(បាងកក)៖ សេដ្ឋកិច្ចរបស់ប្រទេសថៃនៅតែរំពឹងថានឹងកើនឡើងចន្លោះពី ៣,៥ ទៅ ៤,៥ភាគរយនៅឆ្នាំនេះ ដែលត្រូវបានជំរុញដោយគោលនយោបាយសារពើពន្ធ ការនាំចេញ និងការវិនិយោគ បើទោះជាការផ្ទុះវីរុសប្រភេទថ្មីអូមីក្រុងនៅតែជាបញ្ហាប្រឈមក្តី។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយស្រង់សំដីរបស់លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃដែលបានថ្លែងក្នុងសិក្ខាសាលាធុរកិច្ចមួយថា កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២១ ត្រូវបានប៉ាន់ប្រមាណថានឹងសម្រេចបានត្រឹមតែ ១ភាគរយប៉ុណ្ណោះ ដោយសារវិស័យទេសចរណ៍ដ៏សំខាន់របស់ប្រទេសនេះនៅមិនទាន់ស្ទុះងើបឡើងវិញខ្លាំងនៅឡើយ ប៉ុន្តែការចាប់ផ្តើមឡើងវិញនូវការលើកលែងការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរបរទេសចាប់ពីខែក្រោយទៅ គួរតែជួយជំរុញវិស័យនេះវិញ។

លោករដ្ឋមន្ត្រីបានថ្លែងថា សន្ទុះនាំចេញគួរបន្តកើតមាន បើទោះជាមានការអាក់ខានចង្វាក់ផ្គត់ផ្គង់ពិភពលោកក្តី។

លោក Arkhom បានថ្លែងថា រដ្ឋាភិបាលថៃមានផែនការវិនិយោគទឹកប្រាក់ចំនួន ៩០០ប៊ីលានបាត (ប្រហែល ២៧ប៊ីលានដុល្លារ) លើគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅឆ្នាំនេះ ហើយក៏មានគម្រោងវិនិយោគសាធារណៈនិងឯកជនផ្សេងទៀតផងដែរ។

លោកបន្តថា បន្ទាប់ពីមានផែនការខ្ចីប្រាក់ចំនួន ១,៥ទ្រីលានបាតកន្លងមក រដ្ឋាភិបាលថៃនៅតែអាចខ្ចី ១០ភាគរយបន្ថែមទៀតនៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ប្រសិនបើចាំបាច់។ លោក Arkhom មានប្រសាសន៍ថា៖ «ស្ថានភាពសារពើពន្ធនៅតែខ្លាំង។ ក្នុងករណីមានវិបត្តិ រដ្ឋាភិបាលត្រៀមរួចជាស្រេចដើម្បីគាំទ្រសេដ្ឋកិច្ច»។

ជាមួយនឹងការកើនឡើងតម្លៃទំនិញ លោករដ្ឋមន្ត្រីបានថ្លែងថា រដ្ឋាភិបាលនឹងព្យាយាមរក្សាអតិផរណាឱ្យនៅក្នុងកម្រិតពី ១ ទៅ ៣ ភាគរយ។

លោក Sakkapop Panyanukul នាយកជាន់ខ្ពស់នៃធនាគារកណ្តាលថៃ បានប្រាប់សិក្ខាសាលាថា អតិផរណាអាចមានកម្រិតខ្ពស់ជាងការព្យាករ ប៉ុន្តែមិនប៉ះពាល់ដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចឡើយ។ ធនាគារកណ្តាលព្យាករថា អតិផរណានឹងមាន ១,៧ភាគរយនៅឆ្នាំ២០២២ និង ១,៤ភាករយនៅឆ្នាំ២០២៣។

ធនាគារកណ្តាលថៃរំពឹងថា ផ.ស.ស នឹងកើនឡើងជិត ១ភាគរយនៅឆ្នាំ២០២១ និង ៣,៤ភាគរយនៅឆ្នាំនេះ ដែលត្រូវបានទម្លាក់ពី ៣,៩ភាគរយដោយសារការផ្ទុះវីរុសអូមីក្រុង។ ទិន្នន័យផ្លូវការសម្រាប់ឆ្នាំ២០២១ និងត្រីមាសទី៤ ឆ្នាំ២០២១ នឹងចេញផ្សាយនៅខែក្រោយ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕