត្តាចាំបាច់ ដើម្បីបង្កើតបរិស្ថានអំណោយផល សម្រាប់ការវិនិយោគ និងបានរំលេចពីច្បាប់ស្តីពីវិនិយោគនៃកម្ពុជា ឆ្នាំ២០២១ ដែលជាឯកសារគតិយុត្តិដ៏មានសារៈសំខាន់ ក្នុងការផ្តល់កិច្ចសម្រួល ការលើកទឹកចិត្ត និងការថែទាំវិនិយោគ។

លោក ម៉ាសាហ៊ីរ៉ុ មីខាមី បានសម្តែងនូវការអបអរសាទរ ចំពោះការដាក់ឲ្យប្រើប្រាស់នូវច្បាប់វិនិយោគថ្មី ហើយថ្លែងការកោតសរសើរ និងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័ន ពាក់ព័ន្ធទាំងអស់ដែលកន្លងមក បានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបប្រកបដោយភាពទន់ភ្លន់ចំពោះក្ដីកង្វល់ និងសំណូមពរ របស់វិនិយោគិនជប៉ុន ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែទាំ និងផ្ដល់ភាពកក់ក្ដៅ ដល់វិនិយោគិនគ្រប់រូប។

លោកប្រធានសមាគម JBAC ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីបង្កើតនូវបរិយាកាសវិនិយោគ ដ៏ល្អប្រសើរលើគ្រប់វិស័យ។ លោកប្រធានសមាគម បានជម្រាបជូនអង្គប្រជុំផងដែរ ពីការប្តេជ្ញាចិត្តរបស់វិនិយោគិនជប៉ុន ដើម្បីបន្តការវិនិយោគបន្ថែមទៀត ដើម្បីរួមចំណែកស្តារសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩។

សូមជម្រាបថា គិតត្រឹមខែសីហា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគជប៉ុន ចំនួន១៤៩គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ២.៩ប៊ីលានដុល្លារអាម៉េរិក៕