(សិង្ហបុរី)៖ រដ្ឋមន្ត្រីដឹកជញ្ជូននៃប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយប្តេជ្ញាធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីស្តារ និងពង្រឹងការតភ្ជាប់ផ្លូវអាកាសរវាងអាស៊ីអាគ្នេយ៍ និងតំបន់ដទៃទៀត ដើម្បី ធ្វើឱ្យប្រសើរឡើងវិញនៃឧស្សាហកម្មអាកាសចរណ៍។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ។

ការប្តេជ្ញារបស់រដ្ឋមន្ត្រីដឹកជញ្ជូននៃប្រទេសទាំង៨ នេះ ក្រោយពីមានកិច្ចប្រជុំកំពូលអាកាសចរណ៍ Changi Aviation Summit 2022 (CAS) នៅប្រទេសសិង្ហបុរី ដែលមានការចូលរួមពី មេដឹកនាំអាកាសចរណ៍ពិភពលោក និងក្រុមហ៊ុនអាកាសចរណ៍ ជាង៤៥ប្រទេស។

រដ្ឋមន្ត្រីដឹកជញ្ជូនតំណាងប្រទេសនីមួយៗ ក៏បានយល់ព្រមក្នុងការបង្កើនការចែករំលែកព័ត៌មានរវាងរដ្ឋ និងឧស្សាហកម្ម និងបង្កើតសំណុំវិធានការសុខភាពសាធារណៈ និងសុវត្ថិភាពទូទៅ ដើម្បីធានាបាននូវកម្រិតខ្ពស់បំផុតនៃសុវត្ថិភាពស្របតាមស្តង់ដារ និងការអនុវត្តដែលបានណែនាំរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)។

កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសដ៏ទូលំទូលាយអាស៊ាន-សហភាពអឺរ៉ុប (CATA) ជួយសម្រួលដល់ការអភិវឌ្ឍន៍ទីផ្សារអាកាសចរណ៍តែមួយអាស៊ាន ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម និងផែនការមេនៃសេវាកម្មនាវាចរណ៍ផ្លូវអាកាសអាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិលើគ្រប់វិស័យ រួមទាំងមនុស្ស និង ការអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន និងគំរូនៃការប្រើប្រាស់ និងផលិតកម្មប្រកបដោយនិរន្តរភាព។

លោក Kevin Shum ប្រធានគណៈកម្មាធិការរៀបចំកិច្ចប្រជុំកំពូល Changi Aviation Summit 2022 (CAS) និងជាអនុលេខាក្រសួងដឹកជញ្ជូនសិង្ហបុរី បាននិយាយថា «នៅពេលដែលពិភពលោកបានធូរស្បើយពីជំងឺរាតត្បាតកូវីដ-១៩ យើងកំពុងមើលឃើញថា ការធ្វើដំណើរតាមផ្លូវអាកាសមានភាពល្អឡើងវិញ។ កិច្ចប្រជុំកំពូលអាកាសចរណ៍ Changi ផ្តល់នូវវេទិកាទាន់ពេលវេលា សម្រាប់មេដឹកនាំអាកាសចរណ៍ពិភពលោក អ្នកបង្កើតគោលនយោបាយ និងនាយកប្រតិបត្តិអាកាសចរណ៍ជាន់ខ្ពស់ ដើម្បីជួបជុំគ្នា និងប្តេជ្ញាធ្វើឱ្យប្រតិបត្តិការអាកាសចរណ៍ស៊ីវិល អន្តរជាតិរស់ឡើងវិញប្រកបដោយសុវត្ថិភាព និរន្តរភាព និងការរួមបញ្ចូលគ្នា»

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានលើកឡើងថា «នៅពេលដែលប្រទេសនានា ជុំវិញពិភពលោកបន្តបន្ធូរបន្ថយការរឹតបន្តឹងលើជំងឺកូវីដ១៩ កិច្ចប្រជុំកំពូលអាកាសចរណ៍ Changi ចាប់ផ្តើមនៅក្នុងជំពូកថ្មីនៃការអភិវឌ្ឍន៍រួម សហប្រតិបត្តិការ និងនិរន្តរភាពនៅក្នុងតំបន់ ហើយកម្ពុជាមានអំណរគុណចំពោះឱកាសនេះក្នុងការចូលរួមក្នុង CAS ហើយប្តេជ្ញាសហការជាមួយដៃគូ និងអ្នកពាក់ព័ន្ធនៅកម្រិតសកល ថ្នាក់តំបន់ ថ្នាក់ជាតិ និងមូលដ្ឋាន ដើម្បីសម្រួលដល់ការចាប់ផ្តើមឡើងវិញ នៃឧស្សាហកម្មអាកាសចរណ៍ប្រកបដោយសុវត្ថិភាព»

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាកាសចរណ៍ Changi Aviation Summit (CAS) ដែលរៀបចំរួមគ្នា ដោយក្រសួងដឹកជញ្ជូនសិង្ហបុរី (MOT) និងអាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលជាព្រឹត្តិការណ៍អាកាសចរណ៍ដ៏សំខាន់ដំបូងគេ ដែលបានធ្វើឡើងនៅក្នុងតំបន់ ចាប់តាំងពីការចាប់ផ្តើមនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកិច្ចប្រជុំនេះ មានវត្តមានមេដឹកនាំអាកាសចរណ៍ពិភពលោកជាង ៣០០នាក់ និងនាយកប្រតិបត្តិអាកាសចរណ៍ជាន់ខ្ពស់មកពីជាង ៤៥ប្រទេស បានចូលរួមកិច្ចប្រជុំនៅប្រទេសសិង្ហបុរី ដែលមានរយៈពេលពីរថ្ងៃដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត Sands ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២៕