(ភ្នំពេញ)៖ លោក Alasdair Scott ប្រធានក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ បានវាយតម្លៃសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២២ថា នឹងសម្រេចបានក្នុងរង្វង់៥,១% និងឆ្នាំ២០២៣ នឹងមានកំណើនខ្ពស់ក្នុងអត្រា ៦,២%។ នេះបើតាមប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីលទ្ធផលនៃការវាយតម្លៃបឋម លើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា របស់ក្រុមបេសកកម្ម នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

កិច្ចប្រជុំនេះ ដឹកនាំដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់របស់លោក Kenji Okamura, IMF Deputy Managing Director និងក្រុមការងារបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (Staff Visit) សម្រាប់កម្ពុជា ឆ្នាំ ២០២២ ដែលដឹកនាំដោយលោក Alasdair Scott ប្រធានក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ព្រមទាំងមានការចូលរួមពីលោក Yasuhisa Ojima តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំក្រសួងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញចូលរួមរបស់លោក Kenji Okamura ក្នុងបេសកកម្ម នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (Staff Visit) សម្រាប់កម្ពុជា ឆ្នាំ ២០២២ ហើយបានលើកឡើងពីសារសំខាន់នៃបេសកកម្ម នៃមូលនិធិរូបិយវត្ថុអន្តរជាតិ នាពេលនេះ ក្នុងការពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាកាន់តែខ្ពស់ និងភាពតានតឹងនៃភូមិសាស្រ្តនយោបាយ ដូចជា វិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលបាននិងកំពុងបង្កផលប៉ះពាល់ដោយផ្ទាល់ និងប្រយោលលើបណ្តាប្រទេសនានាក្នុងសកលលោក ។

ចំពោះលទ្ធផលនៃការវាយតម្លៃមកលើស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា, លោក Alasdair Scott បានជម្រាបជូនពីការវាយតម្លៃសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២២ថា នឹងសម្រេចបានក្នុងរង្វង់ ៥,១% ដូចគ្នានឹងការព្យាករកាលពីខែមុន ដោយសារការបន្តងើបឡើងវិញលឿននៃសកម្មភាពសង្គម-សេដ្ឋកិច្ច និងតម្រូវការខាងក្រៅ ខណៈដែលហានិភ័យមួយចំនួន អាចនឹងប៉ះពាល់ដល់កំណើននេះ រួមមាន ការកើនឡើងខ្ពស់នៃអត្រាអតិផរណា, ការបន្តអូសបន្លាយនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន, ការថមថយនៃសេដ្ឋកិច្ចចិន, និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍន៍លឿនជាងការរំពឹងទុក។
ជាមួយគ្នានេះ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៣ ត្រូវបានវាយតម្លៃឡើងវិញថា នឹងមានកំណើនខ្ពស់ជាងការព្យាករកាលពីពេលមុនក្នុងអត្រា ៦,២% គាំទ្រដោយនិន្នាការល្អជាងការរំពឹងទុកនៃវិស័យទេសចរណ៍ ។

ក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានសំដែងនូវការកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងក្នុងទិដ្ឋភាពសង្គម និងសេដ្ឋកិច្ច ព្រមទាំងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងសកម្ម និងទាន់ពេលវេលា ជាពិសេស វឌ្ឍនភាពប្រកបដោយផ្លែផ្កានៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់កម្ពុជា។ ក្រុមការងារ ក៏បានសំដែងឆន្ទៈយ៉ាងមោះមុតក្នុងការគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ ខាងមុខ និងត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ការគាំទ្របន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងទិដ្ឋភាពជាជំនួយបច្ចេកទេស និងការផ្តល់អនុសាសន៍គោលនយោបាយចាំបាច់នានា ។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់ក្រុមការងារ សម្រាប់កម្ពុជា ឆ្នាំ២០២២ និងបានកត់សម្គាល់ពីភាពប្រហាក់ប្រហែលគ្នា នៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច កម្ពុជាក្នុងរយៈពេលខ្លី និងមធ្យម។

ដោយបរិបទបច្ចុប្បន្ននៃភាពមិនប្រាកដប្រជាខ្ពស់ អគ្គបណ្ឌិតសភាចារ្យ បានស្នើឲ្យក្រុមការងារនៃមូលនិធិរូបិយវត្ថុអន្តរជាតិ ពិនិត្យមើលលើបញ្ហាសំខាន់ៗចំនួន ៣ សម្រាប់ក្រុមការងារបេសកកម្ម Article IV ដែលគ្រោងនឹងរៀបចំ ក្នុងរយៈពេលប៉ុន្មានខែខាងមុខ រួមមាន៖

១៖ ការកើនឡើងនៃអត្រាអតិផរណាដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន និងឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជា ជាពិសេស លើវិស័យកសិកម្ម,
២៖ បញ្ហានៃការកើនឡើងយ៉ាងឆាប់រហ័សនៃឥណទានក្នុងវិស័យឯកជន និងហានិភ័យលើសេដ្ឋកិច្ច ជាពិសេសសម្រាប់វិស័យ សំណង់ និងអចលនទ្រព្យ,
និង៣៖ ការពិនិត្យឡើងវិញនៃយុទ្ធសាស្រ្តប្រមូលចំណូល និងប្រភពហិរញ្ញប្បទានសម្រាប់ដំណាក់កាលបន្ទាប់។

ឆ្លៀតក្នុងឱកាសនេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ មូលនិធិរូបិយវត្ថុអន្តរជាតិ ក្នុងការចូលរួមចំណែកដល់ភាពជោគជ័យ នៃកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារ កណ្តាលអាស៊ាន (AFMGM) ព្រមទាំងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានបូកបី។ កម្ពុជា ទន្ទឹងរង់ចាំការបន្តគាំទ្រ និងការរួមចំណែកសម្រាប់ ភាពជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់-ព័ន្ធនាពេលខាងមុខ រួមទាំង «2nd ASEAN Global Dialogue» ក្រោមប្រធានបទ «Post COVID-19 Comprehensive Recovery» ដែលនឹងប្រព្រឹត្តទៅនៅចុងឆ្នាំនេះ ។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ចំពោះមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានបន្តផ្តល់ជាជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលដល់មន្រ្តី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងការអនុវត្តគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការផ្តល់អនុសាសន៍គោលនយោបាយល្អៗ និងចាំបាច់ ក្នុងបរិបទនៃភាពមិនប្រាកដប្រជាកាន់តែខ្ពស់នាពេលបច្ចុប្បន្ន ដើម្បីជួយតម្រង់ទិសការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែប្រសើរឡើង ក្នុងដំណាក់កាលស្តារសេដ្ឋកិច្ចឡើងវិញក្នុង និងក្រោយបរិការណ៍កូវីដ-១៩៕