(អាប៊ុយដាប៊ី)៖ ប្រទេសឥណ្ឌូនេស៊ី និងអេមីរ៉ាតអារ៉ាប់រួមនៅចុងសប្តាហ៍មុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ និងប្រទេសនៅឈូងសមុទ្រពែក្សដែលផលិតប្រេងដ៏ធំ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា កិច្ចព្រមព្រៀងដែលសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ទៅកាន់ទីក្រុងអាប៊ុយដាប៊ី នឹងលុបចោល ឬកាត់បន្ថយពន្ធច្រើនលើទំនិញភាគច្រើនដែលត្រូវបានជួញដូររវាងប្រទេសមូស្លីមទាំងពីរនេះ។

ក្រសួងសេដ្ឋកិច្ចរបស់អេមីរ៉ាតអារ៉ាប់រួមបានឱ្យដឹងថា ប្រេងដូង ផលិតផលម្ហូបអាហារ សម្លៀកបំពាក់ម៉ូដរបស់ឥណ្ឌូនេស៊ី និងគីមីឥន្ធនៈ ផលិតផលកៅស៊ូ ប្លាស្ទិច និងដែកថែបរបស់អេមីរ៉ាតអារ៉ាប់រួម នឹងទទួលបានអត្ថប្រយោជន៍ពីការកាត់បន្ថយ ឬលុបចោលពន្ធ។

ក្រសួងពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌូនេស៊ីបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះរួមមានជំពូកមួយស្តីពីសេវាកម្ម ការវិនិយោគ កម្មសិទ្ធិបញ្ញា និងការទទួលស្គាល់គ្នាទៅវិញទៅមកទៅលើវិញ្ញាបនបត្រអាហារហាឡាល។ អត្ថបទនៃកិច្ចព្រមព្រៀងនេះមិនត្រូវបានចេញផ្សាយទេ ហើយត្រូវទទួលបានការផ្តល់សច្ចាប័នដោយប្រទេសទាំងពីរ។

យោងតាមតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ការនាំចេញសំខាន់ៗរបស់ឥណ្ឌូនេស៊ីទៅកាន់អេមីរ៉ាតអារ៉ាប់រួម រួមមានប្រេងដូង គ្រឿងអលង្ការ និងលោហៈដ៏មានតម្លៃ ខណៈដែលការនាំចេញរបស់អេមីរ៉ាតអារ៉ាប់រួម ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ភាគច្រើនជាឧស្ម័ន និងប្រេង រ៉ែដែក និងដែក។

អេមីរ៉ាតអារ៉ាប់រួមដែលសម្បូរប្រេង បានបង្កើតទំនាក់ទំនងពាណិជ្ជកម្មកាន់តែជិតស្និទ្ធជាមួយឥណ្ឌូនេស៊ី ដែលជាផ្នែកនៃមហិច្ឆតាក្នុងការបង្កើនសេដ្ឋកិច្ចរបស់ខ្លួនទ្វេដងដល់ ៨១៦ប៊ីលានដុល្លារនៅចុងទសវត្សរ៍នេះ ដែលមួយផ្នែកតាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់អេមីរ៉ាតអារ៉ាប់រួមលោក Abdullah bin Touq បានប្រាប់អ្នកយកព័ត៌មានថា កិច្ចព្រមព្រៀងជាមួយប្រទេសឥណ្ឌូនេស៊ីអាចបង្កើនពាណិជ្ជកម្មមិនមែនប្រេងទ្វេភាគីដល់ ១០ប៊ីលានដុល្លារក្នុងរយៈពេល ៥ឆ្នាំ ពោលគឺកើនឡើងពីប្រហែល ៣ពាន់លានដុល្លារកាលពីឆ្នាំមុន។

រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ីលោក Zulkifli Hasan បាននិយាយថា ទីក្រុងហ្សាការតារំពឹងថានឹងមានការវិនិយោគកាន់តែច្រើនពីអេមីរ៉ាតអារ៉ាប់រួមនៅក្នុងឥណ្ឌូនេស៊ី បន្ទាប់ពីកិច្ចព្រមព្រៀងនេះ ដែលលោកបាននិយាយថានឹងជំរុញការនាំចេញទៅកាន់មជ្ឈិមបូព៌ា និងប្រទេសផ្សេងទៀត។ នេះបើយោងតាមរ៉យទ័រ៕