(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា អតិផរណាជាមធ្យមប្រចាំត្រីមាសទី១ ឆ្នាំ២០២២ មានអត្រា ៥.៩% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន គឺកើនឡើងទ្វេដង ខណៈឆ្នាំមុនមានអត្រា២.១%។ យោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រចាំត្រីមាសទី១ ឆ្នាំ២០២២ ដែលចេញផ្សាយនៅថ្ងៃទី២៧ មិថុនានេះ។

តាមរយៈទិន្នន័យនេះបង្ហាញថា អត្រាអតិផរណាក្នុងត្រីមាសទី១ នៅឆ្នាំ គឺជាអត្រាដ៏ខ្ពស់មួយដែលមិនធ្លាប់មានពីមុនមក ក្នុងរយៈពេល៧ឆ្នាំចុងក្រផយ ដោយសារតែការកើនឡើងនៃតម្លៃប្រេងសាំង ដែលបង្កឡើងដោយសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា សន្ទស្សន៍ថ្លៃសាច់ជ្រូក បានកើនឡើង៤.៦%, ត្រី ៥.២% ខណៈឧស្ម័ន (Gas) កើន២៨%%, ប្រេងសាំងធម្មតា ៣៧.២% និងប្រេងម៉ាស៊ូត ៤៤.៤%។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន អតិផរណាសម្រាប់ភោជនីយដ្ឋាន ដែលកាលពីឆ្នាំមានត្រឹម ០៣.% បានកើន ៦.២%. ការដឹកជញ្ជូនដែលធ្លាប់មានអត្រា-០.៥% បានកើនឡើងដល់ ១២.១% , សុខាភិបាល ដែលធ្លាប់ស្ថិតក្នុងអត្រា -០.៣% កាលពីឆ្នាំ បានកើនឡើងដល់៣.៨% នៅត្រីមាសទី១ឆ្នាំ។ ចំណែកគ្រឿងសង្ហារឹម សម្ភារៈប្រើប្រាស់ និងការថែទាំ បានកើនឡើងពី ០.៣% ដល់៣.៧%។ សម្លៀកបំពាក់និងស្បែកជើង បានកើនឡើងពី ៣.៦% ដល់៨.៥%។

តែយ៉ាងណាមិញទំនិញ និងសេវាផ្សេងៗ ដែលកាលពីឆ្នាំ២០២១ មានអត្រា៦.១% នៅឆ្នាំនេះ បានថយចុះមក៤.២%, ភេសជ្ជៈមានជាតិស្រវឹង និងថ្នាំជក់បានថយចុះពី១.៥% មក ០.៨% និងអាហារ ភេសជ្ជៈមិនមែនជាតិស្រវឹង បានថយចុះពី៣.១%មក៥.១%វិញ។

ក្រសួងក៏បានបង្ហាញសន្ទស្សន៍ថ្លៃទំនិញសំខាន់ៗ លើទីផ្សារអន្តរជាតិផងដែរ នៅត្រីមាសទី១ ឆ្នាំ២០២២នេះ រួមមាន ប្រេងឆៅ (Brent) ថ្លៃ៩៩ដុល្លារក្នុងមួយប៉ារ៉ែល កើនឡើង៦៣.៤%, កៅស៊ូ (TSR20) តម្លៃ១ ៧៧១,៧ដុល្លារក្នុងមួយតោន
កើនឡើង៥.៩%, មាសថ្លៃ ២ ០៥៥.៤ដុល្លារក្នុងមួយអោន ធ្លាក់ចុះ២១.៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ទន្ទឹមគ្នានេះ សន្ទស្សន៍ថ្លៃថាមពល បានកើនឡើង ១៣៦.៩% និងលោហៈធាតុមានតម្លៃបានកើនឡើង ១.៧%។

ចំណែកអត្រាប្តូរប្រាក់ ក្នុងត្រីមាសទី៣ ជាមធ្យមក្នុងរង្វង់ ៤ ០៧២រៀលក្នុងមួយដុល្លារអាមេរិក កើនឡើង០.១%។

តាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករណ៍ថា ឆ្នាំ២០២២នេះ កម្រិតអតិផរណា ត្រូវបានប៉ាន់ស្មានថា អាចកើនឡើងក្នុងវង្វង់៥% ដោយសារការកើនឡើងខ្ពស់នៃថ្លៃប្រេងអន្តរជាតិ និងថ្លៃទំនិញផ្សេងៗ ដែលបង្កឡើងដោយសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែនឹងថមថយមកវិញនៅរង្វង់២.៥% នៅឆ្នាំ២០២៣ ដោយសារតែការរំពឹងទុក នូវការវិលត្រឡប់ទៅរកប្រក្រតីភាពវិញនៃថ្លៃប្រេង និងទំនិញផ្សេងៗទៀត ក៏ដូចជាសកម្មភាពសេដ្ឋកិច្ច ៕