(ភ្នំពេញ)៖ ផ្សារមូលបត្រកម្ពុជា (CSX) បានបង្ហាញសមិទ្ធផលរបស់ខ្លួន ក្នុងឆ្នាំ២០២១ ដោយមានការចុះបញ្ជីក្រុមហ៊ុន នៅលើទីផ្សារមានកំណើនជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ បើទោះបីជាឆ្នាំមានការរីករាលដាលនៃជំងឺកូវីដ១៩។

តាមសេចក្តីប្រកាសព័ត៌មានរបស់ CSX បានឱ្យដឹងថា ទោះបីមានការបិទខ្ទប់មួយរយៈកាលពីដើមឆ្នាំ២០២១ ក៏ដោយបញ្ជីក្រុមហ៊ុនថ្មីៗ និងបន្តប្រតិបត្តិការជួញដូរទាំងឡាយដូចធម្មតា ។

CSX បានបញ្ជាក់ថា «ក្នុងឆ្នាំ ២០២១ ផ្សារមូលបត្រកម្ពុជា បានចុះបញ្ជីក្រុមហ៊ុននៅលើទីផ្សារកំណើនជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រដែលក្រុមហ៊ុនមាននិមិត្តសញ្ញាមូលបត្រ DBDE ហើយក៏បានចុះបញ្ជីមូលបត្របំណុលសាជីវកម្មឯកជនជាលើកដំបូងបង្អស់ផងដែរ គឺមូលបត្របំណុលរបស់ក្រុមហ៊ុន ថែលកូថេក (Telcotech) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប(Royal Group)»

ការចុះបញ្ជីមូលត្រកម្មសិទ្ធិ DBDE នេះ បានប្រមូលមូលធនជាង១៥ប៊ីលានរៀល ចំណែកក្រុមហ៊ុនTelcotech វិញបានប្រមូលមូលធនចំនួន ៨០ប៊ីលានរៀល។

គួរកត់សម្គាល់ផងដែរថា បរិមាណ និងតម្លៃជួញដូរភាគហ៊ុនជាមធ្យមនៅលើផ្សារមូលបត្រកម្ពុជានៅក្នុងឆ្នាំ២០២១ បានបំបែកកំណត់ត្រាខ្ពស់បំផុតចាប់តាំងពីបើកដំណើរទីផ្សារ គឺមានចំនួន២៣៤ ៦២៨ ភាគហ៊ុន និងប្រមាណ១ប៊ីលានរៀល រៀងគ្នាក្នុងមួយថ្ងៃ បើធ្វើការប្រៀបធៀបនឹងឆ្នាំ២០២០ ទំហំ និងបរិមាណ និងតម្លៃជួញដូរ ជាមធ្យម មានការកើនឡើងប្រមាណ៤០០% និង ១២៧% រៀងគ្នា។ កំណើនទាំងនេះជាសញ្ញាណនៃការបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

រីឯចំនួនគណនីជួញដូរនៅCSX បានកើនឡើងជាង៤ពាន់គណនីក្នុងឆ្នាំ២០២១ ពោលគឺឡើងដល់ជាង៣០.០០០គណនី។ លើសពីនេះទៅទៀតចំនួនអ្នកមានគណនីជួញដូរចល័ត (MTS) សរុបក៏បានកើនឡើងប្រមាណ ៧ ០០០ គណនីផងដែរ ហើយចំនួននៃការបញ្ជាទិញតាមរយៈ MTS វិញបានកើនឡើងពី ១២.៥ម៉ឺនបញ្ហាដល់ ៤៧,៧ម៉ឺនបញ្ហា ដែលជាកំណើន ២៨១% បើប្រៀបទៅនឹងឆ្នាំ២០២០។ នេះបង្ហាញពីភាពជោគជ័យក្នុងការធ្វើឱ្យល្អប្រសើរឡើងនូវការជួញដូរតាមរយៈប្រព័ន្ធឌីជីថលនៅ CSX៕