(សេអ៊ូល)៖ ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចរបស់ប្រទេសនេះនឹងកើនឡើងក្នុងល្បឿនយឺតបំផុតក្នុងរយៈពេលបីឆ្នាំក្នុងឆ្នាំ២០២២ ខណៈដែលពិភពលោកប្រឈមមុខនឹងការរាំងស្ទះការផ្គត់ផ្គង់ ការកើនឡើងអតិផរណា និងកំណើនអត្រាការប្រាក់យ៉ាងឆាប់រហ័ស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ដោយដាក់ចេញគំនិតផ្តួចផ្តើមគោលនយោបាយសេដ្ឋកិច្ចដំបូងរបស់ខ្លួន រដ្ឋាភិបាលថ្មីរបស់លោកប្រធានាធិបតី YoonSuk-yeol បានឱ្យដឹងថា ខ្លួនបានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះមកត្រឹម ២,៦ភាគរយពី ៣,១ភាគរយ ហើយបានបង្កើនការព្យាករអតិផរណាពី ២,២ភាគរយទៅ ៤,៧ភាគរយ ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៨មក។

ដោយសំដៅទៅលើអភិបាលធនាគារកូរ៉េ (BOK) លោក RheeChang yong និងអ្នកបង្កើតគោលនយោបាយកំពូលផ្សេងទៀតដែលគាត់បានជួបកាលពីថ្ងៃព្រហស្បតិ៍ លោក Choo Kyung-ho រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបាននិយាយថា៖ «យើងកំពុងដាក់អាទិភាពខ្ពស់បំផុតរបស់យើងលើស្ថិរភាពតម្លៃ ព្រោះនោះជាការយល់ដឹងរួមគ្នារបស់យើង»

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ដើម្បីជួយក្រុមហ៊ុនកូរ៉េខាងត្បូងកាត់បន្ថយសម្ពាធអតិផរណា រដ្ឋាភិបាលបានស្នើឱ្យបន្ទាបអត្រាពន្ធសាជីវកម្មអតិបរិមាមកត្រឹម ២២ភាគរយ ដែលជាអត្រាមធ្យមក្នុងចំណោមប្រទេសជាសមាជិករបស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD)។ អត្រាពន្ធនេះសម្រាប់ក្រុមហ៊ុនធំៗប្រហែល១០០ ក្រុមហ៊ុនគឺមានអត្រា ២៥ភាគរយចាប់តាំងពីឆ្នាំ២០១៨ នៅពេលដែលរដ្ឋាភិបាលមុនបានដំឡើងពន្ធនេះដើម្បីចំណាយសម្រាប់សុខុមាលភាពសង្គមកាន់តែច្រើន។

សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង ដែលជាមហាអំណាចសេដ្ឋកិច្ចទីបួននៅអាស៊ីកាលពីឆ្នាំមុន សម្រេចបានកំណើនប្រចាំឆ្នាំលឿនបំផុតចាប់តាំងពីឆ្នាំ២០១០មក។ ប៉ុន្តែនៅពេលដែលរដ្ឋបាលលោក Yoon ចូលកាន់តំណែងកាលពីខែមុន ប្រទេសនេះស្រាប់តែប្រឈមមុខនឹងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល និងផលលំបាកក្នុងការទ្រទ្រង់ការនាំចេញ។

ក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា សេដ្ឋកិច្ចពិភពលោកទាំងមូលកំពុងជួបបញ្ហាជាប់គាំង បូករួមទាំងវិបត្តិអ៊ុយក្រែន អតិផរណា ការរឹតបន្តឹងវិធានការរូបិយវត្ថុកាន់តែលឿននៅក្នុងប្រទេសធំៗ និងការបិទខ្ទប់នៅក្នុងប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕