(ម៉ូស្គូ)៖ ការព្យាករផ្ទៃក្នុងមួយរបស់ក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ីបានបបង្ហាញថា ប្រទេសរុស្ស៊ីកំពុងប្រឈមមុខនឹងការធ្លាក់ចុះសេដ្ឋកិច្ចដ៏ខ្លាំងបំផុតក្នុងរយៈពេលជិត ៣ទសវត្សរ៍ ដោយសារសម្ពាធពីទណ្ឌកម្មដែលដាក់ដោយសហរដ្ឋអាមេរិក និងក្រុមប្រទេសសម្ព័ន្ធមិត្ត។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សំដីរបស់អ្នកដែលបានដឹងពីការព្យាករនេះដែលបាននិយាយក្នុងលក្ខខណ្ឌអនាមិកថា ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ទំនងជានឹងធ្លាក់ចុះដល់ទៅ ១២% នៅឆ្នាំនេះ ដែលលើសពីការព្យាកររបស់ក្រសួងសេដ្ឋកិច្ចរុស្ស៊ីដែលថាធ្លាក់ចុះ ៨%។ រដ្ឋាភិបាលរុស្ស៊ីមិនបានចេញផ្សាយការព្យាករជាសាធារណៈទេចាប់តាំងពីការឈ្លានពានលើប្រទេសអ៊ុយក្រែន។

តួរលេខរបស់ក្រសួងហិរញ្ញវត្ថុរុស្ស៊ីមានកម្រិតស្មើគ្នានឹងការធ្លាក់ចុះសេដ្ឋកិច្ចដែលធ្លាប់បានកើតមាននៅដើមទសវត្សរ៍ឆ្នាំ១៩៩០ នៅពេលដែលសេដ្ឋកិច្ចនៅសម័យសូវៀតរបស់រុស្ស៊ីបានដើរឆ្ពោះទៅរកមូលធននិយមជាមួយនឹងការធ្លាក់ចុះដែលមិនធ្លាប់បានឃើញគិតចាប់តាំងពីសម័យសង្រ្គាមមក។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សំដីរបស់លោកស្រី Natalia Lavrova ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន BCS Financial Group នៅទីក្រុងម៉ូស្គូខណៈថ្លែងថា៖ «ភាពអវិជ្ជមានចម្បងៗគឺការហាមប្រាមពាណិជ្ជកម្មប្រេង ការឈប់ប្រើឧស្ម័នរុស្ស៊ីដោយសហភាពអឺរ៉ុប រួមជាមួយនឹងការចាកចេញកាន់តែច្រើនក្នុងចំណោមក្រុមហ៊ុនបរទេស។ ភាពអវិជ្ជមានទាំងអស់នេះប្រហែលជានឹងកើនឡើងសន្សឹមៗ ហើយភាពអវិជ្ជមានជាច្រើននឹងកើតមានបន្តរហូតដល់ឆ្នាំ២០២៣ទៀត»

ដោយមិនរាប់បញ្ចូលកត្តាទាំងនោះ និងដោយផ្អែកលើតែទណ្ឌកម្មបច្ចុប្បន្ន លោកស្រី Lavrova បានព្យាករថានឹងមានការធ្លាក់ចុះ ១០,៨% នៅឆ្នាំ២០២២ និងប្រហែល ៥% ក្នុងឆ្នាំ២០២៣។

ធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ីបានឱ្យដឹងនៅថ្ងៃទី២៩ ខែមេសាថា ខ្លួនរំពឹងថា សេដ្ឋកិច្ចរុស្ស៊ីអាចមានការធ្លាក់ចុះពី ៨% ទៅ ១០% នៅឆ្នាំនេះ។ មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករថាសេដ្ឋកិច្ចចរុស្ស៊ីអាចធ្លាក់ចុះ ៨,៥% ខណៈពេលដែលការស្ទង់មតិដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន Bloomberg ទៅលើសេដ្ឋវិទូមួយចំនួនបានបង្ហាញពីការធ្លាក់ចុះជាមធ្យម ១០,៣%។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕