(ម៉ុមបៃ)៖ ប្រទេសឥណ្ឌាបានហាមឃាត់ការនាំចេញស្រូវសាលី ដោយសាររលកកំដៅដ៏ក្តៅគគុកបានកាត់បន្ថយទិន្នផល ហើយតម្លៃក្នុងស្រុកបានឡើងដល់កម្រិតខ្ពស់បំផុត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

រដ្ឋាភិបាលឥណ្ឌានឹងនៅតែអនុញ្ញាតឱ្យនាំចេញដដែលសម្រាប់ក្រុមហ៊ុនដែលមានលិខិតឥណទានដែលបានចេញរួចហើយ និងសម្រាប់ការនាំចេញទៅកាន់ប្រទេសដែលស្នើសុំការផ្គត់ផ្គង់ «ដើម្បីបំពេញតម្រូវការសន្តិសុខស្បៀងរបស់ពួកគេ»។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់ក្រុមមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់រដ្ឋាភិបាលឥណ្ឌា ខណៈដែលបានថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយថា វិធានការហាមឃាត់ការនាំចេញទៅក្រៅប្រទេសរបស់ឥណ្ឌានេះធ្វើឡើងមិនជារឿងរហូតទេ ហើយអាចត្រូវបានកែប្រែឡើងវិញ។

អ្នកទិញនៅទូទាំងពិភពលោក កំពុងពឹងផ្អែកលើការផ្គត់ផ្គង់ពីប្រទេសផលិតស្រូវសាលីធំជាងគេទីពីររបស់ពិភពលោកមួយនេះ បន្ទាប់ពីការនាំចេញពីតំបន់សមុទ្រខ្មៅបានធ្លាក់ចុះបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈលើប្រទេសអ៊ុយក្រែន។ មុនពេលប្រកាសអំពីការហាមឃាត់នេះ ឥណ្ឌាមានបំណងនាំចេញឱ្យបាន ១០លានតោនក្នុងឆ្នាំនេះ។

ក្រុមមន្ត្រីទាំងនេះបានបន្ថែមថា មិនមានការធ្លាក់ចុះទិន្នផលស្រូវលាលីខ្លាំងនោះទេនៅឆ្នាំនេះ ប៉ុន្តែការនាំចេញដែលមិនមានការគ្រប់គ្រងបាននាំឱ្យមានការកើនឡើងតម្លៃក្នុងស្រុក។

លោក BVR Subrahmanyam រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌាថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងញូវដែលីថា៖ «យើងមិនចង់ឱ្យការជួញដូរស្រូវសាលីកើតឡើងក្នុងលក្ខណៈមិនមានការគ្រប់គ្រង ឬមានការប្រមូលទិញស្តុកទុកនោះទេ»។ ។

ទោះបីជាឥណ្ឌាមិនមែនជាប្រទេសនាំចេញស្រូវសាលីធំបំផុតមួយក្នុងពិភពលោកក៏ដោយ ក៏ការហាមឃាត់នេះអាចជំរុញឱ្យតម្លៃក្នុងទីផ្សារសកលកើនឡើងដល់កម្រិតខ្ពស់បំផុតថ្មី ដោយសារការផ្គត់ផ្គង់មានភាពតានតឹងរួចស្រាប់ទៅហើយ ដែលប៉ះពាល់ខ្លាំងដល់ប្រទេសប្រើប្រាស់ក្រីក្រនៅអាស៊ី និងអាហ្រ្វិក។

ការកើនឡើងតម្លៃអាហារ និងថាមពលបានជំរុញឱ្យអតិផរណាលក់រាយប្រចាំឆ្នាំនៅប្រទេសឥណ្ឌាកើនឡើងជិតកម្រិតខ្ពស់ក្នុងរយៈពេលប្រាំបីឆ្នាំក្នុងខែមេសា។ តម្លៃស្រូវសាលីនៅក្នុងប្រទេសឥណ្ឌាបានកើនឡើងដល់កម្រិតខ្ពស់បំផុត។ តម្លៃទិញលក់ភ្លាមៗក្នុងទីផ្សារមួយចំនួនបានកើនឡើងដល់ ២៥ ០០០រូពី (៣២០ដុល្លារ) ក្នុងមួយតោន ដែលខ្ពស់ជាងតម្លៃដែលទទួលបានការគាំទ្រអប្បបរមាពីរដ្ឋាភិបាលឥណ្ឌាដែលមានតែ ២០ ១៥០រូពី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕