(ភ្នំពេញ)៖ លោកឧកញ៉ា តែ កាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានថ្លែងថា វេទិកាផ្គូរផ្គងអាជីវកម្មសម្រាប់សហគ្រាសក្នុងស្រុក ដើម្បីពន្លឿនការអភិវឌ្ឍអាជីវកម្ម ឱ្យមានវិសាលភាពធំទូលំទូលាយ និងដើម្បីលើកកម្ពស់សហគ្រិនស្រ្តី ឲ្យមានការរីកចំរើន ក្នុងការធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍ ដើម្បីឲ្យផលិតផលធានាបាននូវគុណភាព ស្តង់ដារ តម្លៃ ចូលទីផ្សារម៉ាត។

លោកឧកញ៉ា តែ កាំងប៉ បានថ្លែងបែបនេះ ក្នុងកម្មវិធីវេទិការផ្គូរផ្គងអាជីវកម្ម សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅសណ្ឋាគារ កាំបូឌីយ៉ាណា នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ដោយមានអ្នកចូលរួមជាង១០០នាក់ ដែលមានតំណាងផ្សារទំនើប តំណាងស្ថានទូតម៉ាឡេស៊ី តំណាងស្ថានទូតវៀតណាម អ្នកលក់រាយ និងបោះដុំ ក្រុមហ៊ុននាំចេញ និងសហគ្រាសធុនតូច និងមធ្យម ដោយមានការតាំងបង្ហាញផលិតផលមកពី ២០សហគ្រាស ដែលសុទ្ធតែជាសហគ្រាសផលិតក្នុងស្រុក។

លោកឧកញ៉ា បានលើកឡើងពីគោលបំណងផ្គូរផ្គងអាជីវកម្ម សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅក្នុងចំណោមសកម្មភាព អាជីវកម្មជាច្រើន គឺដើម្បីពន្លឿនការអភិវឌ្ឍអាជីកម្មនៅកម្ពុជា ឲ្យមានវិសាលភាពធំទូលំទូលាយ កម្មវិធីមានការសហការណ៍រួមគ្នារវាងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលដៃគូរអភិវឌ្ឍន៍ វិស័យ ឯកជន អង្គការសង្គមស៊ីវិល និងដៃគូរពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់សហគ្រាសក្នុងស្រុក និងសហគ្រិនស្រ្តីឲ្យមានការរីកចំរើន ក្នុងការធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍ ដើម្បីប្រកួតប្រជែង និងជំរុញទីផ្សារនាំចេញជាដើម។

លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាសហប្រធានក្រុម ការងារទី៣ ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម បានថ្លែងថា ចំពោះកម្មវិធីវេទិកាផ្គូរផ្គងអាជីវកម្ម សម្រាប់សហគ្រាសធុនតូច និងមធ្យមនេះ ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើន របស់គម្រោងដែលត្រូវអនុវត្តន៍ដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC) ក្រោមការគាំទ្ររបស់ USAID និង អង្គការផេកកម្ពុជា ក្រោមគម្រោង សហគ្រិននារីសកម្ម (WE Act) ដែលរយៈពេលរបស់គម្រោង គឺមានរយៈពេល១ឆ្នាំ និងត្រូវអនុវត្តនៅក្នុងរាជធានីខេត្ត គោលដៅចំនួន៤ គឺរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តសៀមរាបនិង ខេត្តកំពត ហើយកម្មវិធីថ្ងៃនេះផងដែរក៏មានមតិចំណាប់ អារម្មណ៍ និងចែករំលែកបទពិសោធន៍របស់សហគ្រិនឆ្នើមទាំង៤ ក៏ដូចជាការប្រគល់ពានសញ្ញាប័ត្រដល់សហគ្រិន ទាំង១០នាក់ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលស៥។

លោកឧកញ៉ា ក៏បានជំរាបដល់អង្គពិធីទាំងមូលផងដែរថា ក្រៅពីសកម្មភាពសិក្ខាសាលានៅក្នុងថ្ងៃនេះ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ក៏បានរៀបចំសិក្ខាសាលាទូទាំង២៥រាជធានី ខេត្ត វគ្គបណ្តុះបណ្តាលនានា និងកម្មវិធីពន្លឿនការ អភិវឌ្ឍន៍អាជីកម្មនៅកម្ពុជាអោយមានវិសាលភាពធំទូលំទូលាយ ដោយមានការសហការណ៍រួមគ្នា រវាងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍ វិស័យឯកជន អង្គការសង្គមស៊ីវីល និងដៃគូរពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់សហគ្រាសក្នុងស្រុក និងសហគ្រិន ស្ត្រីឲ្យមានការរីកចំរើនឈានឡើងទៅមុខ។

ក្នុងឱកាសនោះលោក គឹម ទូច រដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងកោតសសើរជាខ្លាំង ចំពោះលោកឧកញ៉ាប្រធាន សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលបានចាប់ដៃគ្នា ជាមួយអង្គការផេកកម្ពុជា ក្រោមគម្រោង សហគ្រិននាវិសកម្ម (WE Act) និងក្រោមការគាំទ្ររបស់ USAID ដែលបានផ្តួចផ្តើមរៀបចំកម្មវិធីវេទិការផ្គូរផ្គងអាជីវកម្ម ពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ ដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដែលកំពុងត្រូវការចំណេះដឹងបន្ថែម ទាក់ទងទៅ និងការយកផលិតផលរបស់ពួកគាត់ ក្នុងការណែនាំផលិតផលរបស់ពួកគាត់ចូលទៅកាន់ផ្សារទំនើប នៅក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

លោកសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដែលមានវត្តមាននៅក្នុងកម្មវិធីវេទិការផ្គូរផ្គងអាជីកម្មថ្ងៃនេះ និងយកចិត្តទុកដាក់ក្នុងការធ្វើសកម្មភាពផ្សេងៗ តាមរបៀបវារៈនៃកម្មវិធីថ្ងៃនេះ ហើយក្រោយពីបានចូលរួមកម្មវិធីវេទិការផ្គូរផ្គងអាជីវកម្ម ដែលមានរយៈមួយថ្ងៃពេញនេះ ម្ចាស់សហគ្រាសធុនតូច និងមធ្យម ទាំងអស់ នឹងទទួលបានចំណេះដឹងថ្មីបន្ថែម តាមរយៈការចែករំលែក បទពិសោធន៍របស់តំណាងផ្សារទំនើបនីមួយៗ ហើយម្ចាស់សហគ្រាសទាំងអស់នោះ នឹងដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ ដើម្បីអភិវឌ្ឍន៍ការងារធុរៈកិច្ចរបស់ពួកគេកាន់តែរីកចម្រើនបន្ថែមទៀត៕