(ភ្នំពេញ)៖ ចំណូលពីការនាំចេញស្រូវ និងអង្ករ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ ធ្វើឲ្យកម្ពុជា ទទួលបានចំណូលចំនួន៧០៥.១៤លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។

របាយការណ៍ បានបញ្ជាក់ថា ការនាំចេញអង្ករ ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២២ បានចំនួន៣៥០,៩០២តោន គិតជាទឹកប្រាក់ចំនួន២១៨.១៧លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ កម្ពុជាបាននាំអង្ករ ចេញទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥៣ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៥៦ប្រទេស និងបានបរិមាណអង្ករសរុបចំនួន៣៥០,៩០២តោន ដែលក្នុងនោះ រួមមាន៖

* នាំចេញទៅកាន់ប្រទេសចិន ម៉ាកាវ និងហ៊ុងកុង បានចំនួន១៦៩,៧៦៦តោន ស្មើនឹង៤៨.៣៨% នៃការនាំចេញសរុបដែលគិតជាទឹកប្រាក់ចំនួន៨៩.០៩លានដុល្លារសហរដ្ឋអាមេរិក
* នាំចេញទៅកាន់ប្រទេស នៅក្នុងតំបន់សហគមន៍អឺរ៉ុបចំនួន២៥ប្រទេស បានបរិមាណចំនួន១២២,៨៤២តោន ស្មើនឹង៣២% នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់ ចំនួន៨៦.០៨លានដុល្លារសហរដ្ឋអាមេរិក
* នាំចេញទៅកាន់ប្រទេសអាស៊ានចំនួន៤ប្រទេស បានចំនួន២៩,៩៥៧តោន ស្មើនឹង៩% នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់ចំនួន២០.០៨លានដុល្លារសហរដ្ឋអាមេរិក និងបណ្តាលគោលដៅផ្សេងៗទៀត ចំនួន២៤ប្រទេស បានចំនួន២៨,៣៣៧តោន ស្មើនឹង១០.៦២% គិតជាទឹកប្រាក់២២.៩២លានដុល្លារសហរដ្ឋអាមេរិក។

សហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា ការនាំចេញសរុបមានកំណើន១៣.២៤% បើប្រៀបធៀបទៅនឹងការនាំចេញ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នៅក្នុងរយៈពេល៧ខែនេះដែរ អង្ករក្រអូបគ្រប់ប្រភេទ បាននាំចេញចំនួន៦៣.៦៤% អង្ករស ចំនួន៣២.៤២% អង្ករចំហ៊ុយចំនួន២.២៣% អង្ករសរីរាង្គចំនួន១.៧% និងអង្ករដំណើបបានចំនួន២៣តោន។

ក្នុងរយៈពេល៧ខែនេះដែរ កម្ពុជាបាននាំចេញស្រូវទៅប្រទេសវៀតណាម បានចំនួន១,៩៥០,៩៨៦តោន ដែលគិតជាទឹកប្រាក់ប្រមាណជា៤៨៧.២៤លានដុល្លារសហរដ្ឋអាមេរិក៕