(ភ្នំពេញ)៖ រដ្ឋ និងវិស័យឯកជន ជំរុញឱ្យអ្នកវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម ងាកមកធ្វើអាជីវកម្មណា ដែលពាក់ព័ន្ធនឹងកិច្ចការពារបរិស្ថាន និងការប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដើម្បីទទួលបានមូលនិធិពីប្រទេសហូឡង់ សម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន ខណៈប្រទេសនេះគ្រោងផ្តល់ថវិកាប្រមាណ ១៦០លានអឺរ៉ូ (ប្រហែល១៦៣លានដុល្លារ) ទៅដល់ក្រុមហ៊ុនឯកជន ដែលធ្វើអាជីវកម្មជួយដល់បរិស្ថាន។

មូលនិធីហូឡង់សម្រាប់អាកាសធាតុ និងការអភិវឌ្ឍន៍ ហៅកាត់ថា (DFCD) បានប្រកាសផ្តល់ថវិកាប្រមាណ ១៦០លានអឺរ៉ូ សម្រាប់ការវិនិយោគ របស់វិស័យឯកជននៅក្នុងគម្រោងនានា ក្នុងគោលបំណងបន្ធូរបន្ថយ និងបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីឱ្យវិស័យ ឯកជន ចូលរួមចំណែក ក្នុងការដោះស្រាយ និងប្រឆាំងទៅការប្រែប្រួលអាកាសធាតុ។

ថ្លែងក្នុងសិក្ខាសាលាស្តីពីព្រឹត្តិកាណ៍ផ្គូរផ្គងរបស់គម្រោង DFCD នាថ្ងៃទី១០ ខែសីហានេះ លោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា គម្រោងដែលចូលរួមពង្រឹងសមត្ថភាព សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជាគម្រោងវិនិយោគលើវិស័យថាមពលកកើតឡើងវិញ គម្រោងអភិរក្សព្រៃឈើ គម្រោងកសិឧស្សាហកម្មដែលមាននិរន្តភាព គឺសុទ្ធតែជាគម្រោងដែលមានសក្តានុពលខ្ពស់ ដែលអាចដាក់សំណើ និងចូលរួមអនុវត្តក្នុងគម្រោងនេះ ដើម្បីចូលចំណែកជួយដល់សេដ្ឋកិច្ចសង្គម បង្កើតការងារ ការផ្ទេរបច្ចេកវិទ្យា និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលជាមូលហេតុនៃការប្រែប្រួលអាកាសធាតុ។

លោកបានបញ្ជាក់ថា «ហូឡង់បានផ្តល់ថវិកា ១៦០លានអឺរ៉ូនេះ គឺកម្រិតពិភពលោកទេ ប៉ុន្តែអត់កំណត់ថា ប្រទេសណាបានប៉ុន្មានទេ បានន័យថា បើយើងធ្វើមុនគេ យើងបានមុនគេ។ អីចឹងគម្រោងនេះ គឺជាការចូលរួមរបស់វិស័យឯកជន នៅក្នុងការដោះស្រាយការប្រែប្រួលអាការធាតុ។ ដោយឡែកតួនាទីរបស់ស្ថាប័នរដ្ឋ ក៏ដូចជាក្រសួងបរិស្ថាន គាំទ្រការអនុវត្តគម្រោងនេះ ដើម្បីធ្វើមិចឱ្យគម្រោងដែលស្នើឡើង អនុលោមទៅនឹងអទិភាពរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ផ្សេងៗ។ [...] យើងត្រូវតែយល់ច្បាស់ពីលក្ខខណ្ឌរបស់គេ ថាតើលក្ខខណ្ឌក្នុងការទទួលបានថវិកាយ៉ាងម៉េចខ្លះ ត្រូវតែយល់ឱ្យច្បាស់ និងធ្វើទៅតាមគោលការណ៍ណែនាំរបស់គេ តែសំខាន់គម្រោងត្រូវតែរួមចំណែកអនុវត្តសកម្មភាព ដែលដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅកម្ពុជា និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម បង្កើតការងារ លើកកម្ពស់សេដ្ឋកិច្ចប្រជាជន និងការពារបរិស្ថាន គឺសុទ្ធតែជាលក្ខណៈវិនិច្ឆ័យរួម»

លោក តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ប្រសិនបើវិស័យឯកជនអាចទទួលបានមូលនិធិនេះ នឹងទទួលបានផលទាំងអស់គ្នា ក៏ដូចជាពង្រឹងនូវអាជីវកម្មរបស់ខ្លួន និងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាថែមទៀតផងដែរ។

ទោះជាយ៉ាងនេះក្តីលោកឡើងឡើងថា លទ្ធភាពរបស់វិស័យឯកជននៅកម្ពុជា នៅក្នុងការទទួលថវិកាពីបានគម្រោងនេះអាចនឹងពិបាក។ ហេតុនេះ លោកលើកទឹកចិត្តឱ្យក្រុមហ៊ុន ដែលវិនិយោគលើវិស័យកសិកម្ម និងវិស័យផ្សេងទៀតគួររួមគ្នា និងសហការជាមួយក្រសួងពាក់ព័ន្ធរួមមាន ក្រសួងកសិកម្ម ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើគម្រោងមួយក្នុងការទទួលបានមូលនិធិនេះ ព្រោះបើក្រុមហ៊ុនតែមួយ ដាក់ស្នើគម្រោងនេះ អាចនឹងពិបាកទទួលបាន។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ដែលបានចូលក្នុងសិក្ខាសាលានេះ បានឱ្យដឹងថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា ចូលរួមកាត់បន្ថយភាពក្រីក្រ បង្កើនជីវភាព និងជួយដល់សេដ្ឋកិច្ចជាតិ ដោយសារតែ គម្រោងនេះមានគោលដៅជួយដល់វិស័យកសិកម្ម ដែលធន់ជាមួយនឹងការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យពួកគេមានលទ្ធភាពទទួលបានទុន ពង្រីកផលិតកម្មរបស់ខ្លួន ដើម្បីនាំចេញ។

លោកបន្តថា ក្រសួងពាណិជ្ជកម្មចូលរួមគាំទ្រ និងលើកទឹកចិត្តដល់ការធ្វើពាណិជ្ជករ ដែលគាំទ្រដល់បរិស្ថាន និងការពារការប្រែប្រួលអាកាសធាតុ ខណៈក្រុមហ៊ុនដែលធ្វើអាជីវកម្ម ដែលគិតពីបញ្ហាបរិស្ថាននៅមានតិចនៅឡើយ ៕