(ហាណូយ)៖ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានឱ្យដឹងថា ប្រទេសវៀតណាមបាននាំចេញអង្ករចំនួន ៤,២លានតោនក្នុងរយៈពេល ៧ខែដំបូងក្នុងឆ្នាំនេះ ដែលកើនឡើង ២០ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

ទោះជាយ៉ាងណា កាសែតនេះបានរាយការណ៍ថា ប្រាក់ចំណូលបានពីការនាំចេញនេះបានកើនឡើងត្រឹមតែ ៩ភាគរយប៉ុណ្ណោះដោយមានតម្លៃសរុបតម្លៃ ២ប៊ីលានដុល្លារ ដោយសារតម្លៃអង្ករពិភពលោកបានធ្លាក់ថ្លៃជាង ១០ភាគរយមកនៅត្រឹម ៤៨៩ដុល្លារក្នុងមួយតោន។

ការនាំចេញអង្កររបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងខ្លាំងគឺ ៦៥,៣ភាគរយ បន្ទាប់មកទៅកាន់ប្រទេសហ្វីលីពីន ដែលជាទីផ្សារកំពូលរបស់ប្រទេសវៀតណាមដោយកើនឡើង ៤៨,៦ភាគរយ។

កាសែត VN Express បានរាយការណ៍ទៀងថា តម្លៃអង្ករក្នុងស្រុកក៏ធ្លាក់ចុះផងដែរ ដោយសារអាកាសធាតុមិនល្អប៉ះពាល់ដល់គុណភាពស្រូវ ហើយតម្រូវការមានកម្រិតទាបបើធៀបនឹងរយៈពេលកន្លងមក។

ក្រុមហ៊ុននាំចេញផ្សេងៗរបស់វៀតណាមបានបន្ថយការទិញពីកសិករ ហើយរង់ចាំរដូវប្រមូលផលកំពូល៕