(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ (Cambodia Angkor Air) នឹងភ្ជាប់ជើងហើរឡើងពីខេត្តសៀមរាប ទៅខេត្តព្រះសីហនុ និងខេត្តដាណាងប្រទេសវៀតណាម ចាប់ពីដើម ខែកក្កដាតទៅ ដើម្បីផ្សារភ្ជាប់ភ្ញៀវទេសចរគ្នាទៅវិញទៅមករវាងតំបន់ទាំងបី បន្ទាប់ពីអាក់ខានអស់រយៈពេល២ឆ្នាំ ដោយការរាតត្បាតនៃជំងឺកូវីដ១៩។

ជើងហោះហើររវាងខេត្តសៀមរាប និងខេត្តដាណាង ប្រទេសវៀតណាម នឹងចាប់ផ្តើមតភ្ជាប់ឡើងវិញ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តាមរយៈជើងហោះហើរដំបូងលេខ K៦៨៤០ ដោយចាកចេញពីខេត្តសៀមរាបនាវេលាម៉ោង ១៥និង៣៥នាទី ដែលចំណាយពេល ២ ម៉ោងដើម្បីទៅដល់ ខេត្តដាណាង។

ក្នុងការបើកឡើងវិញនេះ ក្រុមហ៊ុនធ្វើការហោះហើរបីជើងក្នុងមួយសប្ដាហ៍ ហើយនឹងបង្កើនរហូតដល់ ប្រាំជើងក្នុងមួយសប្ដាហ៍ចាប់ពីខែកញ្ញា ឆ្នាំ ២០២២ និង បន្ថែមរហូតដល់រៀងរាល់ថ្ងៃនាពេលដ៍ខ្លីខាងមុខនេះ ។

លោក លៀវ មិញជុង អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរ អ៊ែរ មានប្រសាសន៍ថា «ក្រុមហ៊ុន កម្ពុជា អង្ករ អ៊ែ ជាអាកាសចរជាតិ និងអាកាសចរតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលទទួលបានវិញ្ញាបនប័ត្របញ្ញាក់សុវត្ថិភាពពីស្ថាប័នអន្តរជាតិហៅកាត់ អាយអូសា (IOSA) យើងមានក្តីសោមន្សសរីករាយបំផុតក្នុងការធ្វើជាស្ពានតភ្ជាប់ក្នុងការផ្លាស់ប្តូរូ វប្បធម៌ សេដ្ឋកិច្ច និង ទេសចរ រវាងប្រទេសកម្ពុជា និង ប្រទេសវៀតណាម ។ បច្ចុប្បន្ននេះក្រុមហ៊ុនមានមោទនភាពយ៉ាងខ្លាំងដែលបានផ្តល់សេវាកម្មយ៉ាងច្រើនរវាងប្រទេសទាំងពីររហូតដល់ជាង ៣០ ជើងហោះហើរ ក្នុងមួយសប្ដាហ៍ មានដូចជា ពីទីក្រុងភ្នំពេញ ទៅ ទីក្រុងហូជីមិញ និងទីក្រុងហាណូយ ពីខេត្តសៀមរាប ទៅ ទីក្រុងហូជីមិញ និង ខេត្តដាណាង ពីខេត្តព្រះសីហនុ ទៅទីក្រុងហូជីមិញ»

ខេត្តសៀមរាប និង ខេត្តដាណាង គឺជាគោលដៅទេសចរណ៍ដ៍ល្បីល្បាញក្នុងតំបន់ឥណ្ឌូចិន ដែលត្រូវបានយាយីដោយសារជំងឺឆ្លងកូវីដ១៩ រយះពេល២ឆ្នាំ ។ ការត្រលប់មកវិញនៃការហោះហើររបស់ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែ សហការជាមួយ ក្រុមហ៊ុនអាកាសចរជាតិវៀតណាមនឹងជួយជំរុញឡើងវិញនូវតំរូវការហោះហើររវាងខេត្តទាំងពីរជាពិសេសទាក់ទាញភ្ញៀវទេសចរមកកម្សាន្តដោយបង្កើតជាប្រទេសពីរក្នុងគោលដៅតែមួយ។

ចំណែកជើងហោះហើររវាង ខេត្តសៀមរាប និងក្រុងព្រះសីហនុ នឹងចាប់ផ្តើមពីថ្ងៃទី២ ខែកក្កដា ដោជើងហោះហើរដំបូងលេខK៦១៣១ ហោះចេញខេត្តសៀមរាបវេលាម៉ោង១៥ និង១០នាទីទៅក្រុងព្រះសីហនុ ដោយចំណាយពេល១ម៉ោង។

ការតភ្ជាប់ជើងហើរជាថ្មីនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការស្តារ និងជំរុញឡើងវិញនូវសហប្រតិបត្តិការណ៍សេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យទេសចរណ៍សម្រាប់ខេត្តទាំងពីរ។

បច្ចុប្បន្ននេះ មានតែក្រុមហ៊ុន អង្គរអ៊ែរតែមួយគត់ដែលផ្តល់សេវាកម្មដឹកជញ្ជូនផ្លូវអាកាសសម្រាប់ជើងហោះហើរក្នុងស្រុក ដោយហោះហើររៀងរាល់ថ្ងៃរវាងទីក្រុងភ្នំពេញ និងសៀមរាប តាំងពីខែកុម្ភៈ ឆ្នាំ២០២២។

សម្រាប់ការហោះហើរ រវាងខេត្តសៀមរាប និងខេត្តព្រះសីហនុមានជើងហើរហោះបីជើងក្នុងមួយសប្តាហ៍។

លោក លៀវ មិញជុង លើកឡើងថា ក្រុមហ៊ុននឹងបង្កើនចំនួនជើងហោះហើរបន្ថែមទៀត សម្រាប់ផ្លូវហោះហើរទាំងពីរនេះ ជាពិសេសនឹងបន្ថែមឱ្យមានការហោះហើររាល់ថ្ងៃរវាងខេត្តសៀមរាប និងខេត្តព្រះសីហនុ ចាប់ពីខែសីហា ឆ្នាំ២០២២៕