(ក្រុងដាក្កា)៖ ប្រទេសបង់ក្លាដែសកំពុងព្យាយាមធានាឱ្យបាននូវការផ្គត់ផ្គង់ស្រូវសាលីពីប្រទេសរុស្ស៊ីនៅក្នុងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល បន្ទាប់ពីឥណ្ឌាដែលជាប្រទេសផ្គត់ផ្គង់ដ៏ធំបំផុតរបស់ខ្លួនបានហាមឃាត់ការនាំចេញគ្រាប់ធញ្ញជាតិនេះកាលពីខែមុនដើម្បីរក្សាតម្លៃក្នុងស្រុក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ប្រភពពីមន្ត្រីរដ្ឋាភិបាលបង់ក្លាដែសកាលពីថ្ងៃពុធថា កិច្ចព្រមព្រៀងផ្គត់ផ្គង់ជាមួយប្រទេសរុស្ស៊ី ដែលជាប្រទេសនាំចេញស្រូវសាលីដ៏ធំបំផុតរបស់ពិភពលោក អាចជួយទីក្រុងដាក្កាឆ្លើយតបទៅនឹងតម្រូវការរបស់ខ្លួនស្ថិតក្នុងតម្លៃក្រោមទីផ្សារសកលដែលបានឡើងថ្លៃ។

មន្ត្រីជាន់ខ្ពស់មកពីក្រសួងស្បៀងអាហាររូបនេះបានឱ្យដឹងថា ប្រទេសបង់ក្លាដែសកំពុងបើកកិច្ចប្រជុំតាមអនឡាញមួយជាមួយរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍ដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះ។ ដោយបានសុំមិនបញ្ចេញឈ្មោះមន្ត្រីដដែលនេះបាននិយាយថា៖ «ជាដំបូង យើងនឹងទិញស្រូវសាលីយ៉ាងហោចណាស់ ២០០ ០០០ តោនពីប្រទេសរុស្ស៊ី»។

ក្រសួងស្បៀងអាហារបង់ក្លាដែស មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអត្ថាធិប្បាយពីទីភ្នាក់ងារព័ត៌មានរ៉យទ័រទេ។

ប្រទេសបង់ក្លាដែសនាំចូលស្រូវសាលីប្រហែល ៧លានតោន ហើយកាលពីឆ្នាំមុនច្រើនជាងពីរភាគបីនៃស្រូវសាលីដែលបាននាំចូល មានប្រភពមកពីប្រទេសឥណ្ឌា។ បន្ទាប់ពីហាមឃាត់ការនាំចេញដោយប្រទេសឥណ្ឌា បង់ក្លាដែសបានព្យាយាមស្វែងរកការផ្គត់ផ្គង់ផ្សេងៗតាមរយៈការដេញថ្លៃអន្តរជាតិ ប៉ុន្តែបានលុបចោលវិញដោយសារតែតម្លៃខ្ពស់។

ឈ្មួញម្នាក់ដែលមានមូលដ្ឋាននៅទីក្រុងបុមបៃ ប្រទេសឥណ្ឌាដែលកំពុងបម្រើការឱ្យក្រុមហ៊ុនជួញដូរលំដាប់ពិភពលោកមួយបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា បង់ក្លាដែសបានចំណាយតិចជាង ៤០០ដុល្លារក្នុងមួយតោនសម្រាប់ស្រូវសាលីឥណ្ឌា ប៉ុន្តែបន្ទាប់ពីឥណ្ឌាបានហាមប្រាមនាំចេញមក ប្រទេសផ្គត់ផ្គង់ស្រូវសាលីផ្សេងទៀតបានចាប់ផ្តើមឡើងថ្លៃលើសពី ៤៦០ដុល្លារ ដែលបានធ្វើឱ្យតម្លៃក្នុងស្រុកនៅក្នុងប្រទេសបង់ក្លាដែសកើនឡើង។

រដ្ឋាភិបាលបង់ក្លាដែសកំពុងតស៊ូទប់ទល់នឹងការកើនឡើងតម្លៃទំនិញ ដោយអត្រាអតិផរណាបានកើនឡើងដល់កម្រិតខ្ពស់រយៈពេល ៨ឆ្នាំកាលពីខែឧសភា ខណៈដែលស្តុកស្រូវសាលីរបស់ប្រទេសនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៣ឆ្នាំមកនៅត្រឹម ១៦៦ ០០០តោន៕