(ភ្នំពេញ)៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា តាមការសិក្សាតម្រូវការផលិតផលប្រេងកាតនៅកម្ពុជា នឹងកើនឡើងដល់៤.៨លានតោននៅឆ្នាំ២០៣០ ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលា និងតម្រូវការ ចាំបាច់ទាមទារឲ្យមានការវិនិយោគពីក្រុមហ៊ុន និងវិនិយោគិនផ្សេងបន្ថែមទៀត។

ការលើកឡើងរបស់លោក ស៊ុយ សែម ធ្វើឡើងក្នុងឱកាសបើកសន្និសីទប្រេង ឧស្ម័ន និងថាមពល ដែលសហការរៀបចំដោយក្រុមហ៊ុន Gas AcademyPte. Ltd និងក្រសួងរ៉ែ និងថាមពល នៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ។

លោក ស៊ុយ សែម បានថ្លែងឲ្យដឹងថា «យោងតាមការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា (ERIA) តម្រូវការផលិតផលប្រេងកាត ក្នុងប្រទេសកម្ពុជានឹងកើនឡើងពី ២.៨លានតោន នៅឆ្នាំ២០២០ដល់ ៤.៨លានតោននៅឆ្នាំ២០៣០ និងបន្តកើនដល់ ៨.៣លានតោននៅឆ្នាំ២០៤០ ដែលទាមទារឱ្យមានឱកាសវិនិយោគជាច្រើនថែមទៀតលើវិស័យនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ»

លោកបានបន្ដថា ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏បានលើកទឹកចិត្ត ដល់វិស័យឯកជនជាតិ និងអន្តរជាតិ វិនិយោគលើផ្នែកដោនស្ទីមផងដែរដូចជា ការធ្វើអាជីវកម្មលើការចម្រាញ់ ការនាំចូល ការស្ដុក ការដឹកជញ្ជូន និងការលក់ចែកចាយ ប្រេងកាត និងផលិតផលប្រេងកាត ដើម្បីធានានូវការផ្គត់ផ្គង់ប្រេង និងឧស្ម័នដល់អ្នកប្រើប្រាស់ និងការអភិវឌ្ឍវិស័យផ្សេងៗទៀត។

លោករដ្ឋមន្ត្រីបន្ថែមថា ប្រទេសកម្ពុជាមានប្រវត្តិ នៃការសិក្សាស្រាវជ្រាវលក្ខណៈភូគព្ភសាស្ត្រ ដែលបានធ្វើឡើងដោយក្រុមហ៊ុនប្រេងកាតអន្តរជាតិមួយចំនួន ដូចជា Elf, Esso, Enterprise Oil, PTT, Premier Oil, Chevron, PVEP,
JOGMEC និង MOECO ដោយបានចងក្រងទិន្នន័យស៊ីស្មិកមួយចំនួន និងខួងអណ្ដូងស្វែងរុករកចំនួន៣៤។

ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុន Petroleum Geoscience Service (PGS)
ធ្វើសម្រង់ទិន្នន័យស៊ីស្មិក 2D និង 3D មួយចំនួនទៀតទាំងដែនសមុទ និងដែនគោក កាលពីឆ្នាំ២០០៦ សម្រាប់ជាមូលដ្ឋានក្នុងការចាប់ផ្ដើមសិក្សាស្រាវជ្រាវ សក្តានុពលធនធានប្រេងកាតបន្តទៀត។

លោករដ្ឋមន្ត្រីបន្តថា បច្ចុប្បន្នកម្ពុជាបានរកឃើញធនធានប្រេងកាត នៅដែនសមុទ្រកម្ពុជា នៅប្លុក A ដែលមានលក្ខណៈអាចធ្វើពាណិជ្ជកម្មបាន និងទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កន្លងមកនេះ។ តាមរយៈព្រឹត្តិការណ៍ដ៏សំខាន់នេះ បានប្រែក្លាយកម្ពុជា ទៅជាប្រទេសផលិតប្រងមួយ ក្នុងចំណោមប្រទេសផលិតប្រេងជាច្រើន នៅលើពិភពលោក៕