(ប៉េកាំង)៖ ប្រទេសចិននឹងបញ្ចេញស្តុកប្រេងពីស្តុកយុទ្ធសាស្រ្តជាតិរបស់ខ្លួនក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែកុម្ភៈ ជាផ្នែកនៃផែនការដែលត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិកជាមួយប្រទេសប្រើប្រាស់ប្រេងផ្សេងទៀត ដើម្បីកាត់បន្ថយតម្លៃប្រេងសកល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រភពដែលបានដឹងពីការពិភាក្សារវាងប្រទេសប្រើប្រាស់ប្រេងឆៅធំទាំងពីក្នុងពិភពលោកនេះបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ប្រទេសចិនបានយល់ព្រមនៅចុងឆ្នាំ២០២១ ដើម្បីបញ្ចេញស្តុកប្រេងក្នុងបរិមាណមិនជាក់លាក់ដោយអាស្រ័យលើកម្រិតតម្លៃ។

ប្រភពមួយបានថ្លែងដោយមិនផ្តល់ព័ត៌មានលម្អិតថា៖ «ប្រទេសចិនបានយល់ព្រមបញ្ចេញបរិមាណប្រេងកាន់តែច្រើន បើប្រេងឡើថ្លៃលើ ៨៥ដុល្លារក្នុងមួយបារ៉ែល និងបញ្ចេញកាន់តែតិចបើតម្លៃប្រេងស្ថិតនៅជិតកម្រិត ៧៥ដុល្លារក្នុងមួយបារ៉ែល»។

ប្រភពដដែលនេះបានឱ្យដឹងទៀតថា ការបញ្ចេញស្តុកប្រេងដោយប្រទេសចិននេះ នឹងធ្វើឡើងក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន។ ប្រទេសចិននឹងបិទដំណើរការសកម្មភាពសេដ្ឋកិច្ចធំៗដើម្បីអបអរពិធីបុណ្យប្រចាំឆ្នាំធំបំផុតនេះចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី៦ ខែកុម្ភៈ។

រដ្ឋបាលស្តុកបម្រុងយុទ្ធសាស្រ្តជាតិចិនមិនបានឆ្លើយតបទៅនឹងការស្នើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័របានភ្លាមៗទេ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីខែវិច្ឆិកាថា ការយល់ព្រមបញ្ចេញស្តុកប្រេងដោយប្រទេសចិននេះ គឺជាលទ្ធផលនៃការចរចាជាច្រើន ដែលរដ្ឋបាលរបស់លោកប្រធានាធិបតិអាមេរិក Joe Biden បានធ្វើឡើងជាមួយប្រទេសប្រើប្រាស់ប្រេងធំៗ បន្ទាប់ពីការផ្គត់ផ្គង់ដែលមានកម្រិត បានជំរុញឱ្យតម្លៃប្រេងកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលច្រើនឆ្នាំ។

ប្រេងឆៅប្រភេទ Brent របស់អង់គ្លេសត្រូវបានជួញដូរក្នុងតម្លៃ ៨៤,៧៩ដុល្លារក្នុងមួយបារ៉ែល ហើយប្រេងឆៅប្រភេទ West Texas Intermediate របស់អាមេរិកមានតម្លៃ ៨២,២៣ដុល្លារក្នុងមួយបារ៉ែល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕