(ភ្នំពេញ)៖ ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវដែក រ៉ូយ៉ាល់ រេលវេ ម.ក របស់អ្នកឧកញ៉ា គិត ម៉េង កំពុងតែរៀបចំខ្លួន បោះលក់មូលបត្របំណុលតម្លៃ ១០លានដុល្លារ ក្រោយមានការអនុញ្ញាតពីផ្សារមូលបត្រកម្ពុជា (ផ.ម.ក) នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ផ្សារមូលបត្រកម្ពុជា (ផមក) អំពីសេចក្ដីសម្រេចលើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្របំណុលរបស់ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២។

សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា «ផ្សារមូលបត្រកម្ពុជា បានសម្រេចឯកភាពជាគោលការណ៍ លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២»។

ដើម្បីអាចចុះបញ្ជី និងជួញដូរជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក ត្រូវតែទទួលបានការអនុញ្ញាត ឲ្យបោះផ្សាយលក់មូលបត្របំណុល ពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងត្រូវបំពេញនូវលក្ខខណ្ឌផ្សេងៗមួយចំនួនទៀត ពាក់ព័ន្ធនឹងការចុះបញ្ជី នៅផ្សារមូលបត្រកម្ពុជា ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក គឺជាក្រុមហ៊ុនទី៨ហើយ ដែលទទួលបានការអនុញ្ញាត ពីផ្សារមូលបត្រកម្ពុជា ក្នុងការលក់មូលបត្របំណុល។

លោក ហុង សុហួរ បានឲ្យដឹងថា «បន្ទាប់ពីនីតិវិធីនេះ ក្រុមហ៊ុនត្រូវធ្វើការជាមួយនិយ័តករមូលបត្រកម្ពុជា ហើយរំពឹងថាការងារនេះ នឹងអាចចប់រួចរាល់នៅ២ខែទៀត ហើយមូលបត្របំណុល ដែលគ្រោងបោះផ្សាយចំនួន១០លានដុល្លារ»

លោកបញ្ជាក់ថា បើគិតទាំងក្រុមហ៊ុនដែលគ្រោងបោះលក់មូលបត្របំណុលនេះ ទំហំមូលបត្របំណុលមានប្រមាណ ២៩០លានដុល្លារ។

សូមបញ្ជាក់ថា ក្រុមហ៊ុន រ៉ូយ៉ាល់ វេលវេ ម.ក ជាក្រុមហ៊ុនទីមួយ ដែលទទួលបានការឯកភាព ជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្របំណុល នៅផ្សារមូលបត្រកម្ពុជា នៅក្នុងឆ្នាំ២០២២នេះ។

ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៥ និងទទួលបានសម្បទានពីរាជរដ្ឋាភិបាលកម្ពុជា ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី។ រ៉ូយ៉ាល់ រេលវេ ជាក្រុមហ៊ុនតែមួយគត់ដែលបម្រើសេវាកម្មដឹកជញ្ជូនតាមរថភ្លើងរួមមាន ការដឹកជញ្ជូនទំនិញ និងដំណើររថភ្លើងដឹកអ្នកដំណើរ។

បច្ចុប្បន្នក្រុមហ៊ុនមានខ្សែរថភ្លើងពីរខ្សែ ដែលមានប្រវែងសរុប ៦៥០គីឡូម៉ែត្រ ដែលខ្សែទីមួយតភ្ជាប់ពីទីក្រុងភ្នំពេញ ទៅក្រុងព្រះសីហនុ និងខ្សែទីពីរភ្ជាប់ពីទីក្រុងភ្នំពេញ ទៅក្រុងប៉ោយប៉ែត៕