(ឧត្តរមានជ័យ)៖ ក្នុងទិសដៅលើកកម្ពស់ជីវភាពប្រជាកសិករក្នុងខេត្តឧត្តរមានជ័យ ឲ្យកាន់តែប្រសើរឡើង មន្ទីរកសិកម្មខេត្ត បានសហការជាមួយវិទ្យាស្ថានកសិកម្មរបស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជា ដោយបានណែនាំឲ្យ ប្រជាកសិករក្នុងខេត្ត ចាប់អារម្មណ៍ងាកមកផលិតស្រូវជប៉ុនប្រភេទ Matsuri ដោយលក់បានតម្លៃខ្ពស់និងងាយស្រួលក្នុងការដាំដុះ។

លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ថា ស្រូវជប៉ុន Matsuri នេះ គឺបានធ្វើសាកល្បងរួចម្តងហើយ នៅស្ថានីយ៍កសិកម្មកូនគ្រៀល ក្នុងក្រុងសំរោង។ ការសាកល្បងនេះ លោកក៏មានការព្រួយបារម្ភខ្លាច មិនបានផលដោយវាមិនមានភាពស៊ាំជាមួយអាកាសធាតុនៅខេត្តឧត្តរមានជ័យ ប៉ុន្តែក្រោយពីបានធ្វើទៅ គឺទទួលបានលទ្ធផលល្អប្រសើរ ទិន្នផលល្អផងដែរពោល ស៊ាំនិងអាកាសធាតុ។

លោកប្រធានមន្ទីរ បានថ្លែងប្រាប់យ៉ាងដូច្នេះទៀតថា «ក្រោយពីយើងបានសាកល្បងទទួលបានជោគជ័យហើយ គឺយើងបានផ្សារភ្ជាប់ជាមួយកសិករ ដោយយើងបានគាំទ្រជាពូជ ជី តាមស្តង់ដាជប៉ុន យើងមានម៉ាស៊ីនស្ទូង បង្រៀនឲ្យគាត់ចេះធ្វើសំណាប ហើយឲ្យគាត់ដាំតាមបច្ចេកទេស ដោយសារស្រូវនេះវាទទួលបានផលត្រឹមរយៈពេលតែ៣ខែទេ ដូចប្រភេទស្រូវស្រាលរបស់ខ្មែរយើងដែរ ហើយយើងក៏បានផ្សារភ្ជាប់ដោយកិច្ចសន្យា»

លោកបានថ្លែងបញ្ជាក់ទៀតថា ស្រូវជប៉ុន (ស្ងួត) អាចលក់បាន១គីឡូតម្លៃ១៦០០រៀល ទៅ១៨០០រៀល អាស្រ័យលើគុណភាពស្រូវ។ លោកថា «បើស្រូវបានស្អាតអត់មានលាយស្មៅ អត់មានប៉ះពាល់ជាមួយពណ៌ខ្មៅទេ តម្លៃអាចបាន១គីឡូ១៨០០រៀល»

លោកបន្តថា នេះជាតម្លៃមួយល្អសម្រាប់កសិករ បើប្រៀបធៀបជាមួយស្រូវរបស់ខ្មែរយើង គឺស្រូវនេះបានតម្លៃខ្ពស់ជាងគេ ពិសេសគឺគាំទ្រឲ្យកសិករខ្ចីពូជ ខ្ចីជី ហើយពេលទទួលផលទើបកាត់កងគ្នាជាក្រោយ។

លោក សូត្រ ស៊ីសុខឃាង បានបញ្ជាក់ទៀតថា តាមផែនការការសាកល្បងគឺចំនួន២០ហិកតា ហើយនៅថ្ងៃខាងមុខនឹងរីករាប់រយហិកតាទៀត ដោយសារជនជាតិជប៉ុនគាត់មកជួយធ្វើយើង គាត់ជាអនុប្រធានវិទ្យាស្ថានកសិកម្មរបស់ ប្រទេសជប៉ុនប្រចាំនៅកម្ពុជា។ គាត់មកជួយខេត្តឧត្តរមានជ័យតាមរយៈការផលិតស្រូវជប៉ុន ហើយស្រូវនេះអាចធ្វើបានគ្រប់រដូវ សំខាន់មានទឹកស្រូចស្របគ្រប់គ្រាន់។

លោកសង្ឃឹមថា អាចជោគជ័យលើការផលិតស្រូវជប៉ុននេះ ព្រោះកសិករមានការប្តេជ្ញាចិត្តខ្ពស់ ហើយមន្ទីរកសិកម្មខេត្ត ក៏តាមជួយកាត់រហូតតាំងពីការដាំដុះរហូតប្រមូលផលនិយាយរួម គឺមានមន្ត្រីនៅប្រចាំជាមួយកសិករលើការផលិតស្រូវនេះ៕