(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នឹងចាប់ផ្តើមបោះផ្សាយ និងធ្វើការដេញថ្លៃមូលបត្ររដ្ឋ លើកទី១ ក្នុងទំហំទឹកប្រាក់១០០ពាន់លានរៀល (ជាង២៤លានដុល្លារអាមេរិក) នៅថ្ងៃទី០៧ ខែកញ្ញានេះ។ នេះបើយោងតាមសេចក្តី ជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ។

ធនាគារជាតិបានបញ្ជាក់ថា ការដេញថ្លៃមូលបត្ររដ្ឋលើកដំបូងនេះ មានទំហំទឹកប្រាក់១០០ប៊ីលានរៀល ឬប្រមាណជិត២៥លានដុល្លារអាមេរិក ជាប្រភេទឥណប្រតិទាន១ឆ្នាំ ដោយក្នុងមួយបណ្ណមានតម្លៃ១លានរៀល ក្នុងអត្រាគូប៉ុង ២%ថេរ ដែលការគិត អត្រាការប្រាក់នេះនឹងធ្វើឡើងរៀងរាល់ ៦ខែម្តង ។

តាមធនាគារជាតិការដេញថ្លៃមូលបត្ររដ្ឋលើកដំបូងនេះ នឹងធ្វើឡើងតាមរយៈប្រព័ន្ធ NBCP ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង២រសៀល ដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាចចូលរួមដេញថ្លៃតាមការកំណត់ ក្នុងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៥ ខែកញ្ញានេះថា សម្រាប់ការលក់មូលបត្ររដ្ឋ ក្នុងដំណាក់កាលដំបូង គឺសម្រាប់តែវិនិយោគិនលក្ខណៈស្ថាប័ន ទើបអាចចូលរួមដេញថ្លៃទិញបាន។ ដោយឡែកសាធារណជន មិនអាចទិញមូលបត្រនេះបាននោះទេ។ តែយ៉ាងណាដែលមិញ សារធារណជន នឹងអាចទិញមូលបត្ររដ្ឋនេះ បាននៅក្នុងដំណាក់កាលទី២ ដែលធ្វើឡើងតាមយន្តការក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើតាមឯកសារគោលនយោបាយបឋម របស់ក្រសួងហិរញ្ញវត្ថុ គឺយើងបែងចែកដំណាក់កាលទី១ ទី២ ហើយដំណាក់កាលទី២ នឹងប្រើប្រាស់យន្តការទីផ្សារ ដើម្បីធ្វើការបោះផ្សាយមូលបត្ររដ្ឋនេះ ប៉ុន្តែការកំណត់ដំណាក់កាលទី២ ពេលណា គឺអាស្រ័យទៅលើការសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលពេលនេះយើងទើបដល់ដំណាក់កាលទី១ទេ គឺយើងប្រើយន្តការតាមរយៈធនាគារជាតិ»

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរបោះលក់មូលបត្ររដ្ឋជាលើកដំបូង នៅឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់៣០០លានដុល្លារអាមេរិក មានគោលដៅពង្រឹងការគ្រប់គ្រង តម្រូវការសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជាពិសេសឆ្លើយតបនឹងតម្រូវការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរួមទាំងគាំទ្រគម្រោងអទិភាព និងចាំបាច់ផ្សេងៗរបស់រដ្ឋាភិបាល។ មូលបត្រដែលនឹងត្រូវបោះផ្សាយនេះ មានបីប្រភេទ គឺប្រភេទឥណប្រតិទាន១ឆ្នាំ ដោយបោះផ្សាយចំនួន២ដង, ប្រភេទប្រភេទឥណប្រតិទាន ៣ឆ្នាំ ដោយបោះផ្សាយចំនួន៤ដង និងប្រភេទប្រភេទឥណប្រតិទាន៥ឆ្នាំ ដោយបោះផ្សាយចំនួន២ដង៕