(ភ្នំពេញ)៖ ត្រីមាសទី១ ឆ្នាំ២០២២ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន ៩,៤៩៨,១៤៦ដុល្លារ (ពុំទាន់ធ្វើសវនកម្ម) មានការកើនឡើង១៧ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ មានចំនួន៨,១១៨,០៤២ដុល្លារ (បានធ្វើសវនកម្ម)។ នេះបើតាមរបាយការណ៍ របស់កំពង់ផែស្វយ័តភ្នំពេញ។

របាយការណ៍ដែលបណ្ដាញបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបាននៅត្រីមាសទី១ ឆ្នាំ២០២២នេះ រួមមាន៖

* ទី១៖ ចំណូលពីប្រតិបត្តិការផែ មានចំនួន២,៦៩១,១១ដុល្លារ។
* ទី២៖ ចំណូលបានពីអាជ្ញាធរផែ មានចំនួន៣៥០,៩១២ដុល្លារ។
* ទី៣៖ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន៣៣,១៩៥ដុល្លារ។
* ទី៤៖ ចំណូលផ្សេងៗ មានចំនួន២២០,៨៩៩ដុល្លារ។

ថ្លែងក្នុងមហាសន្និបាតភាគហ៊ុនិក លើកទី៧ របស់កំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក និងជាប្រធានមហាសន្និបាតបានឲ្យដឹងថា គិតមកដល់ពេលនេះ ការចូលផ្សារមូលបត្រកម្ពុជារបស់កំពង់ផែស្វយ័តភ្នំពេញ មានរយៈពេល៧ឆ្នាំហើយ។

លោក ហ៊ឺ បាវី បានលើកឡើងថា កំពង់ផែស្វយ័តភ្នំពេញ ពិតជាមានកិត្តិយស និងមានមោទនភាពចំពោះស្នាដៃ និងលទ្ធផល ដែលសម្រេចបាននេះណាស់។ ទោះបីជាយ៉ាងណា យើងនៅមានការទទួលខុសត្រូវ ច្រើនបន្តទៀត ដែលក្នុងនោះ ត្រូវបន្តអនុវត្តផែនការសកម្មភាពអភិវឌ្ឍកំពង់ផែ តាមរយៈការពង្រឹងការគ្រប់គ្រងអង្គភាព ការពង្រឹងធនធានមនុស្ស និងការពង្រឹងប្រតិបត្តិការអាជីវកម្ម/សេវាកម្ម។

បើតាមអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ សម្រាប់ឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញ សម្រេចបានលទ្ធផលអាជីវកម្ម ដោយទទួលបាននូវបរិមាណកុងតឺន័រចំនួន 348 898 TEUs ដែលអនុវត្តបាន
លើសផែនការឆ្នាំ២០២១ ចំនួន១៣ % និងកើនឡើងចំនួន២០% ធៀបនឹងការអនុវត្តឆ្នាំ២០២០។

ចំណែកឯលទ្ធផលហិរញ្ញវត្ថុ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវប្រាក់ចំណេញចំនួន១២,៧០៧,៨៣១ដុល្លារ ដែលអនុវត្តបានលើសផែនការឆ្នាំ២០២១ ចំនួន១៥% និងកើនឡើងចំនួន២៩% ធៀបនឹងការអនុវត្តឆ្នាំ២០២០។ ទន្ទឹមនឹងលទ្ធផល ដែលសម្រេចបានមកនេះ កំពង់ផែស្វយ័តភ្នំពេញ ក៏នៅមានផែនការការងារជាអាទិភាពបន្តទៀត សម្រាប់អនុវត្តឆ្នាំ២០២២ក្នុងនោះរួមមាន៖

ទី១៖ គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM១៧ ជំហានទី៣ ដំណាក់កាលទី២ (២០១២-២០២៣) ដើម្បីពង្រីកសមត្ថភាពផ្ទុកកុងតឺន័រ ឲ្យបានដល់ចំនួន ៥០០,០០០ TEU/ឆ្នាំ និងគម្រោងអភិវឌ្ឍន៍ចំណតផែរណបតាមដងទន្លេ នៅតាមទីតាំងមួយចំនួនទៀត រួមមាន៖

* ចំណតផែរណបពហុបំណងកោះរកា (LM២៦), * ចំណតផែរណបពហុបំណង TS១១, * ចំណតផែរណបពហុបំណងព្រែកអញ្ចាញ (UM១), * ចំណតផែរណបពហុបំណងទន្លេបិទ (UM២), * ចំណតផែរណបពហុបំណងឆ្លង (ក្រចេះ), * ចំណតផែរណបពហុបំណងកំពង់ឆ្នាំង និងចំណតផែរណបពហុបំណងព្រែកក្តាម ដើម្បីបង្ខិតសេវាកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ ឲ្យកាន់តែកៀកអតិថិជន។

គូសបញ្ជាក់ផងដែរថា ចំពោះលទ្ធផលការងារអាជីវកម្ម សេវាកម្ម អនុវត្ដសម្រាប់៤ខែ ដើមឆ្នាំ២០២២ របស់កំពង់ផែស្វយ័តភ្នំពេញ រួមមាន៖

ទី១៖ ទំនិញ-ប្រេងឥន្ធនៈ មានចំនួន៣៣៧,២៧២តោន កើនឡើង២៦.៣១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន២៦៧,០២៩តោន។
ទី២៖ នាវាផ្ទុកទំនិញឆ្លងកាត់ មានចំនួន៣៦២ជើង កើនឡើង១២២.០៩ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន១៦៣ជើង។
ទី៣៖ បរិមាណកុងតឺន័រ មានចំនួន៣២,៨៦២ធីអ៊ីយូ កើនឡើង៦៤.៨៨ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ចំនួន១៩,៥៣១ធីអ៊ីយូ៕