(ភ្នំពេញ)៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានព្យាករណ៍ថា នៅឆ្នាំ២០២២នេះ នឹងមានក្រុមហ៊ុនចំនួន៨ទៀត មកចុះបញ្ជី ដែលនឹងធ្វើឱ្យក្រុមហ៊នចុះបញ្ជី នៅផ្សារមូលបត្រកម្ពុជា កើនឡើងដល់២៣ក្រុមហ៊ុន។

ជាមួយគ្នានេះ នៅឆ្នាំ២០២២នេះ CSX ដាក់ផែនការផ្តោតសំខាន់លើសហគ្រាសធនតូច និងមធ្យម មកពីវិស័យបច្ចេកវិទ្យា ទូរគមនាគមន៍ សេវាថែទាំសុខភាព ភស្តុភារ និង អាហារនិងភេសជ្ជៈ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ផ្សារមូលបត្រកម្ពុជា (CSX) ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា «ជាមួយនឹងការលើកទឹកចិត្តផ្នែកពន្ធដែលរំពឹងថា នឹងបន្តនៅក្នុងឆ្នាំ២០២២ យើងបានព្យាករណ៍ថា នឹងមានមូលបត្រកម្មសិទ្ធិចំនួន៥ និងមូលបត្របំណុលចំនួន៣ ចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ហើយតម្លៃជួញដូរនឹងបន្តកើនឡើងស្របពេល ដែលមានមូលបត្រកាន់តែច្រើនចុះបញ្ជីជួញដូរក្នុងទីផ្សារ»

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CSX បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែមករានេះថា ក្រុមហ៊ុនទាំងនេះ គឺជាក្រុមហ៊ុនក្នុងស្រុក ហើយក្រុមហ៊ុនខ្លះក៏មានភាគហ៊ុនពីបរទេសផងដែរ ដែលក្រុមហ៊ុនបានទាំងនេះ បាននិងកំពុងធ្វើការជាមួយ CSX ដែលពួកគេអាចនឹងបញ្ចប់និតិវិធីរៀបចំខ្លួនរួចរាល់នៅឆ្នាំ២០២២នេះ ដើម្បីឈានដល់ការចុះបញ្ជីជាផ្លូវនៅផ្សារមូលបត្រកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ CSX បន្តថា ក្នុងការពង្រីក និងពន្លឿនការអភិវឌ្ឍទីផ្សារមូលធន នៅប្រទេសកម្ពុជា យុទ្ធសាស្ត្រស្នូល គឺធ្វើយ៉ាងណាត្រូវបង្កើនការផ្គត់ផ្គង់ និងតម្រូវការនៅក្នុងទីផ្សារ។ ដើម្បីបង្កើនការផ្គត់ផ្គង់ផលិតផលមូលបត្រ នៅក្នុងផ្សារមូលបត្រកម្ពុជា CSX បានផ្តោតលើយុទ្ធសាស្ត្រ ទី១ បង្កើនចំនួនការចុះបញ្ជីមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល ដែលមានស្រាប់ដោយផ្តោតសំខាន់ លើសហគ្រាសធនតូច និងមធ្យម មកពីវិស័យបច្ចេកវិទ្យា ទូរគមនាគមន៍ សេវាថែទាំសុខភាព ភស្តុភារ និង អាហារនិងភេសជ្ជៈ ដែលកំពុងតែមានកំណើន និងទី២ គឺ ការបង្កើតប្រភេទផលិតផលមូលបត្រថ្មី ដើម្បីចុះបញ្ជីនៅក្នុងទីផ្សារ ដែលផលិតផលថ្មីៗ ដែលគ្រោងនឹងបង្កើតឡើង នៅក្នុងឆ្នាំ២០២២នេះ មានដូចជា មូលបត្របំណុលរដ្ឋាភិបាល គម្រោងវិនិយោគរួម (CIS) ក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុន ដែលមានស្រាប់ដោយមិនចាំបាច់បោះផ្សាយភាគហ៊ុនថ្មី ការចុះបញ្ជីក្រុមហ៊ុនមេ រួមជាមួយផលិតផលថ្មីៗផ្សេងទៀត៕