(ភ្នំពេញ)៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៣៩០,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ វិនិយោគទឹកប្រាក់ជាង៣០០លានដុល្លារ សាងសង់សម្រេចបាន ៦០% សម្រាប់ជំហានទី១ និងសម្រេចបាន៣៧% សម្រាប់ជំហានទី២។ នេះបើតាមការបញ្ជាក់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

បើតាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងវិនិយោគដ៏ធំ ទៅលើវិស័យផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលគម្រោងនេះ ត្រូវបានចាប់ផ្តើមការដ្ឋានការងារសាងសង់ជាផ្លូវការ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ក្រោមកិច្ចព្រមព្រៀង ឥណទានសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (Agence Française de Développement) និង ធនាគារវិនិយោគអឺរ៉ុប (Eroupean Investment Bank)។

គម្រោងបាក់ខែងនេះ មានសមត្ថភាពផលិតសរុប ៣៩០,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ត្រូវបានបែងចែកជា២ជំហាន (ជំហានទី១ សមត្ថភាពផលិត ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងជំហានទី២ សមត្ថភាពផលិត ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ) ត្រូវបានសាងសង់ដោយក្រុមហ៊ុនម៉ៅការសាងសង់បារាំង VINCI Construction Grands Projets និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសគម្រោង ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបារាំង SAFEGE Consulting Engineers។

គម្រោងវិនិយោគផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ទាំង២ជំហាន នឹងប្រើប្រាស់ថវិកាវិនិយោគរហូតដល់ ជាង៣០០លានដុល្លាអាមេរិក ហើយសមត្ថភាពផលិតនឹងឡើងដល់ ៣៩០ពាន់ម៉ែត្រគូប/ក្នុងមួយថ្ងៃ នៅចុងឆ្នាំ២០២៣ ដែលនេះគឺជាសមត្ថភាពមួយខ្ពស់ជាប្រវត្តិសាស្ត្រ។

នៅត្រឹមត្រីមាសទី១ ឆ្នាំ២០២២ គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ ដែលមានសមត្ថភាពផលិត ១៩៥,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ សម្រេចបានប្រមាណជា ៦០% នៃគម្រោងជំហានទី១ ដោយក្នុងនោះបែងចែកការដ្ឋានជាបីផ្នែកធំសំខាន់ៗ៖

* ផ្នែកទី១ ការដ្ឋានសាងសាង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត (អាងទទួល, អាងកូរយឺត-លឿន, អាងរងកករ, អាងច្រោះ, អាងស្តុកទឹក, អគារដាក់វត្ថុធាតុដើម, អគារក្ល័រ, មន្ទីរពិសោធ៍ទឹក, ស្ថានីយបូមទឹកស្អាត និងអគាររដ្ឋបាល) សម្រេចបាន៥០% ។

* ផ្នែកទី២ ការដ្ឋានស្ថានីយបូមទឹកល្អក់៖
- ការងារសាងសង់ស្ថានីយបូមទឹកល្អក់ សម្រេចបាន ៥៥% ។
- ការងារដាក់បំពង់មេនាំទឹកល្អក់ទំហំ ១៤០០ ចំនួន២ខ្សែ សម្រេចបាន ៤៥%។

* ផ្នែកទី៣ ការដ្ឋានដាក់បំពង់មេនាំទឹកស្អាត៖

- ការងារដាក់បំពង់មេនាំទឹកស្អាតទំហំ ២០០០មីលីម៉ែត្រ ប្រវែង ៧គីឡូម៉ែត្រ សម្រេចបាន៩០%។
- ការងារខួងក្រោមបាតទន្លេសាបដាក់បំពង់មេនាំទឹកស្អាតទំហំ ២០០០មីលីម៉ែត្រ សម្រេចបាន៥០%។

ចំណែកឯការងារសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២ ដែលមានសមត្ថភាពផលិត ១៩៥,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ក៏កំពុងដំណើរការអនុវត្ត ស្របពេលជាមួយគ្នាផងដែរ ដោយបច្ចុប្បន្នការងារសាងសង់រោងចក្រនេះ សម្រេចបានប្រមាណជា ៣៧%។

ថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្គត់ផ្គង់ទឹកស្អាត ដោយបានខិតខំជំរុញពន្លឿនការងារ សាងសង់រោងចក្រផលិតទឹកស្អាត បាក់ខែងនេះ ឲ្យបានទាន់តាមផែនការដែលបានគ្រោងទុក ក៏ដូចជាការសិក្សាផែនការមេរហូតដល់ឆ្នាំ២០៣០ ដើម្បីបំពេញនូវសេចក្តីត្រូវការ ប្រើប្រាស់ទឹកស្អាត នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ៕