(ក្រុងឡុងដ៍)៖ តម្លៃប្រេងឆៅបានកើនឡើងប្រហែល ១ភាគរយ នៅថ្ងៃអង្គារបន្ទាប់ពីបានធ្លាក់ចុះថ្លៃ ខណៈដែលទីផ្សារកំពុងរង់ចាំមើលស្ថានភាពកិច្ចពិភាក្សាអំពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លែអ៊ែរអ៊ីរ៉ង់ដែលអាចអនុញ្ញាតឱ្យមានការនាំចេញប្រេងរបស់អ៊ីរ៉ង់កាន់តែច្រើន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ តម្លៃប្រេងឆៅក្នុងកិច្ចន្យាជួញដូរអនាគតសម្រាប់ប្រេងប្រភេទ Brent បានកើនឡើង ៧២សេន ឬ ០,៨ភាគរយដល់ ៩៥,៨២ដុល្លារក្នុងមួយបារ៉ែលបន្ទាប់ពីធ្លាក់ចុះដល់កម្រិតទាប ៩៣,២ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងឆៅប្រភេទ WTI កិច្ចន្យាជួញដូរអនាគតបានកើនឡើង ១,០៣ដុល្លារ ឬ ១,២ភាគរយដល់ ៩០,៤៤ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីធ្លាក់ចុះដល់ ៨៧,៨២ដុល្លារ។

តម្លៃប្រេងក្នុងកិច្ចសន្យាទាំងពីរបានធ្លាក់ចុះប្រហែល ៣ភាគរយនៅក្នុងវគ្គជួញដូរមុនពេលឡើងថ្លៃវិញនេះ។

អ្នកនាំពាក្យសហភាពអឺរ៉ុបបានឱ្យដឹងនៅថ្ងៃអង្គារថា សហភាពអឺរ៉ុបកំពុងវាយតម្លៃការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះអ្វីដែលប្លុកសេដ្ឋកិច្ចនេះហៅថាជា «សំណើចុងក្រោយ» របស់ខ្លួនក្នុងការសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ និងកំពុងពិគ្រោះយោបល់ជាមួយសហរដ្ឋអាមេរិក។

កាលពីល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រទេសអ៊ីរ៉ង់បានឆ្លើយតបនឹងសំណើនេះ ប៉ុន្តែទាំងក្រុងតេអេរ៉ង់ និងសហភាពអឺរ៉ុបមិនបានផ្តល់ព័ត៌មានលម្អិតអំពីខ្លឹមសារនៃការឆ្លើយតបនេះឡើយ។

លោក Giovanni Staunovo អ្នកវិភាគមកពីក្រុមហ៊ុន UBS ត្រូវបានដកស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «វានៅតែមិនច្បាស់លាស់នូវអ្វីដែលអ៊ីរ៉ង់បានប្រាប់សហភាពអឺរ៉ុបកាលពីយប់មិញ (យប់ថ្ងៃចន្ទ) ដូច្នេះចម្លើយមួយចំនួនអាចមានឥទ្ធិពលដល់លទ្ធផលនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ»