(តូក្យូ)៖ ក្រុមហ៊ុនផលិតសំបកកង់របស់ជប៉ុន Bridgestone Corp បានឱ្យដឹងនៅថ្ងៃពុធថា ខ្លួននឹងវិនិយោគទឹកប្រាក់ចំនួន ២៦,៧លានដុល្លារនៅឆ្នាំ២០៣០ ដើម្បីបង្កើនផលិតភាពនៅចម្ការកៅស៊ូធម្មជាតិរបស់ក្រុមហ៊ុននៅក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីទទួលបានការផ្គត់ផ្គង់វត្ថុធាតុដើមប្រកបដោយនិរន្តរភាព។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្រុមហ៊ុន Bridgestone មានគោលបំណងបង្កើនបរិមាណប្រមូលផលកៅស៊ូធម្មជាតិទ្វេដងមួយនៅលើផ្ទៃដីជាក់លាក់មួយក្នុងឆ្នាំ២០៣៥ បើធៀបនឹងបរិមាណដែលបានព្យាករក្នុងឆ្នាំ២០២២ នេះ។

ក្រុមហ៊ុនបានឱ្យដឹងទៀតថា ទឹកប្រាក់វិនិយោគនេះនឹងត្រូវបានប្រើប្រាស់ដើម្បីដាក់ដាំកូនកៅស៊ូល្អៗ ដែលផ្តល់បរិមាណប្រមូលផលប្រកបដោយស្ថិរភាព ដែលត្រូវបានជ្រើសរើសដោយបច្ចេកវិទ្យាវិភាគហ្សែន និងបច្ចេកវិទ្យាទំនើបផ្សេងទៀត ដូចជាការវិភាគរូបភាពបញ្ញាសិប្បនិម្មិត ដើម្បីធ្វើរោគវិនិច្ឆ័យ និងរកឃើញជំងឺនៅក្នុងដើមកៅស៊ូប៉ារ៉ាជាដើម។

ក្រុមហ៊ុន Bridgestone មានចំការចំនួនពីរក្នុងប្រទេសឥណ្ឌូនេស៊ីចំនួន ១៧ ៩០០ ហិកតានៅកោះស៊ូម៉ាត្រានិង ៦ ០០០ហិកតាទៀតនៅកោះកាលីម៉ាន់តាន់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕