(ប៉េកាំង)៖ ក្រសួងហិរញ្ញវត្ថុចិនបានឱ្យដឹងថា ចំណូលសារពើពន្ធរបស់ប្រទេសចិនបានកើនឡើង ១០,៧ភាគរយនៅឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០ ដល់ ២០,២៥ទ្រីលានយ័ន (ប្រហែល ៣,១៩ទ្រីលានដុល្លារអាមេរិក)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួ។

លោក Xu Hongcai អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិនបានឱ្យដឹងនៅថ្ងៃអង្គារក្នុងសន្និសីទសារព័ត៌មានមួយថា ចំណូលសារពើពន្ធក្នុងឆ្នាំ២០២១ កើនឡើងជិតទ្វេដងធៀបនឹងចំណូលចំនួន ១១,៧៣ទ្រីលានយ័ននៅឆ្នាំ២០១២។

រដ្ឋាភិបាលថ្នាក់ណ្តាលប្រមូលចំណូលបានប្រហែល ៩,១៥ទ្រីលានយ័ន កើនឡើង ១០,៥ភាគរយនៅឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០ ខណៈដែលរដ្ឋាភិបាលថ្នាក់មូលដ្ឋានប្រមូលចំណូលបាន ១១,១ទ្រីលានយ័ន កើនឡើង ១០,៩ភាគរយ។

លោក Xu បានមានប្រសាសន៍ថា៖ «ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងកើនឡើងតម្លៃផលិតកម្មកាន់តែខ្ពស់ បានជួយជំរុញប្រាក់ចំណូលសារពើពន្ធរបស់រដ្ឋាភិបាលថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន»។

ការចំណាយសារពើពន្ធរបស់ប្រទេសចិនបានកើនឡើង ០,៣ភាគរយនៅឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០ ដល់ ២៤,៦៣ទ្រីលានយ័ន (ប្រហែល ៣,៨៩ទ្រីលានដុល្លារអាមេរិក)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួ៕