(ក្រុងមែលប៊ន)៖ តម្លៃប្រេងបានកើនឡើងកាលពីថ្ងៃចន្ទ ដោយសារតម្រូវការប្រេងនៅសហរដ្ឋអាមេរិកកើន កង្វះការផ្គត់ផ្គង់ និងការធ្លាក់ចុះថ្លៃប្រាក់ដុល្លារ ខណៈទីក្រុងសៀងហៃត្រៀមបើកដំណើរការឡើងវិញបន្ទាប់ពីបិទខ្ទប់រយៈពេលពីរខែ បានជំរុញឱ្យមានការព្រួយបារម្ភអំពីការធ្លាក់កំណើនសេដ្ឋកិច្ចខ្លាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រេងឆៅប្រភេទ Brent សម្រាប់ការជួញដូរក្នុងកិច្ចស្យាជួញដូរអនាគតបានឡើងថ្លៃ ៩៧សេនដល់ ១១៣,៥២ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិកសម្រាប់ការជួញដូរក្នុងកិច្ចសន្យាអនាគត បានកើនឡើង ៨០សេន ឬ ០,៧៣ ភាគរយដល់ ១១១,០៨ដុល្លារក្នុងមួយបារ៉ែល។

លោក Stephen Innes ដៃគូគ្រប់គ្រងនៅក្រុមហ៊ុន SPI Asset Management បានថ្លែងប្រាក់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «តម្លៃប្រេងកើនឡើងដោយសារទីផ្សារប្រេងសាំងនៅតែមានភាពខ្វះខាត ក្នុងគ្រាដែលតម្រូវការប្រេងខ្លាំងកំពុងកើតមានក្នុងរដូវកាលបើកបរនៅសហរដ្ឋអាមេរិក»

លោកមានប្រសាសន៍ថា៖ «ជាធម្មតា រោងចក្រចម្រាញ់ប្រេងស្ថិតនៅក្នុងស្ថានភាពបង្កើនការផលិត ដើម្បីបំពេញតម្រូវការរបស់អ្នកបើកបរអាមេរិកនៅតាមស្ថានីយប្រេង»។

រដូវកាលបើកបរខ្ពស់បំផុតនៅសហរដ្ឋអាមេរិក ជាធម្មតាចាប់ផ្តើមនៅថ្ងៃចុងសប្តាហ៍នៃថ្ងៃចងចាំ (Memorial Day) នៅចុងខែឧសភា ហើយបញ្ចប់នៅទិវាពលកម្ម (Labor Day) ក្នុងខែកញ្ញា។

 

ការធ្លាក់ចុះប្រាក់ដុល្លារអាមេរិក ក៏បានធ្វើឱ្យប្រេងឡើងថ្លៃផងដែរកាលពីថ្ងៃចន្ទ ដោយសារវាធ្វើឱ្យតម្លៃប្រេងឆៅចុះថោកសម្រាប់អ្នកទិញដែលប្រើប្រាស់រូបិយប័ណ្ណផ្សេងទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕