(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានបន្ថែមប្រទេសឥណ្ឌូនេស៊ីជាប្រភពថ្មីមួយទៀតសម្រាប់ការនាំចូលសាច់មាន់ក្លាសេ សាច់មាន់កក និងសាច់មាន់កែច្នៃ។ នេះបើយោងតាមកាសែត Channel News Asia។

កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់សារបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ ទីភ្នាក់ងារចំណីអាហារសិង្ហបុរី (SFA) នៅថ្ងៃព្រហស្បតិ៍ថា៖ «សាច់មាន់ពីគ្រឹះស្ថានឥណ្ឌូនេស៊ីដែលត្រូវបានអនុម័តឥឡូវនេះអាចត្រូវបាននាំចូលបានហើយ ដោយបន្ថែមលើប្រភពដែលមានស្រាប់ដូចជាប្រេស៊ីល ថៃ និងអូស្ត្រាលី»

ឥឡូវនេះ ប្រទេសជាង២០ ត្រូវបានទទួលស្គាល់ក្នុងការនាំចេញសាច់មាន់ទៅកាន់ប្រទេសសិង្ហបុរី ដែលបាននិងកំពុងធ្វើការដើម្បីធានាការផ្គត់ផ្គង់បន្ថែម បន្ទាប់ពីប្រទេសម៉ាឡេស៊ីបានសម្រេចចិត្ត ដាក់បម្រាមនាំចេញកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំនេះ។ ប្រហែលមួយភាគបីនៃការផ្គត់ផ្គង់សាច់មាន់របស់សិង្ហបុរីនាំចូលពីប្រទេសម៉ាឡេស៊ី។

ការសម្រេចចិត្តអនុម័តទទួលយកប្រទេសឥណ្ឌូនេស៊ីជាប្រភពថ្មីសម្រាប់ការនាំចូលសាច់មាន់នេះបានកើតមានឡើងបន្ទាប់ពីក្រុមការងារសិង្ហបុរីបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសនេះដើម្បីធ្វើសវនកម្មសុវត្ថិភាពចំណីអាហារ និងការគ្រប់គ្រងសុខភាពសត្វរបស់ឥណ្ឌូនេស៊ី។

SFA បានឱ្យដឹងថា ក្រុមការងារបានទៅមើលកន្លែងផ្សេងៗ ដូចជាកសិដ្ឋាន កន្លែងធ្វើចត្តាឡីស័កនិងមន្ទីរពិសោធន៍ផងដែរ ដើម្បីយល់កាន់តែច្បាស់អំពីប្រព័ន្ធបទប្បញ្ញត្តិដែលដាក់ដំណើរការ។

ទីភ្នាក់ងារនេះបានបន្ថែមថា គ្រឹះស្ថាននិងកសិដ្ឋាននីមួយៗចាំបាច់ត្រូវទទួលបានការវាយតម្លៃ និងអនុម័ត ជាមួយនឹងការវាយតម្លៃឯកសារលម្អិត និងសវនកម្មនៅនឹងកន្លែងសម្រាប់ការផ្ទៀងផ្ទាត់ មុននឹងអនុម័តឱ្យមានការនាំចូលទៅកាន់ប្រទេសសិង្ហបុរី។ នេះបើយោងតាមកាសែតេ Channel News Asia៕