(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីកាលពីថ្ងៃព្រហស្បតិ៍បានចាប់ផ្តើមនាំចូលថាមពលអគ្គិសនីកកើតឡើងវិញពីប្រទេសឡាវដោយឆ្លងកាត់ប្រទេសថៃ និងម៉ាឡេស៊ី បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញថាមពលរយៈពេលពីរឆ្នាំរវាងក្រុមហ៊ុន Keppel Electric របស់សិង្ហបុរី និងក្រុមហ៊ុនអគ្គិសនីរដ្ឋឡាវ (EDL) របស់ប្រទេសឡាវ។ នេះបើយោងតាមកាសែត Channel News Asia។

កាសែត Channel News Asia បានរាយការណ៍ថា ការនាំចូលអគ្គិសនីតាមរយៈគម្រោងសមាហរណកម្មថាមពលឡាវ-ថៃ-ម៉ាឡេស៊ី (LTMS-PIP) នេះ នឹងនាំចូលអគ្គិសនីរហូតដល់ចំនួន ១០០មេហ្កាវ៉ាត់ (mw) នៃថាមពលកកើតឡើងវិញពីវារីអគ្គីសនីរបស់ឡាវ ដោយប្រើបណ្តាញតភ្ជាប់អន្តរប្រទេសដែលមានស្រាប់ ដែលធ្វើឱ្យការនាំចូលនេះក្លាយជាពាណិជ្ជកម្មអគ្គិសនីឆ្លងដែនពហុភាគីលើកដំបូងពាក់ព័ន្ធនឹងប្រទេសអាស៊ានចំនួនបួន។

ទំហំអគ្គិសនីដែលបាននាំចូលនេះគឺស្មើនឹងប្រហែល ១,៥ ភាគរយនៃតម្រូវការអគ្គិសនីរដូវខ្ពស់បំផុតរបស់ប្រទេសសិង្ហបុរីក្នុងឆ្នាំ២០២០ ដែលគ្រប់គ្រាន់ល្មងដើម្បីផ្តល់ថាមពលដល់ផ្ទះល្វែងដែលមានបួនបន្ទប់ចំនួន ១៤៤ ០០០ល្វែងរបស់ក្រុមប្រឹក្សាផ្ទះ និងអភិវឌ្ឍន៍ (HDB) របស់សិង្ហបុរីសម្រាប់រយៈពេលមួយឆ្នាំ។

កាសែត Channel News Asia ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយរួមគ្នាដោយក្រុមហ៊ុន Keppel Electric ក្រុមហ៊ុន EDL ក្រសួងថាមពលនិងរ៉ែឡាវ និងអាជ្ញាធរទីផ្សារថាមពល (EMA) របស់សិង្ហបុរីថា នេះក៏ជាការនាំចូលថាមពលអគ្គិសនីកកើតឡើងវិញលើកដំបូងទៅកាន់ប្រទេសសិង្ហបុរីផងដែរ។

ស្ថាប័នទាំងបួននេះបានឱ្យដឹងទៀតថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងបួនដែលពាក់ព័ន្ធ ដោយជួយសម្រួលដល់ការអភិវឌ្ឍទីផ្សារជួញដូរអគ្គិសនីក្នុងតំបន់ ការលើកកម្ពស់ការវិនិយោគ និងពង្រឹងសន្តិសុខផ្គត់ផ្គង់អគ្គិសនីក្នុងតំបន់ និងការប្រកួតប្រជែងតម្លៃ។

លោក Ngiam Shih Chun នាយកប្រតិបត្តិអាជ្ញាធរ EMA បានថ្លែងថា៖ «ការចាប់ផ្តើមនាំចូលអគ្គិសនីពីប្រទេសឡាវ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចសហប្រតិបត្តិការថាមពលក្នុងតំបន់របស់យើង។ គម្រោង LTMS-PIP គឺជាគម្រោងដ៏សំខាន់មួយដើម្បីជំរុញពាណិជ្ជកម្មថាមពលពហុភាគីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងដែលមានស្រាប់ ដើម្បីសម្រេចបានចក្ខុវិស័យបណ្តាញថាមពលអាស៊ាន»។

យោងតាមកាសែត Channel News Asia រដ្ឋមន្ត្រីក្រសួងថាមពលនិងរ៉ែឡាវ លោក Daovong Phonekeo មានប្រសាសន៍ថា ឡាវមើលឃើញថាខ្លួនឯងថាជាអ្នកគាំទ្រដ៏សំខាន់នៃថាមពលកកើតឡើងវិញនៅក្នុងតំបន់។

លោករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «យើងបន្តគាំទ្រសហគមន៍សេដ្ឋកិច្ចអាស៊ាន មហាអនុតំបន់មេគង្គ និងការអនុវត្តបណ្តាញថាមពលអាស៊ាន ហើយគម្រោងនេះបង្ហាញថា យើងដើរលើផ្លូវត្រូវ ខណៈដែលយើងលើកកម្ពស់ការអភិវឌ្ឍធនធានថាមពលស្អាត រួមទាំងថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់»៕