(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយប្រកាសពីការពន្យារពេល អនុវត្តការប្រមូលអាករលើតម្លៃបន្ថែម (VAT) ចំពោះប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក រហូតដល់ខែមេសា ឆ្នាំ២០២២។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ។

តាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការអនុវត្តប្រមូលអាករលើតម្លៃបន្ថែម (VAT) ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ ត្រូវធ្វើឡើងចាប់ពីខែមករា ឆ្នាំ២០២២តទៅ ប៉ុន្តែពេលនេះត្រូវបានពន្យារពេលរហូតដល់ខែមេសា ឆ្នាំ២០២២វិញ។ការពន្យារពេលនេះ គឺដើម្បីទុកពេលវេលាគ្រប់គ្រាន់ដល់អ្នកជាប់ពន្ធ ក្នុងការស្វែងយល់ឱ្យកាន់តែច្បាស់លាស់ អំពីពន្ធនេះ។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា «អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ អ្នកជាប់ពន្ធ អនិវាសនជន ដែលធ្វើការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិកចូលមកព្រះរាជាណាចក្រកម្ពុជា និងអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលទទួលការផ្គត់ផ្គង់ ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ពីអ្នកជាប់ពន្ធអនិវាសនជន ទាំងអស់ជ្រាបថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចពន្យារកាលបរិច្ឆេទកំណត់ដាក់ឱ្យអនុវត្ត ប្រកាសលេខ ៥៤២ សហវ.ប្រក ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ស្តីពីវិធាននិងនីតិវិធី នៃការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដើម្បីទុកពេលវេលាគ្រប់គ្រាន់ ដល់អ្នកជាប់ពន្ធក្នុងការស្វែងយល់ឱ្យកាន់តែច្បាស់លាស់ និងត្រៀមខ្លួនចូលរួមអនុវត្តប្រកាសនេះឱ្យមានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ តទៅ»

អគ្គនាយកដ្ឋានពន្ធដារបានបន្ថែមថា ក្នុងអំឡុងពេលនៃការពន្យារពេលអនុវត្តនេះ អ្នកជាប់ពន្ធអនិវាសនជន ដែលធ្វើការផ្គត់ផ្គង់ទំនិញ ឌីជីថល ឬសេវាឌីជីថល តាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចូលមកកម្ពុជា ត្រូវរួសរាន់មកចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) ឱ្យបានរួចរាល់ស្រេចបាច់ មុនថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។

ក្នុងករណីដែលអ្នកជាប់ពន្ធអនិវាសនជន មិនបានចុះបញ្ជី ឬមិនបានមក ធ្វើបច្ចុប្បន្នភាពព័ត៌មាន ឬមិនបានដាក់លិខិតប្រកាស និងបង់ប្រាក់អាករលើតម្លៃបន្ថែម ជូនអគ្គនាយកដ្ឋានពន្ធដារឱ្យបានទាន់ពេលវេលា ត្រូវទទួលរងទោសទណ្ឌ ដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន៕