(ភ្នំពេញ)៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តនៃកម្ពុជា បានប្រកាសអំពីមេរោគបំប្លែងថ្មី អូមីក្រុង មិនមានផលប៉ះពាល់ធ្ងន់ធ្ងរ និងអនុញ្ញាតឱ្យអ្នកជំងឺផ្ទុកមេរោគអូមីក្រុង អាចព្យាបាលបាននៅផ្ទះនោះ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនួញនៅកម្ពុជាយល់ថា គឺជាកត្តាមួយដែលផ្តល់ទំនុកចិត្តដល់អ្នករកស៊ី អ្នកវិនិយោគឱ្យចេញរកស៊ី ធ្វើដំណើរ ដើម្បីឱ្យសកម្មភាពសង្គម និងសេដ្ឋកិច្ចវិលមកភាពធម្មតាវិញ។

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តនៃកម្ពុជា បានប្រកាសថា មេរោគបំប្លែងខ្លួនថ្មី អូមីក្រុង ទោះបីមានការចម្លងលឿន តែវាមិនមែនជាប្រភេទជំងឺដ៏គ្រោះថ្នាក់នោះទេ បើធៀបជាមួយដែលតា និងអាល់ហ្វា ដែលអាចអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះ នៅតាមសណ្ឋាគារ និងនៅតាមទីកន្លែងបាន ខណៈដែលកាលពីមុនអនុញ្ញាតឱ្យអ្នកជំងឺអូមីក្រុង ត្រូវទៅព្យាបាលនៅមន្ទីរពេទ្យតែប៉ុណ្ណោះ។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះថា នេះជាដំណឹងដ៏ល្អដែលសម្តេចប្រមុខរាជរដ្ឋាភិបាល ប្រកាសឱ្យអ្នកជំងឺអូមីក្រុងអាចព្យាបាលទៅផ្ទះបាន ដែលសបញ្ជាក់ថា រាជរដ្ឋាភិបាលអាចគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩បាន ដែលធ្វើឱ្យវិស័យឯកជន លែងមានការព្រួយបារម្ភខ្លាំង និងមានសកម្មភាពប្រកបរកស៊ី ដោយ មិនភ័យខ្លាំង។

លោកបន្តថា ភាពជោគជ័យនៃការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ និងបន្ទាប់ពីការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជា និងកិច្ចព្រមព្រៀង RCEP នៅក្នុងឆ្នាំនេះ បានធ្វើឱ្យដំណើរការចុះបញ្ជីនៃការវិនិយោគ និងសកម្មភាពវិនិយោគនៅកម្ពុជា ដំណើរការទៅយ៉ាងល្អប្រសើរ។

ឧកញ៉ា លឹម ហេង បញ្ជាក់ថា «កន្លងមកពេលដែលបើកសេដ្ឋកិច្ចឡើងវិញ ពេលដែលលឺថា អូមីក្រុង មកមានការរឹតបន្តឹង វិស័យទេសចរណ៍ វិស័យផ្សេងៗមានការបារម្ភព្រួយឡើងវិញ អំពីបញ្ហាជំងឺឆ្លងកូវីដនេះ ប៉ុន្តែក្រោយប្រកាសនេះ ធ្វើឱ្យវិស័យឯកជនសាទរ ដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ។ ជាមួយគ្នានេះចំពោះការវិនិយោគវិញ ក្នុងពេលកន្លងមក ពេលមានការរឹតបន្តឹងធ្វើឱ្យមានការរុញរា ពីអ្នកវិនិយោគមួយចំនួន ដល់ឥឡូវការប្រកាសនេះ ធ្វើឱ្យអ្នកវិនិយោគពីបរទេសប្រុងមកកម្ពុជា គាត់នឹងកំណត់ពេលមកកាន់កម្ពុជា ដោយមិនរារែកទេ»

ជុំវិញបញ្ហានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ពីផលប៉ះពាល់ជាវិជ្ជមាននៃការរីករាលដាលនៃមេរោគបំប្លែងខ្លួន អូមីក្រុង មានសារៈសំខាន់ណាស់ សម្រាប់ទិដ្ឋភាពសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។

លោកបញ្ជាក់ថា «ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន គឺបានផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកប្រកបមុខរបរ តាំងពីតូចតាចរហូតដល់វិនិយោគិន និងអ្នកទេសចរជាតិ និងអន្តរជាតិជាច្រើន ដែលអាចធ្វើឱ្យមានជំនឿចិត្ត និងភាពកក់ក្តៅនូវដំណើរការ អាជីវកម្មរបស់គាត់ ការរកស៊ី ការធ្វើដំណើរការកម្សាន្តផ្សេងៗ។ ព្រោះអ្វីដែលសម្តេចបានប្រកាស គឺទាល់តែច្បាស់លាស់ណាស់ ដោយសារមុននឹងគាត់ប្រកាស គាត់បានប្រជុំអន្តរក្រសួង ជាពិសេសអ្នកបច្ចេកទេស ឬស្ថាប័នពាក់ព័ន្ធ»

ប្រមាណ៣ខែហើយ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកសេដ្ឋកិច្ចឡើងវិញ ពោលគឺតាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២១មក ដែលធ្វើឱ្យប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មបានចេញប្រកបរបរជាធម្មតាឡើងវិញ និងការធ្វើដំណើរកម្សាន្ត ឬការជួបជុំជាប្រក្រតីឡើងវិញ ដែលធ្វើឱ្យពលរដ្ឋមានការសាទរ។

លោកបណ្ឌិត ហុង វណ្ណៈ បានលើកឡើងបន្ថែមថា ក្នុងរយៈពេលបីខែដែលកម្ពុជា បើកប្រទេសឡើងវិញនេះ ធ្វើឱ្យផលរបរដែលពលរដ្ឋបានចេញប្រកបឡើងវិញ ហាក់មានលក្ខណៈប្រសើរឡើងវិញបន្តិចៗហើយ ប្រសិនបើការគ្រប់គ្រងជំងឺកូវីដ១៩ នៅតែល្អប្រសើរ នៅឆ្នាំ២០២២នេះ ស្ថានភាពសង្គម និងសេដ្ឋកិច្ចកម្ពុជានឹងអាចវិលទៅភាពធម្មតា ដូចឆ្នាំ២០១៩វិញជាមិនខាន។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៣៣០,៣៧២នាក់។

រយៈពេល១៨ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២មក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩។ គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២១,០០០នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,១៩៥នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕