(តូក្យូ)៖ បើទោះជាឥណ្ឌូនេស៊ីបានបន្ធូរបន្ថយខ្លះ នូវការហាមឃាត់ការនាំចេញធ្យូងថ្មរបស់ខ្លួនក្តី ក៏ការកើនឡើងសម្ពាធលើតម្លៃធ្យូងថ្មនឹងបន្តកើតមាន ដោយសារតែវានៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេថា តើនៅពេលណាដែលស្ថានភាពនឹងវិលត្រលប់មករកធម្មតាវិញ។ នេះបើយោងតាមកាសែត Channel News Asia។

ប្រទេសនាំចេញធ្យូងថ្មពិភពលោកធំបំផុតក្នុងពិភពលោកនេះ បានដាក់ចេញការហាមឃាត់ការនាំចេញនៅថ្ងៃទី១ ខែមករា ខណៈដែលស្តុកនៅរោងចក្រអគ្គិសនីមានកម្រិតទាបខ្លាំង។

ប៉ុន្តែមានសេចក្តីរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ នឹងអនុញ្ញាតឱ្យកប៉ាល់ដឹកធ្យូងថ្មចំនួន៣៧ ចាកចេញពីកំពង់ផែនៅក្នុងសញ្ញាមួយដែលបង្ហាញថា ប្រទេសនេះកំពុងបន្ធូរបន្ថយការហាមឃាត់ការនាំចេញរបស់ខ្លួន។

កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Kazuhiro Ikebe ប្រធានសម្ព័ន្ធក្រុមហ៊ុនថាមពលអគ្គិសនី (FEPC) របស់ប្រទេសជប៉ុនថា៖ «ដោយសារឥណ្ឌូនេស៊ីគឺជាប្រទេសនាំចេញធ្យូងថ្មធំមួយ នឹងមានការកើនឡើងសម្ពាធលើតម្លៃធ្យូងថ្ម តែវាអាស្រ័យលើថាតើអ្វីៗនឹងវិលត្រលប់ទៅរកភាពប្រក្រតីវិញលឿនប៉ុណ្ណា»។

តម្លៃធ្យូងថ្មនៅផ្សារ ICE Newcastle បានកើនឡើងដល់កម្រិតខ្ពស់បំផុតគិតចាប់តាំងពីខែតុលា ឆ្នាំ២០២១មក ដោយកើនឡើងជាង ៥០ដុល្លារក្នុងមួយតោនគិតចាប់ពីដើមឆ្នាំ២០២២មក។

លោក Ikebe ដែលក៏ជាប្រធានក្រុមហ៊ុន Kyushu Electric Power ផងដែរនោះ បានថ្លែងថា ក្រុមហ៊ុនរបស់លោកបច្ចុប្បន្ននេះមិនទិញធ្យូងថ្មពីប្រទេសឥណ្ឌូនេស៊ីឡើយ ប៉ុន្តែក្រុមហ៊ុនកំពុងព្យាយាមពង្រីកប្រភេទធ្យូងថ្មដែលក្រុមហ៊ុនអាចប្រើប្រាស់ផងដែរ ដើម្បីធានាបាននូវការផ្គត់ផ្គង់ប្រកបដោយស្ថិរភាពក្នុងករណីដែលប្រទេសផ្សេងទៀតអនុវត្តវិធានការស្រដៀងគ្នានេះ។

លោកមានប្រសាសន៍ថា៖ «មានប្រភេទធ្យូងថ្មមួយចំនួនដែលមិនអាចប្រើប្រាស់ ឬមិនសាកសមនឹងប្រើប្រាស់សម្រាប់រោងចក្រដុតធ្យូងថ្ម ប៉ុន្តែយើងកំពុងព្យាយាមពង្រីកជម្រើសធ្យូងថ្មដែលអាចប្រើប្រាស់បានតាមរយៈការផ្សំប្រភេទធ្យូងថ្មនានាបញ្ចូលគ្នា»។

ក្រុមហ៊ុនអគ្គិសនី Okinawa Electric Power បានទិញប្រហែលពាក់កណ្តាលនៃធ្យូងថ្មរបស់ខ្លួនពីប្រទេសឥណ្ឌូនេស៊ី។

លោក Hiroyuki Motonaga ប្រធានក្រុមហ៊ុន Okinawa Electric Power បានប្រាប់កាសែតកាសែត Channel News Asia ថា៖ «យើងពិតជាបារម្ភដោយសារកប៉ាល់របស់យើងត្រូវបានកាត់ផ្តាច់ដោយដារការហាមខាត់»៕