(ភ្នំពេញ)៖ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្នុងឆ្នាំ២០២១ កម្ពុជាបាននាំចេញផលិតផលកសិកម្ម សរុបសម្រេចបានចំនួន ១៥.៤០លានតោន កើនឡើង៦៣.៨៣%ធៀបនឹងឆ្នាំ២០២០។

ថ្លែងក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធការងារ អនុវិស័យដំណាំកសិកម្ម ឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ថា «នៅក្នុងឆ្នាំ២០២១ ការនាំចេញផលិតផលកសិកម្ម សរុបសម្រេចបានចំនួន ១៥,៤០លានតោន ក្នុងនោះ ការនាំចេញមានវិញ្ញាបនបត្រ មានចំនួន ៧,៩៨លានតោន ទៅកាន់ទិសដៅ៦៨ប្រទេស កើនឡើង ៦៣,៨៣%ធៀបនឹងឆ្នាំ២០២០»។

ការនាំចេញកសិផលមានវិញ្ញាបនបត្រច្រើនជាងគេរួមមាន ស្រូវចំនួន២.១៩លានតោន ចំណិតដំឡូងមីក្រៀមចំនួន១.៦៤លានតោន ដំឡូងមីស្រស់ចំនួន ១.១០លានតោន អង្ករចំនួន៦២០ពាន់តោន ផ្លែចេកអំបូងលឿងចំនួន៤២០ពាន់តោន ផ្លែស្វាយស្រស់ចំនួន ២៤០ពាន់តោន និងគ្រាប់ពោតចំនួន២០០ពាន់តោន។

ផ្ទៃដីផលិតកម្មស្រូវសរុបទូទាំងប្រទេស សម្រេចបានចំនួន៣.៥៥លានហិកតា ស្មើនឹង១១៦%នៃផែនការ ក្នុងនោះស្រូវរដូវប្រាំងមានចំនួន ៦៥០ពាន់ហិកតា និងស្រូវរដូវវស្សាមានចំនួន ២.៩០លានហិកតា ដែលផ្ទៃដីដាំដុះសរុបនេះ បានកើនឡើងចំនួន៤.៤១% ធៀបនឹងឆ្នាំ២០២០។

បរិមាណផលស្រូវសរុបទទួលបានចំនួន ១២.២១លានតោន ក្នុងនោះ ស្រូវរដូវប្រាំងមានចំនួន ២.៩៣លានតោន និងស្រូវរដូវវស្សាមានចំនួន
៩.២៨លានតោន ដែលបរិមាណផលសរុបបានកើនឡើងចំនួន ១១.៦% ធៀបនឹងឆ្នាំ២០២០។

ដោយឡែកផ្ទៃដីផលិតកម្មដំណាំសាកវប្បកម្មសម្រេច បានចំនួន ៣០៨ ៣៩០ហិកតា ដែលទទួលបានបរិមាណផលចំនួន ៤ ៣៦៥ ៨៧៨តោន។ ផលិតកម្មដំណាំសាកវប្បកម្មសំខាន់ចំនួន៥ប្រភេទ ដែលមានសក្តានុពលសម្រាប់ការនាំចេញគឺ៖ ១-ចេកអំបូងលឿង មានចំនួន ២៦៣ ១៤២តោន, ៣- ស្វាយមានចំនួន ២ ១៩៧ ២៦៥តោន, ៤-មៀន/មៀនប៉ៃលិនមានចំនួន ១៣១ ៤៩៨តោន និង ៤- ម្នាស់មានចំនួន ៦២ ៥៦៤តោន។

ចំពោះផ្ទៃដីផលិតកម្ម ដំណាំឧស្សាហកម្មសម្រេចបានចំនួន ១.៤៥លានហិកតា ដែលទទួលបានបរិមាណផលចំនួន១៩.១៦លានតោន។ ផលិតកម្មដំណាំឧស្សាហកម្មសំខាន់៥ប្រភេទ ដែលមានសក្តានុពលសម្រាប់នាំចេញគឺ៖ ១- ដំឡូងមីមានចំនួន ១៤.៧៣លានតោន, ២-ពោតក្រហមមានចំនួន ៧០០ពាន់តោន, ៣-ស្វាយចន្ទីមានចំនួន ៤៧០ពាន់តោន, ៤- ដូងប្រេងមានចំនួន ៣៦០ពាន់តោន និង៥-ម្រេចមានចំនួន ១៨ពាន់តោន។

ក្រសួងកសិកម្ម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គនាយកដ្ឋានកសិកម្ម ដែលបានខិតខំបំពេញភារកិច្ច យ៉ាងសកម្មប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តតួនាទីរបស់ខ្លួន សម្រេចទទួលបានលទ្ធផលគួរជាទីមោទន។

លោកជំរុញឲ្យអគ្គនាយកដ្ឋានកសិកម្ម ត្រូវបន្តកៀរគរផ្នែកឯកជន និងលើកទឹកចិត្តបន្ថែមទៀត ក្នុងការចូលរួមវិនិយោគ នៅក្នុងផលិតកម្មដំណាំបន្លែសុវត្ថិភាព ដោយប្រើប្រាស់បច្ចេកទេសទំនើប ប្រកបដោយភាពវៃឆ្លាត ការដាំដុះទំនើប ផ្ទះសំណាញ់ បច្ចេកទេសសន្សំសំចៃទឹក គម្របថង់ផ្លាស្ទិកកាត់បន្ថយការប្រើប្រាស់ទឹក កាត់បន្ថយកម្លាំងពលកម្ម។

ជាមួយគ្នានេះជំរុញមានការរៀបចំគម្រោងសាកល្បង ផ្តល់ថវិកាបំពេញបន្ថែមទុនវិនិយោគទៅកសិករ ក្រុមអ្នកផលិត/សហគមន៍កសិកម្ម ដែលវិនិយោគលើការសាងសង់ផ្ទះកញ្ចក់/សំណាញ់សម្រាប់ការដាំបន្លែ ដោយអនុវត្តកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុនឯកជន ឬផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាប។

វិនិយោគលើទីផ្សារបោះដុំ ហេដ្ឋារចនាសម្ព័ន្ធត្រួតពិនិត្យ និងបញ្ជាក់គុណភាព-សុវត្ថិភាព។ ប្រព័ន្ធបញ្ជាក់ប្រភពដើមផលិតផល និងរចនាសម្ព័ន្ធគាំទ ដូចជាទូត្រជាក់តាមយន្តការជាដៃគូរវាងរដ្ឋ និងឯកជន (PPP) នៅលើទីតាំងដែលជាកម្មសិទ្ធិរបស់រដ្ឋ និងឯកជន ដែលមានសក្តានុពលខ្ពស់ ក្នុងការប្រមូលផ្ដុំបន្ថែម ចំនួន០៣កន្លែង សាកល្បងក្នុងជំហានទី១ ដូចជាតំបន់ជាយក្រុងភ្នំពេញ ខេត្តបាត់ដំបង និងខេត្តត្បូងឃ្មុំ។

ក្នុងឱកាសបិទសន្និបាតនោះ ក៏មានការដាក់តាំងបង្ហាញនូវផលិតផលកសិកម្មផងដែរ ដោយមានចេកអំបូងលឿង នៅក្នុងខេត្តកំពត របស់ក្រុមហ៊ុន Longmate Agricalture, បន្លែសុវត្ថិភាពរបស់ក្រុមហ៊ុន Tropicam Fruit & Vegetable នៅបន្ទាយដែក ខេត្តកណ្តាល និងស្វាយកែវរមៀត កំពង់ស្ពឺ របស់ក្រុមហ៊ុន Richfarm Asia៕