(ណៃពិដោ)៖ ការចាកចេញរបស់ក្រុមហ៊ុនថាមពល TotalEnergies និងក្រុមហ៊ុន Chevron ពីឧស្សាហកម្មឧស្ម័នតម្លៃរាប់ពាន់លានដុល្លាររបស់មីយ៉ាន់ម៉ាត្រូវបានស្វាគមន៍ដោយក្រុមសិទ្ធិមនុស្ស ប៉ុន្តែក្រុមអ្នកវិភាគបានឱ្យដឹងថា វានឹងមិនធ្វើឱ្យក្រុមយោធាចុះខ្សោយខ្លាំងទេ ហើយអាចធ្វើឱ្យក្រុមនេះមានបានក្នុងរយៈពេលខ្លីទៀតផង។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

ក្រុមហ៊ុនបារាំងនិងក្រុមហ៊ុនអាមេរិកទាំងពីរនេះកាលពីថ្ងៃសុក្រសប្តាហ៍មុនបានប្រកាសផែនការចាកចេញពីវាលឧស្ម័ន Yadana ក្នុងសមុទ្រអាដាម៉ាន ដែលជាប្រភពឧស្ម័នធម្មជាតិធំមួយសម្រាប់ផលិតអគ្គិសនីសម្រាប់ប្រទេសថៃ និងមីយ៉ាន់ម៉ា។

ក្រុមហ៊ុន TotalEnergies គឺជាម្ចាស់ភាគហ៊ុនធំ និងជាប្រតិបត្តិការគម្រោង Yadana ដោយមានភាគហ៊ុន ៣១,២៤ភាគរយ ហើយក្រុមហ៊ុន Chevron កាន់កាប់ភាគហ៊ុន ២៨ភាគរយ។ ក្រុមហ៊ុនថៃ PTT Exploration and Production of Thailand (PTTEP) កាន់កាប់ភាគហ៊ុន ២៥,៥ភាករយ ហើយភាគហ៊ុន ១៥ភាគរយកាន់កាប់ដោយក្រុមហ៊ុនរដ្ឋមីយ៉ាន់ម៉ា Myanma Oil and Gas Enterprise (MOGE)។

ប្រាក់ចំណូលពីក្រុមហ៊ុន MOGE គឺជាប្រភពចំណូលដ៏ធំមួយសម្រាប់ក្រុមយោធាមីយ៉ាន់ម៉ា។

ឧស្សាហកម្មឧស្ម័នរបស់មីយ៉ាន់ម៉ាដែលអង្គការ Human Rights Watch ថាបានបង្កើតប្រាក់ចំណូល ១ប៊ីលានដុល្លារក្នុងមួយឆ្នាំ បានគេចផុតពីការដាក់ទណ្ឌកម្មពីអាមេរិក និងអឺរ៉ុបបន្ទាប់ពីវិស័យដែលរកប្រាក់ចំណូលបានច្រើនគឺឈើ និងគជ់បានទទួលរងការដាក់ទណ្ឌកម្មរួចមក។

លោក Manny Maung អ្នកស្រាវជ្រាវនៅអង្គការ Human Rights Watch បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «ការប្រកាសកាលពីថ្ងៃសុក្រពិតជាមានសារៈសំខាន់ខ្លាំង»

លោកបន្ថែមថា៖ «ប៉ុន្តែវាត្រូវការសម្ពាធបន្ថែមទៀតដើម្បីដាក់ទៅលើក្រុមពួកយោធា។ រដ្ឋាភិបាលលែងមានលេសក្នុងការពន្យាការដាក់ទណ្ឌកម្មដែលត្រូវបាន​កំណត់ទិសដៅលើអង្គភាពប្រេងនិងឧស្ម័នទៀតហើយ ដើម្បីទប់ស្កាត់អង្គភាពដែលខិលខូចផ្សេងទៀតណាមួយពីការចូលក្នុងទីផ្សារ»។

ការដាកចាកចេញរបស់ក្រុមហ៊ុន TotalEnergies និងក្រុមហ៊ុន Chevron នឹងធ្វើឱ្យក្រុមយោធាបាត់បង់ប្រាក់រាប់រយលានដុល្លារក្នុងមួយឆ្នាំ។

ក្រុមហ៊ុន TotalEnergies តែម្នាក់ឯងបានបង់ពន្ធ និងសិទ្ធិផលិតកម្មគិតជាទឹកប្រាក់ប្រហែល ១៧៦លានដុល្លារទៅឱ្យអាជ្ញាធរមីយ៉ាន់ម៉ាក្នុងឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

លោកស្រី Naw Susanna Hla Hla Soe រដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាដែលភាគច្រើនប្រមូលផ្តុំដោយសមាជិកសភារបស់គណបក្សលោកស្រី អ៊ុង សានស៊ូជី បានថ្លែងថា ការចាកចេញរបស់ក្រុមហ៊ុនទាំងពីរគឺជាការផ្ញើរសារដ៏ខ្លាំងមួយទៅកាន់ក្រុមយោធា។

លោកស្រីថ្លែងថា៖ «ក្រុមហ៊ុនផ្សេងទៀត ត្រូវតែអនុវត្តគំរូរបស់ក្រុមហ៊ុន Total ដើម្បីដាក់សម្ពាធបន្ថែមទៀតទៅលើពួកក្រុមឧត្តមសេនីយ៍»។

គ្មានទំនុកចិត្តខណៈដែលក្រុមហ៊ុនទាំងពីរនេះបានចាកចេញដោយសារបញ្ហាសិទ្ធិ​មនុស្ស តើក្រុមហ៊ុនផ្សេងទៀត​ដែលទទួលបានប្រយោជន៍​តិចជាងក្រុមហ៊ុនទាំងពីរនេះក្នុងរបបយោធា នឹងចាកចេញពីមីយ៉ាន់ម៉ាដែរឬទេ?

លោកបណ្ឌិត Htwe Htwe Thein មកពីសាកលវិទ្យាល័យ Curtin ក្នុងប្រទេសអូស្រ្តាលី បានប្រាប់ AFP ថា៖ «វានឹងពិបាកក្នុងការបង្ខំក្រុមវិនិយោគិនអាស៊ីចាកចេញ ពីព្រោះការប្តេជ្ញាចិត្តចំពោះសិទ្ធិមនុស្សរបស់វិនិយោគិនទាំងនោះ និងសម្ពាធរបស់ម្ចាស់ភាគហ៊ុនលើពួកគេមានកម្រិតទាប»។

ក្រុមអ្នកវិភាគផ្សេងទៀតបានឱ្យដឹងថា វាអាចកើតមានដែរថា ក្រុមយោធានឹងទទួលបានផលចំណេញរយៈពេលខ្លីពីការផ្លាស់ប្តូរម្ចាស់​ភាគហ៊ុនក្រោយយពីការចាកចេញ​រស់ក្រុមហ៊ុន TotalEnergies និងក្រុមហ៊ុន Chevron។ លោក Richard Horsey អ្នកផ្តល់ប្រឹក្សាជាន់ខ្ពស់របស់ប្រទេសមីយ៉ាន់ម៉ា​ទៅឱ្យក្រុមវិបត្តិអន្តរជាតិ (International Crisis Group) បានថ្លែងថា ការដកខ្លួនរបស់ក្រុមហ៊ុន TotalEnergies គឺជា «បោះឆ្នោតដ៏ធំមួយបង្ហាញពីការមិនទុកចិត្តរបបយោធា»។

លោកបន្ថែមថា ប៉ុន្តែក្រុមយោធានឹងទំនងជាអាច «លក់ភាគហ៊ុនរបស់ប្រតិបត្តិការដែលចាកចេញ» ដែលនឹងបង្កើនប្រាក់ចំណូលបន្ថែមទៀតទៅដល់ថវិការដ្ឋ។

លោកថ្លែងថាទៀត ក្រុមយោធាក៏នឹងអាច «ទាក់ទាញ និងចរចាលក្ខខណៈអំណោយផលពីប្រតិបត្តិករ​នានាដែលស្ថិតនៅក្រៅវិសាលភាពទណ្ឌក​ម្មរបស់​ប្រទេសលោកខាងលិច»៕