(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងដៃគូអភិវឌ្ឍន៍ រួមមានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារពិភពលោក (World Bank) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិគ្រោះយោបល់ស៊ីជម្រៅ និងប្រមូលធាតុចូលពីដៃគូអភិវឌ្ឍន៍ ដោយផ្តោតលើប្រធានបទសំខាន់ៗ ចំនួន០២ រួមមាន៖ ១-ស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចសកល តំបន់ និងកម្ពុជា និង ២-ហានិភ័យម៉ាក្រូសេដ្ឋកិច្ចចម្បងៗ និងការឆ្លើយតបជាគោលនយោបាយ (Policy Response) ។

លោករដ្ឋមន្ត្រី វង្សី វិស្សុត បានលើកឡើងថា កិច្ចពិភាក្សានាពេលនេះ មានគោលបំណងពិភាក្សាពិគ្រោះយោបល់ជាមួយដៃគូ អភិវឌ្ឍន៍របស់កម្ពុជា លើការវាយតម្លៃអំពីបរិការ និងស្ថានភាពសេដ្ឋកិច្ច នៅលើសាកលលោក ក្នុងតំបន់ និងនៅក្នុងប្រទេសកម្ពុជា ដែលកំពុងស្ថិត ក្នុងដំណាក់កាល នៃការរស់នៅតាមលំនាំប្រក្រតីភាពថ្មី ក្រោយការរាតត្បាតជាសកល នៃជំងឺកូវីដ-១៩ បានថមថយទៅ។

ការវាយតម្លៃនេះ គឺជាការគិតគូរទុកជាមុន ដោយមិនអាចបង្អង់ដៃបានឡើយ ដើម្បីត្រៀមខ្លួនរៀបចំដាក់ចេញនូវគោលនយោបាយ និង វិធានការឆ្លើយតបចាំបាច់នានា សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ក្រោយបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩ ផង ក៏ដូចជាដើម្បីទប់ទល់ និងដោះស្រាយហានិភ័យ និងបញ្ហាប្រឈម នានាផងដែរ ដោយឈរលើគោលការណ៍ ត្រៀមខ្លួនឱ្យបានល្អបំផុត ដើម្បីធានាឱ្យនាវាកម្ពុជាអាចឆ្លងដល់ត្រើយ ដោយសុវត្ថិភាព នៅក្នុងរយៈពេល មធ្យមខាងមុខ។

លោករដ្ឋមន្ត្រីប្រតិភូ បានបន្តលើកឡើងថា ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ក៏ដូចជានិន្នាការនៃសេដ្ឋកិច្ច នៅដំណាក់កាលនៃការងើបឡើងវិញនេះ បានរំលេចឡើង នូវភាពខ្លាំង និងភាពទន់ខ្សោយ ជារចនាសម្ព័ន្ធ របស់សេដ្ឋកិច្ចពិភពលោក ក៏ដូចជារបស់បណ្តាប្រទេសនីមួយៗ ហេតុដូចនេះនៅចំពោះមុខ កម្ពុជា ត្រូវផ្តោតជាសំខាន់លើចំណុចខ្លាំងរបស់ខ្លួន ពោលគឺការពង្រឹងក្បាលម៉ាស៊ីន អូសកំណើនសេដ្ឋកិច្ច ឱ្យកាន់តែរឹងមាំក្នុងនោះមាន វិស័យកម្មន្តសាល ដែលជាវិស័យប្រកបដោយសក្តានុពលខ្ពស់ ស្របនឹងនិន្នាការដែលមានការបង្វែរ ទិសដៅវិនិយោគលើមូលដ្ឋានផលិតកម្ម ចេញពីប្រទេសជិតខាងក្នុងតំបន់។
ទន្ទឹមនេះ វិស័យកសិកម្ម ក៏នៅតែជាវិស័យយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ជំរុញកំណើន ក៏ដូចជាការការពារសន្តិសុខស្បៀង ដែលអាចនឹងក្លាយជាបញ្ហាប្រឈម របស់សាកលលោកនាពេលខាងមុខ។ ការរៀបចំ និងត្រៀមខ្លួន ក្នុងវិស័យទេសចរ ស្របទៅតាមការងើបឡើងវិញ និងនិន្នាការនៃវិស័យនេះ ក៏ត្រូវកំណត់អាទិភាព និងប្រើប្រាស់ធនធាន ឱ្យបានសមស្របផងដែរ។

លើសពីនេះ ការទាក់ទាញវិនិយោគថ្មីៗ ដែលអាចជាចន្ទល់ ឬកំលាំងបន្ថែមថ្មី នៃការអូសកំណើនសេដ្ឋកិច្ច ក្នុងបរិការថ្មីនេះ គីជាការចាំបាច់មិនអាចខ្វះបាន។ ជាមួយគ្នានេះដែរ កម្ពុជាក៏ត្រូវបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ទាំងផ្នែករឹង និងផ្នែកទន់ ដើម្បីគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចគ្រប់វិស័យ ពិសេសដើម្បីលុបបំបាត់របាំងសេដ្ឋកិច្ចនានា នៅក្នុងខ្សែច្រវាក់ផលិតកម្ម ក្នុងនោះរួមមាន ៖ ឡូសជីស្ទីក ថ្លៃថាមពលអគ្គិសនី និងការអភិវឌ្ឍធនធានមនុស្ស និងជំនាញបច្ចេកទេស រួមទាំងក្របខណ្ឌច្បាប់គតិយុត្តិ ដើម្បីបង្កើតបរិយាកាសអំណោយផល ដល់ការរីកលូតលាស់ នៃវិស័យឯកជន និងការវិនិយោគ ពិសេសវិស័យ SMEs ដែលជាក្បាលម៉ាស៊ីនអូសកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យមានចីរភាព និងឱ្យកាន់តែមានសន្ទុះលឿនថែមទៀត នៅពេលខាងមុខ ។

លោកបានសង្កត់ធ្ងន់ថា ដើម្បីកសាងសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានភាពប្រកួតប្រជែង និងភាពធន់នឹងវិបត្តិ កម្ពុជាចាំបាច់ត្រូវមានស្ថាប័នរដ្ឋ ដែលខ្លាំងពូកែ វៃឆ្លាត និងស្អាតស្អំ សម្រាប់ដឹកនាំការងារកែទម្រង់ស៊ីជម្រៅ នៅគ្រប់ការដ្ឋានប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

តំណាងដៃគូអភិវឌ្ឍន៍បានគូសបញ្ជាក់ថា សេដ្ឋកិច្ចសកលបានចាប់ផ្តើមងើបឡើងវិញ ក្នុងឆ្នាំ២០២១ បន្ទាប់ពីបានធ្លាក់ចុះយ៉ាងគំហុកក្នុងឆ្នាំ ២០២០ និងត្រូវបានវាយតម្លៃថា សម្រេចបានកំណើនប្រមាណ ៥.៩% ក្នុងឆ្នាំ ២០២១ ដោយសារការដាក់ចេញ នូវគោលនយោបាយគាំទ្រ ជាបន្តបន្ទាប់ និងការបន្តចាក់វ៉ាក់សាំង ទាំងក្នុងកម្រិតសកល តំបន់ និងប្រទេស សំដៅកាត់បន្ថយផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ។

ទោះជាយ៉ាងនេះក្ដី សន្ទុះ និងគម្លាតនៃការស្ដារសេដ្ឋកិច្ចឡើងវិញ ឱ្យត្រឡប់ទៅរកកម្រិតមុនវិបត្តិជំងឺកូវីដ-១៩ រវាងសេដ្ឋកិច្ច ក្រុមប្រទេសអភិវឌ្ឍន៍ និងសេដ្ឋកិច្ចក្រុមប្រទេសកំពុងអភិវឌ្ឍ នៅតែជាបញ្ហាប្រឈម ដែលគួរបន្តយកចិត្តទុកដាក់។ សម្រាប់ឆ្នាំ២០២២ សេដ្ឋកិច្ចសកលត្រូវបានព្យាករថា នឹងសម្រេចបានកំណើនប្រមាណ ៤.៤% ទាបជាងការរំពឹងទុកនៅក្នុងបរិបទ នៃការលេចឡើងនូវរលក នៃការឆ្លងបណ្តាលមកពីវីរុសបំប្លែងខ្លួនថ្មី Omicron, ការបង្អាក់កាន់តែធ្ងន់ធ្ងរនៃច្រវ៉ាក់ផ្គត់ផ្គង់ជាសកល ការដកចេញជាបណ្តើរៗ នៃគោលនយោបាយគាំទ្រ របស់ប្រទេសអភិវឌ្ឍន៍ សំពាធអតិផរណា ដែលកើនឡើងលឿន ជាងការរំពឹងទុក និងកំណើនយឺត នៃតម្រូវការក្នុងស្រុករបស់ប្រទេសចិន ដោយសារវិធានការតឹងរឹងរបស់ចិន ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ជាដើម។

តាមការវាយតម្លៃរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សេដ្ឋកិច្ចកម្ពុជាត្រូវបានវាយតម្លៃថា នឹងងើបមកវិញក្នុងអត្រា កំណើនទាប ៣% ក្នុងឆ្នាំ ២០២១ ពីកំណើនអវិជ្ជមាន -៣,១% ក្នុងឆ្នាំ ២០២០ គាំទ្រភាពរឹងមាំនៃតម្រូវការខាងក្រៅ ដោយឆ្លុះបញ្ចាំងតាមរយៈកំណើន នៃវិស័យឧស្សាហកម្ម ជាពិសេស អនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ព្រមទាំងវិស័យកសិកម្ម ខណៈដែលវិស័យ សេវាកម្មជារួម ជាពិសេសវិស័យ ទេសចរណ៍ រងផលប៉ះពាល់ខ្លាំង ពីវិបត្តិកូវីដ-១៩ និងត្រូវការពេលវេលាច្រើនឆ្នាំ ដើម្បីអាចត្រឡប់ទៅរកកម្រិតមុនវិបត្តិ។

សម្រាប់ឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងបន្តនិន្នាការកើនឡើង ក្នុងរង្វង់៥.៦% និងឈានជាបណើ្តរៗ ទៅរកកំណើន សក្តានុពល ក្នុងរយៈពេលមធ្យមដែលគាំទ្រ ដោយកំណើនល្អប្រសើរ នៃតម្រូវការសកល និងការកើនឡើងវិញសន្សឹមៗ នូវទំនុកចិត្តវិនិយោគ និងការរំពឹងទុក នូវការអនុវត្តប្រកប ដោយប្រសិទ្ធភាពនៃ ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ២០២១-២០២៣ ដែលនឹងស្តារកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យត្រឡប់ទៅរកកំណើនសក្តានុពល និងពង្រឹងភាពធន់ នៃសង្គម-សេដ្ឋកិច្ច ដើម្បីឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកប ដោយចីរភាព និងបរិយាប័ន្ន។

ដោយឡែកភាពបើកចំហរ និងការផ្សារភ្ជាប់កាន់តែខ្លាំង ជាមួយច្រវាក់ផលិតកម្មតំបន់ និងសកលនៃសេដ្ឋកិច្ចកម្ពុជា អាចធ្វើឱ្យកម្ពុជារងនូវផល ប៉ះពាល់ដោយផ្ទាល់ និងប្រយោលពីហានិភ័យមួយចំនួន៖ ១.ការអូសបន្លាយ នៃវិបត្តិជំងឺកូវីដ-១៩ ជាពិសេសការរីករាលនៃវីរុសបំប្លែង ខ្លួនប្រភេទថ្មី, ២. ភាពរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល, ៣.ការរឹតបន្តឹងការធ្វើដំណើរ និងរំហូរមូលធនពីប្រទេស ដែលជាប្រភពវិនិយោគផ្ទាល់ ពីបរទេសរបស់កម្ពុជា, ៤. ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ក្នុងប្រទេសអភិវឌ្ឍន៍, ៥.ភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ និងជម្លោះរវាងមហាអំណាច និង៦. ការប្រែប្រួលអាកាសធាតុជាដើម។

ដៃគូអភិវឌ្ឍន៍បង្ហាញនូវជំហរយល់ស្របលើលទ្ធផល នៃការវាយតម្លៃសេដ្ឋកិច្ចកម្ពុជា និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងប្រសិទ្ធភាពនៃការអនុវត្តវិធានការអន្តរាគមន៍ទាន់ពេលវេលា ព្រមទាំងសម្តែងនូវការសារទរ ចំពោះរាជរដ្ឋាភិបាល ក្នុងការដាក់ឱ្យអនុវត្ត «ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ ២០២១-២០២៣» ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងជាក់ស្តែងនិយម។

បន្ថែមពីនេះ ដៃគូអភិវឌ្ឍន៍ក៏បានផ្តល់ធាតុចូលសំខាន់ៗ ដើម្បីចូលរួមគិតគូរលើការកំណត់ទិសដៅគោល នយោបាយអាទិភាព របស់រាជរដ្ឋាភិបាល សំដៅរួមចំណែក ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដើម្បីឈានទៅសម្រេចបានកំណើនរឹងមាំ ដូចមុនពេលមានវិបត្តិ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចជារួម។

ក្នុងនោះ វិស័យសំខាន់ៗដែលគួរតែជាវិស័យអាទិភាព សម្រាប់ការជំរុញចលនការសេដ្ឋកិច្ចកម្ពុជាទាំងក្នុង និងក្រោយបរិបទកូវីដ-១៩ រួមមាន៖ វិស័យសុខាភិបាល, វិស័យអប់រំ, ការអភិវឌ្ឍជំនាញ, ប្រព័ន្ធឡូជីស្ទីក, ហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម, វិស័យឌីជីថល, ការអភិវឌ្ឍបៃតង និងប្រព័ន្ធគាំពារសង្គម ជាពិសេសការបន្តកែទម្រង់ រដ្ឋបាលសាធារណៈ។

លោក វង្សី វិស្សុត បានថ្លែងអំណរគុណ សម្រាប់ការគាំទ្រ និងកិច្ច សហប្រតិបត្តិការល្អ ពីដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលតែងតែជួយជ្រោមជ្រែង និងគាំទ្រទាំង ផ្នែកបច្ចេកទេស និងធនធានដល់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងផ្តល់នូវអនុសាសន៍ គោលនយោបាយសំខាន់ៗ ដែលរួមចំណែកក្នុងការរៀបចំទិសដៅ គោលនយោបាយអាទិភាព របស់កម្ពុជាឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីជំរុញដល់កិច្ចអភិវឌ្ឍន៍ ប្រទេសទាំងក្នុងកំឡុងពេល និងក្រោយវិបត្តិជំងឺកូវីដ-១៩ ៕