(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាភិបាល សមាគមវារីវប្បករនៅកម្ពុជា បានសម្តែងការសាទរ ចំពោះការបើកកិច្ចប្រជុំថ្នាក់បច្ចេកទេស រវាងកម្ពុជា និងចិន ដើម្បីវាយតម្លៃលើភូតគាមអនាម័យត្រីប្រារបស់កម្ពុជា ដែលលោករំពឹងថានឹងអាចនាំចេញជាផ្លូវការទៅប្រទេសចិននាពេលឆាប់ៗ ក្នុងឆ្នាំ២០២២នេះ។

លោក សុខ រ៉ាដែន ប្រធានក្រុមប្រឹក្សាភិបាល សមាគមវារីប្បករកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមបែបនេះ ដោយសារបរិមាណត្រីប្រា ដែលចិញ្ចឹមនៅកម្ពុជាមានចំនួនច្រើន អាចបំពេញតាមតម្រូវការនៃការបញ្ជាទិញរបស់ភាគីចិន។ ចំណែកការចិញ្ចឹមសុទ្ធតែចិញ្ចឹមដោយមានគុណភាព និងមានស្តង់ដារខ្ពស់។

ទោះជាយ៉ាងនេះក្តី លោករង់ចាំមើលថា តើភាគីចិនតម្រូវឱ្យមានការនាំចូល ចំពោះប្រភេទត្រីប្រា មានកម្រិតស្តង់ដារបែបណា? និងការចរចាតម្លៃរវាងភាគគីទាំងពីរ ដើម្បីផ្តល់ចំណេញដល់អ្នកចិញ្ចឹមដែរទេ?

លោក សុខ រ៉ាដែន បានជំរុញឱ្យអ្នកចិញ្ចឹម ត្រូវចិត្តទុកដាក់បន្ថែមទៀត អំពីបច្ចេសទេសនៃការចិញ្ចឹមត្រី បញ្ហាភូតគាមអនាម័យនៃការចិញ្ចឹមត្រី និងគុណភាពស្តង់ដារ ដើម្បីឱ្យត្រីរបស់ខ្លួន អាចនាំចេញទៅប្រទេសចិនបាន។

លោកបន្តថា «ការវាយតម្លៃពីខាងភាគីចិន មុននឹងសម្រេចអនុញ្ញាតឱ្យយើងនាំត្រីប្រាទៅស្រុកចិន គឺជាការល្អ ដើម្បីញញ្ញាក់ប្រជាពលរដ្ឋយើង ឱ្យយល់ដឹងមួយកម្រិតធំទៀត កុំឱ្យគាត់ទម្លាប់ដូចកាលពីដើម ដែលចិញ្ចឹមតាមរបៀបលក្ខណៈធម្មតា និងមិនយកចិត្តទុកដាក់ ទៅលើភូតគាមអនាម័យ ការធ្វើឱ្យទឹកស្រះល្អ និងមានបរិស្ថានល្អនៅជុំវិញកន្លែងចិញ្ចឹម។ ដូច្នេះនេះជារបត់ថ្មី ដើម្បីឱ្យយើងឈានចូលមួយជំហានទៀត គឺត្រូវតាំងចិត្ត តាំងគំនិត យើងឱ្យផ្តោតធ្វើម៉េចឱ្យផលិតត្រីល្អ មិនចាំបាច់គេប្រាប់ទេ»

លោកបានឱ្យដឹងផងដែរ ដោយសារតែត្រីប្រាធ្លាក់តម្លៃក្នុងឆ្នាំនេះ ធ្វើឱ្យកសិករកាត់បន្ថយការចិញ្ចឹម តែយ៉ាងណាវារីប្បករនឹងបង្កើនការចិញ្ចឹម ដើម្បីផលិតសម្រាប់ចេញទៅចិន។

សូមជម្រាបថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ក្រុមការងារបច្ចេកទេសរដ្ឋបាលជលផលកម្ពុជា និងអគ្គនាយកដ្ឋានរដ្ឋបាលគយចិនបានចាប់ផ្តើម ប្រជុំពិភាក្សាជាលើកដំបូង តាមប្រព័ន្ធអនឡាញ ដើម្បីវាយតម្លៃលើភូតគាមអនាម័យត្រីប្រាកសិដ្ឋានវារីវប្បកម្មត្រីប្រា និងសហគ្រាសកែច្នៃត្រី មុននឹងភាគីចិនសម្រេចអនុញ្ញាតឱ្យត្រីប្រាកម្ពុជានាំចូលទៅប្រទេសចិន ។ កិច្ចប្រជុំនេះមានរយៈពេល៩ ដែលនឹងបញ្ចប់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។

កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្រកាសថា ភាគីចិនបានសម្រេចក្នុងការសិក្សា និងវាយតម្លៃផ្នែកហានិភ័យផ្នែកភូតគាមអនាម័យ លើផ្លែមៀន និងត្រីប្រារបស់កម្ពុជា តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដែលជាវិធានការសំខាន់ ដូច្នេះការនាំចេញត្រីប្រា នឹងអាចនាំចេញក្នុងពេលឆាប់ៗខាងមុខ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាក៏បានថ្លែងថា ការពន្លឿននៃការនាំចេញផ្លែមៀន និងត្រីប្រា ជាសមិទ្ធផលដ៏ធំកើតចេញ ពីជំនួបពិភាក្សារវាងសម្តេច និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថានឹងឃើញវត្តមាន ម្ហូបអាហារធ្វើពីត្រីប្រាខ្មែរ លើតុអាហាររបស់ចិន ហើយសម្តេចតេជោ បានចាត់ទុកការនាំចូលត្រីប្រាពីសំណាក់ចិន នឹងផ្តល់ឱកាសកាន់តែច្រើន សម្រាប់អ្នកចិញ្ចឹមត្រីប្រា៕