(បាងកក)៖ ប្រទេសថៃកំពុងចូលរួមជាមួយប្រទេសសមាជិកផ្សេងទៀតរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីស្នើអង្គការមួយនេះឱ្យដោះស្រាយការហាមឃាត់ការនាំចេញអាហារ និងផលិតផលកសិកម្ម បន្ទាប់ពីប្រទេសដែលជាអ្នកនាំចូលអាហារបានលើកឡើងពីការព្រួយបារម្ភអំពីកង្វះខាតស្បៀងអាហារ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់លោកស្រី Auramon Supthaweethum អគ្គនាយកនៃនាយកដ្ឋានចរចាពាណិជ្ជកម្មថៃថា ប្រទេសជាច្រើនបានដាក់កំហិតលើការនាំចេញអាហារ និងផលិតផលកសិកម្ម ដែលបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ប្រទេសដែលពឹងផ្អែកលើការនាំចូលអាហារ។

លោកស្រីបានថ្លែងថា ប្រទេសចំនួន៥៣ រួមមានទាំងអូស្ត្រាលី ណូវែលសេឡង់ ប្រទេសនៅសហភាពអឺរ៉ុប ជប៉ុន ន័រវែស កូរ៉េខាងត្បូង អារ៉ាប៊ីសាអូឌីត ប្រេស៊ីល ស៊ីលី បង់ក្លាដែស ព្រុយណេ ឡាវ សិង្ហបុរី វៀតណាម និងថៃផងដែរនោះ បានព្រមព្រៀងគ្នាដាក់សំណើទៅកាន់សន្និសីទថ្នាក់រដ្ឋមន្ត្រីទី១២ (MC 12) របស់អង្គការ WTO ដែលនឹងប្រារព្ធធ្វើងឡើងចាប់ពីថ្ងៃទី១២ ដល់ ១៥ ខែមិថុនា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ប្រទេសទាំងនេះកំពុងស្នើសុំអង្គការ WTO ដែលមានសមាជិកចំនួន១៦៤ប្រទេស ឱ្យជួយដោះស្រាយការហាមឃាត់ការនាំចេញអាហារ ជាពិសេសអាហារដែលពាក់ព័ន្ធនឹងកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ។

លោកស្រី Auramon មានប្រសាសន៍ថា៖ «ប្រទេសថៃ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ សង្ឃឹមថា អង្គការ WTO អាចជួយដោះស្រាយការរឹតបន្តឹងពាណិជ្ជកម្មបែបនេះបាន»

សន្និសីទ MC-12 គ្រោងនឹងពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម និងសុខភាពដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតដែលបានបង្កឱ្យមានកង្វះខាតការផ្គត់ផ្គង់ស្បៀង ការទទួលបានថ្នាំសង្កូវ និងវ៉ាក់សាំងសំខាន់ៗ ដើម្បីទប់ទល់នឹងជំងឺរាតត្បាត និងការកាត់បន្ថយការឧបត្ថម្ភធនផ្នែកជលផល ដែលរួមចំណែកដល់ការនេសាទលើសចំណុះ និងការនេសាទលើសកម្រិត។

លោកស្រីបានបន្ថែមថា សន្និសីទនេះនឹងពិចារណាអំពីការរឹតបន្តឹង និងកាត់បន្ថយការឧបត្ថម្ភធនកសិកម្ម ក៏ដូចជាដំណោះស្រាយសម្រាប់ការហាមឃាត់ការនាំចេញកសិផល។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕