(ភ្នំពេញ)៖ ធុរកិច្ចថ្មី ដែលផ្អែកលើបច្ចេកវិទ្យា (technology-based startups) របស់កម្ពុជា បានរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងប្រព័ន្ធការងារពាក់ព័ន្ធគាំទ្រ (supporting ecosystem) ជំរុញដោយគោលនយោបាយ និង ហេដ្ឋារចនាសម្ព័ន្ធតម្រង់ឆ្ពោះទៅរកការអភិវឌ្ឍរបស់វា។ នេះបើយោងតាមរបាយការណ៍ថ្មីមួយ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។

យោងតាមរបាយការណ៍ស្តីពី ប្រព័ន្ធការងារពាក់ព័ន្ធសម្រាប់ធុរកិច្ចថ្មី ផ្នែកបច្ចេកវិទ្យារបស់កម្ពុជា (Cambodia’s Ecosystem for Technology Startups) នេះ ក្នុងនោះមានកម្មវិធីមួយចំនួនរួមមាន៖ សហគ្រិនខ្មែរ (Khmer Enterprise) និង កម្មវិធីថ្នាក់ជាតិធុរកិច្ចថ្មីកម្ពុជា (Startup Cambodia National Program) បានលេចចេញជារូបរាង ដើម្បីជួយដល់ធុរកិច្ចថ្មីក្នុងវិស័យដូចជា វេទិកាឌីជីថលនានា ការផ្តល់មូលនិធិ ផ្លូវការដំបូង (seed funding) និង ការស្រាវជ្រាវ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ត្រូវបានគាំទ្រដោយគោលនយោបាយដូចជា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា (Cambodia Digital Economy and Society Policy Framework)។

សេដ្ឋវិទូរបស់ ADB លោក Paul Vandenberg ដែលជាអ្នកនិពន្ធគោលម្នាក់ នៃរបាយការណ៍នេះ បានថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់យ៉ាងច្បាស់ ពីសារៈសំខាន់នៃធុរកិច្ចថ្មី ផ្នែកបច្ចេកវិទ្យា ក្នុងការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេស។ ដើម្បីសម្រួលដល់ការងារនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការ និងគោលនយោបាយសំខាន់ៗ ដើម្បីគាំទ្រដល់សហគ្រិនទាំងនោះ»

ដូចប្រទេសភាគច្រើនដែរ បច្ចេកវិទ្យាសម្រាប់វិស័យធនាគារនិងហិរញ្ញវត្ថុ (fintech) និង អាជីវកម្ម តាមប្រព័ន្ធអ៊ីនធឺណិត (e-commerce) មានចំនួនច្រើនក្នុងចំណោមធុរកិច្ចថ្មីនៅកម្ពុជា ខណៈដែលធុរកិច្ច ថ្មីដែលផ្តោតលើវិស័យអប់រំ (បច្ចេកវិទ្យាបម្រើវិស័យអប់រំ ឬ edtech) សុខាភិបាល (បច្ចេកវិទ្យាបម្រើវិស័យ សុខាភិបាល ឬ healthtech) កសិកម្ម (បច្ចេកវិទ្យាបម្រើវិស័យកសិកម្ម ឬ agritech) និងបរិស្ថាន (បច្ចេកវិទ្យាបម្រើវិស័យបរិស្ថានបៃតង ឬ greentech) ដែលត្រូវបានចាត់ទុកថា មានផលជះខ្ពស់ដល់ការអភិវឌ្ឍ មានចំនួនតិចនៅឡើយ។ របាយការណ៍នេះ ពិនិត្យមើលលើវិស័យទាំងបួន និងសក្តានុពលរបស់វា ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពនៅកម្ពុជា។

របាយការណ៍នេះ បានឲ្យដឹងថា ការជំរុញការលេចឡើងនៃធុរកិច្ចថ្មី កាន់តែច្រើនក្នុងតំបន់អភិវឌ្ឍន៍សំខាន់ៗ គឺជាបញ្ហាប្រឈមមួយ ព្រោះវាទាមទារឲ្យសហគ្រិនកាន់តែច្រើនផ្តោតលើវិស័យទាំងបួន និងធ្វើការអភិវឌ្ឍវា។ ប៉ុន្តែរដ្ឋាភិបាល ក៏អាចមានតួនាទីក្នុងនោះដែរ ដោយផ្តល់ការគាំទ្រដែលបានកំណត់ ដូចជាការឧបត្ថម្ភសម្រាប់ដំណាក់កាលអាជីវកម្មដំបូង(incubators) និងសម្រាប់ដំណាក់កាល ពង្រីកខ្លួន តាមរយៈការបង្កើតឲ្យមានក្រុមផ្តល់ប្រឹក្សាដែលមានជំនាញក្នុងវិស័យទាំងនោះ និង ការគាំទ្រសកម្មភាពស្រាវ ជ្រាវនៅតាមគ្រឹះស្ថានឧត្តមសិក្សា។

របាយការណ៍នេះ បានបង្ហាញដែរថា ការកំណត់ចំនួនធុរកិច្ចថ្មីដែលសកម្មនៅក្នុងប្រទេស គឺពិបាក ពីព្រោះទីផ្សារប្រែប្រួលជានិច្ច ជាមួយនឹងការបណ្តាក់ទុនថ្មីៗជាបន្តបន្ទាប់ និងអាជីវកម្មចាស់ដែលបរាជ័យ ឬ អសកម្ម។ នៅចុងឆ្នាំ ២០២១ មានធុរកិច្ចថ្មីចំនួន៩០ បានចុះឈ្មោះជាមួយ កម្មវិធីថ្នាក់ជាតិធុរកិច្ចថ្មីកម្ពុជា ខណៈដែលការអនុគ្រោះសំខាន់មួយសម្រាប់ដំណាក់កាលអាជីវកម្មដំបូង មានសមាជិកសកម្មចំនួន១៥០។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឲ្យបាននូវវិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន៦៨ប្រទេស ដែលក្នុងនោះមាន៤៩ប្រទេស មកពីតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕