(ញូវយ៉ក)៖ ធនាគារ Goldman Sachs បានឱ្យដឹងថា តម្លៃប្រេងឆៅប្រទេស Brent អាចកើនឡើងដល់ខ្ពស់ជាង ១០០ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំនេះ ដោយសារទីផ្សារប្រេងនៅខ្វះខាតប្រេងច្រើននៅឡើយ ខណៈដែលផលប៉ះពាល់លើតម្រូវការដោយសារវីរុសថ្មីអូមីក្រុង មានតិចជាងការរំពឹងទុក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្រុមអ្នកវិភាគរបស់ធនាគារ Goldman Sachs បានឱ្យដឹងក្នុងកំណត់ហេតុមួយកាលពីថ្ងៃចន្ទថា ផលប៉ះពាល់លើតម្រូវការប្រេងដោយសារវីរុសថ្មីអូមីក្រុង នឹងទំនងជាប៉ះប៉ូវដោយសារការងាកចេញពីការប្រើឧស្ម័នទៅប្រើប្រេងវិញ ការអាក់ខានការផ្គត់ផ្គង់ ការធ្លាក់ចុះផលិតកម្មរបស់ក្រុមប្រទេស OPEC+ និងផលិតកម្មមិនបានតាមការគ្រោងទុកក្នុងប្រទេសប្រេស៊ីល និងប្រទេសន័រវែស។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្រូវការប្រេងពិភពលោកត្រូវបានគេមើលឃើញកើនឡើង ៣,៥លានបារ៉ែលក្នុងមួយថ្ងៃនៅ ឆ្នាំ២០២២ ធៀបនឹងឆ្នាំ២០២១ ដោយតម្រូវការប្រេងនៅត្រីមាសទី៤ ឆ្នាំ២០២១ កើនឡើងដល់ ១០១,៦លានបារ៉ែលក្នុងមួយថ្ងៃ។

ធនាគារ Goldman រំពឹងថា ស្តុកប្រេងរបស់ក្រុមប្រទេសដែលជាសមាជិករបស់អង្គការ OECD នឹងធ្លាក់ចុះដល់កម្រិតទាបបំផុតគិតចាប់ពីឆ្នាំ២០០០មកនៅរដូវក្តៅខាងមុខ ហើយក្រុមប្រទេស OPEC+ ត្រៀមទម្លាក់ផលិតកម្មដល់កម្រិតទាបបំផុតក្នុងប្រវត្តិសាស្រ្ត ដោយសារកង្វះការខួងអណ្តូងប្រេងក្នុងប្រទេសជាសមាជិករបស់អង្គការ OPEC និងប្រទេសរុស្ស៊ី។

ក្រុមអ្នកវិភាគទាំងនេះបានឱ្យដឹងថា៖ «យើងរំពឹងថាការកើនឡើងផលិតកម្មរបស់ក្រុមប្រទេស OPEC+ នឹងធ្លាក់ចុះ ហើយអាចធ្លាក់ចុះដល់តិចជាងកូតាទៀតផងក្នុងឆ្នាំ២០២២ ដោយមានការរំពឹងថានឹងកើនឡើងតែ ២,៥លានបារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះពីការដំឡើងផលិតកម្ម ៩លើកបន្ទាប់ខាងមុខ»។

ធនាគារនេះក៏បានលើកឡើងពីការរំពឹងថានឹងមានការកើនឡើងផលិតកម្មប្រេងក្នុងប្រទេសអ៊ីរ៉ង់ផងដែរនៅត្រីមាសទី២ ឆ្នាំ២០២៣ ដោយលើកឡើងពីវឌ្ឍនភាពទាក់ទងនឹងការចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។

ធនាគារ Goldman មើលឃើញថា តម្លៃប្រេងប្រភេទ Brent នឹងកើនឡើងដល់ ៩០ដុល្លារក្នុងមួយបារ៉ែលនៅត្រីមាសទី១ ឆ្នាំ២០២២ ដល់់ ៩៥ដុល្លារនៅត្រីមាសទី២ ឆ្នាំ២០២២ និង ១០០ដុល្លារនៅពីរត្រីមាសចុងក្រោយក្នុងឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

នៅថ្ងៃអង្គារ ប្រេងឆៅប្រភេទ Brent ត្រូវបានជួញដូរក្នុងតម្លៃ ៨៧ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅប្រភេទ West Texas Intermediate (WTI) មានតម្លៃ ៨៥ដុល្លារក្នុងមួយបារ៉ែល។

ក្រុមអ្នកវិភាគទាំងនេះបានឱ្យដឹងថា៖ «យើងមិនកំពុងព្យាករថា នឹងមានការជួញដូរប្រេងឆៅតម្លៃលើ ១០០ដុល្លារក្នុងមួយបារ៉ែលដោយសារការអស់ប្រេងនោះទេ ដោយសារធនធានប្រេងថ្មសែលនៅមានច្រើននៅឡើយ»៕