(ហូជីមិញ)៖ តម្លៃនាំចេញអង្ករជាមធ្យមរបស់វៀតណាមបានធ្លាក់ចុះ ១០,៦ភាគរយក្នុងត្រីមាសទី១ ដែលនាំឱ្យប្រាក់ចំណូលពីការនាំចេញអង្ករធ្លាក់ចុះ ៦ភាគរយ។ នេះបើយោងតាមតាមសេចក្តីរាយការណ៍របស់កាសែត VN Express របស់វៀតណាម។

កាសែត VN Express បានរាយការណ៍ដោយដកស្រង់តួលេខរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាមថា ប្រទេសវៀតណាមបាននាំចេញអង្ករចំនួន ២,០៥លានតោនដែលមានតម្លៃទឹកប្រាក់សរុប ១ប៊ីលានដុល្លារអាមេរិក កើនឡើង ៤,៤ភាគរយបើគិតជាបរិមាណ ប៉ុន្តែតម្លៃបានធ្លាក់ចុះមកនៅត្រឹម ៣៨៦,២ដុល្លារក្នុងមួយតោនដោយសារមានការផ្គត់ផ្គង់ច្រើនក្នុងទីផ្សារ។

នៅលើទីផ្សារពិភពលោក តម្លៃអង្ករក៏បានធ្លាក់ចុះតិចតួចផងដែរនៅក្នុងខែឧសភា ដោយអង្ករប្រភេទបាក់ ៥ភាគរយរបស់ប្រទេសថៃ ធ្លាក់ចុះ ៥ដុល្លារក្នុងមួយតោនដោយជួញដូរក្នុងតម្លៃ ៤១៩ ទៅ ៤១២ដុល្លារក្នុងមួយតោន ហើយតម្លៃនាំចេញរបស់ឥណ្ឌាបានធ្លាក់ចុះ ១០ដុល្លារក្នុងមួយតោនមកនៅត្រឹម ៣៦១ ទៅ ៣៦៥ដុល្លារក្នុងមួយតោន។

កាសែត VN Express បានរាយការណ៍ទៀតថា ទីផ្សារធំបំផុតរបស់វៀតណាមក្នុងត្រីមាសទីមួយឆ្នាំនេះ គឺប្រទេសហ្វីលីពីន ដែលការនាំចូលអង្ករវៀតណាមរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានកើនឡើង ៦៣,៨ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ៦៧២.១៤២តោន។

ទោះយ៉ាងណា តម្លៃក្នុងស្រុកនៅតែមិនផ្លាស់ប្តូរនៅក្នុងខែឧសភានេះ។ នៅខេត្តអានយ៉ាង ដែលស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម អង្ករធម្មតាត្រូវបានលក់ចេញក្នុងតម្លៃ ១១.០០០ ដុង (០,៤៨ ដុល្លារ) ក្នុងមួយគីឡូក្រាម និងអង្ករផ្កាម្លិះលក់ក្នុងតម្លៃ ១៥.០០០ដុងក្នុងមួយគីឡូក្រាម។ នេះបើយោងតាមកាសែត VN Express៕