(ប៉េកាំង)៖ ប្រទេសចិននឹងបង្កើតមូលនិធិវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរដ្ឋមួយដែលមានទឹកប្រាក់ ៥០០ប៊ីលានយន់ (៧៤,៦៩ប៊ីលានដុល្លារ) ដើម្បីជំរុញការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យសេដ្ឋកិច្ចដែលកំពុងអន់ថយងាកមករីកចម្រើនឡើងវិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

សេដ្ឋកិច្ចរបស់ប្រទេសចិនបានចាប់ផ្តើមការស្ទុះងើបឡើងវិញយឺតពីវិបត្តិផ្គត់ផ្គង់ដែលបណ្តាលមកពីការបិទខ្ទប់ទូលំទូលាយចាប់តាំងពីត្រីមាសទី២ ទោះបីជាបញ្ហាប្រឈមចំពោះកំណើនសេដ្ឋកិច្ចនៅតែមានក៏ដោយ ដែលបញ្ហាទាំងនោះរួមទាំងទីផ្សារអចលនទ្រព្យដែលនៅតែបន្តធ្លាក់ចុះ ការចំណាយរបស់អ្នកប្រើប្រាស់ដែលថមថយ និងការភ័យខ្លាចកើតមានរលកឆ្លងជំងឺម្តងទៀត។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីពីប្រភពដែលបានដឹងពីរឿងនេះថា មូលនិធិនេះត្រូវបានរំពឹងថានឹងបង្កើតឡើងនៅក្នុងត្រីមាសទី៣ ឆ្នាំនេះ។ ប្រភទនេះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

ក្រសួងហិរញ្ញវត្ថុ និងគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ (NDRC) របស់ប្រទេសចិនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រទេ។

ប្រទេសចិនបានដាក់ចេញវិធានការគាំទ្រសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បើទោះបីជាអ្នកវិភាគលើកឡើងថា គោលដៅផលិតផលក្នុងស្រុកសរុបផ្លូវការរង្វង់ ៥,៥ ភាគរយសម្រាប់ឆ្នាំនេះនឹងពិបាកសម្រេចបាន បើសិនជានៅតែរក្សាយុទ្ធសាស្ត្រកូវីដសូន្យដ៏តឹងរ៉ឹងរបស់ខ្លួននោះ។

ការគាំទ្រភាគច្រើនសម្រាប់សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះបានមកពីការជំរុញសារពើពន្ធដើម្បីទប់ទល់នឹងផលប៉ះពាល់ពីជំងឺកូវីដ-១៩ នៅឆ្នាំនេះ ដោយធនាគារកណ្តាលបានបន្ធូរបន្ថយលក្ខខណ្ឌសាច់ប្រាក់ជាបន្តដើម្បីកាត់បន្ថយការចំណាយផ្នែកហិរញ្ញវត្ថុ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីលោក Wang Yiming ទីប្រឹក្សាគោលនយោបាយរបស់ធនាគារកណ្តាលដែលបានប្រាប់វេទិកាមួយកាលពីចុងខែមិថុនាថា ប្រទេសចិនប្រឈមមុខនឹងផលលំបាកធំៗក្នុងការសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ច ហើយលោកបានស្នើថា ធនាគារនេះគួរតែពិចារណាបង្កើនឱនភាពថវិកា ឬការបោះផ្សាយប័ណ្ណរតនាគារពិសេស។

លោក Wang បានថ្លែងថា ដើម្បីសម្រេចបានគោលដៅសេដ្ឋកិច្ចពេញមួយឆ្នាំ ប្រទេសចិនត្រូវតែសម្រេចបានកំណើនពី ៧ ទៅ ៨ ភាគរយក្នុងឆមាសទីពីរឆ្នាំនេះ ដែលខ្ពស់ជាង ៣ ទៅ ៤ភាគរយធៀបនឹងអត្រាកំណើនដែលសម្រេចបាននៅក្នុងត្រីមាសទី ៣ និងទី៤ ឆ្នាំមុន។ បាននិយាយថា

លោករំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសចិននឹងកើនឡើងប្រហែល១ ភាគរយនៅក្នុងត្រីមាសទី២ ឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលធ្លាក់ចុះយ៉ាងខ្លាំងពីអត្រា ៤,៨ ភាគរយនៅត្រីមាសទីមួយ៕