(ហ្សាការតា)៖ កសិករដែលមានចម្ការតិចតួចរបស់ឥណ្ឌូនេស៊ីរាប់រយនាក់កាលពីថ្ងៃអង្គារបានធ្វើបាតុកម្មនៅរដ្ឋធានីហ្សាការតា និងក្នុងខេត្តខ្លះទៀតនៃប្រទេសដែលមានប្រជាជនច្រើនជាងគេទីបួនរបស់ពិភពលោកមួយនេះ ដោយទាមទារឱ្យរដ្ឋាភិបាលបញ្ចប់ការហាមឃាត់ការនាំចេញប្រេងដូងដែលបានកាត់បន្ថយប្រាក់ចំណូលរបស់ពួកគេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសនាំចេញប្រេងដូងធំជាងគេក្នុងពិភពលោក ចាប់តាំងពីថ្ងៃទី២៨ ខែមេសាមក បានបញ្ឈប់ការនាំចេញប្រេងដូងឆៅ និងផលិតផលពាក់ព័ន្ធនឹងប្រេងដូងមួយចំនួនទៀត ក្នុងគោលបំណងគ្រប់គ្រងការកើនឡើងតម្លៃប្រេងឆាក្នុងស្រុក ដែលធ្វើឱ្យប៉ះពាល់ទីផ្សារប្រេងបន្លែពិភពលោក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា កសិករឥណ្ឌូនេស៊ីបានដើរជាក្បួនដើម្បីសម្តែងការតវ៉ា ដែលមានអមដំណើរដោយរថយន្តដឹកប្រេងដូងផងដែរ សំដៅទៅកាន់ការិយាល័យនៃក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូនេស៊ី ដែលជាស្ថាប័នដឹកនាំគោលនយោបាយរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី។

ទីភ្នាក់ងារព័ត៌មាននេះបានរាយការណ៍ទៀតថា ក្រុមអ្នកតវ៉ាបានលើកបដាដែលមានសរសេរថា៖ «កសិករម៉ាឡេស៊ីញញឹម កសិករឥណ្ឌូនេស៊ីរងទុក្ខ»

ប្រទេសម៉ាឡេស៊ី គឺជាប្រទេសផលិតប្រេងដូងធំជាងគេទីពីរ ហើយប្រទេសនេះថ្មីៗនេះបាននិយាយថា ខ្លួនមានបំណងផ្គត់ផ្គង់ទីផ្សារដែលកំពុងខ្វះខាតការផ្គត់ផ្គង់ដោយសារការហាមឃាត់ការនាំចេញរបស់ឥណ្ឌូនេស៊ីនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមកសិករខ្នាតតូចដែលមានឈ្មោះថា APKASINDO បានឱ្យដឹងថា ចាប់តាំងពីការប្រកាសហាមឃាត់ការនាំចេញមក តម្លៃផ្លែដូងប្រេងបានធ្លាក់ចុះ ៧០% ក្រោមតម្លៃដែលបានកំណត់ដោយអាជ្ញាធរក្នុងតំបន់។

APKASINDO បានប៉ាន់ប្រមាណថា យ៉ាងហោចណាស់ ២៥% នៃរោងម៉ាស៊ីនដូងប្រេងបានឈប់ទិញផ្លែដូងប្រេងពីកសិករឯករាជ្យ។

ក្រុមកសិករខ្នាតតូចនេះបានឱ្យដឹងទៀតថា ក្រុមបាតុករក៏មានគម្រោងដើរដង្ហែទៅកាន់វិមានប្រធានាធិបតីផងដែរ។ ការតវ៉ាស្រដៀងគ្នានេះក៏ត្រូវបានធ្វើឡើងផងដែរនៅក្នុងខេត្តចំនួន២២ ផ្សេងទៀត។

រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចលោក Airlangga Hartarto បានថ្លែងថា ការហាមប្រាមនេះនឹងនៅធ្វើឡើងរហូតដល់តម្លៃប្រេងឆារធ្លាក់ចុះដល់ ១៤ ០០០រូពៀ (ប្រហែល ១ដុល្លារ) ក្នុងមួយលីត្រនៅទូទាំងប្រទេសឥណ្ឌូនេស៊ី។

ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ីបានបង្ហាញថា គិតត្រឹមថ្ងៃសុក្រសប្តាហ៍មុន ប្រេងឆា មានតម្លៃជាមធ្យម ១៧ ៣០០រូពៀក្នុងមួយលីត្រ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕